(ភ្នំពេញ)៖ នៅវេលាម៉ោង៥៖០៥នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាម៉ោងសូន្យរបស់បក្សសង្គ្រោះជាតិ គឺជាពេលដែលបក្សប្រឆាំងមួយត្រូវបានរំលាយតាមផ្លូវច្បាប់ ក្រោមអំណាចសាលក្រមតុលាការកំពូល និងបានសម្រេចផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំចំពោះក្បាលម៉ាស៊ីនបក្សចំនួន១១៨នាក់ផងដែរ។
ការរំលាយបក្សសង្គ្រោះជាតិដែលមានសារជាតិពិសពុលនិងជាកូនជឹងបរទេសបំផ្លាញកម្ពុជា គឺជាការសម្រេចចិត្ត និងជាការទទួលខុសត្រូវខ្ពស់ចំពោះមុខប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការសម្រេចចិត្តនេះ ក៏ត្រូវដើរជាមួយនឹងការសុខចិត្តស៊ូទ្រាំឲ្យមនុស្សខ្លះ រួមទាំងបរទេសដ៏ពិសពុលផងបន្តជេរប្រមាថ ក៏ប៉ុន្តែដាច់ខាតមិនឲ្យមាតុភូមិកម្ពុជា ដ៏កំសត់មួយនេះធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មី ក្រោមឧបាយកលខ្មៅងងិតរបស់ជនណាមួយឡើយ។ នៅពេលដែលប្រជាជនកម្ពុជាទាំងអស់បន្តរស់នៅក្នុង សន្តិភាព និងការអភិវឌ្ឍន៍ នោះពេលវេលានឹងអាចបញ្ជាក់បាននូវ«តម្លៃនៃការសំរេចចិត្តដ៏មោះមុតនិងត្រឹមត្រូវនៅថ្ងៃនេះ»។
ចំពោះកម្ពុជា ការវះជំងឺមហារីកដ៏គ្រោះថ្នាក់ គឺមិនមែនមានន័យថា ធ្វើឲ្យមានពិការភាពលើផ្នែកណាមួយទេ ក៏ប៉ុន្តែ នេះគឺជាការខិតខំទាន់ពេលវេលាក្នុងការសង្គ្រោះជីវិតមនុស្សទាំងមូល និងធ្វើឲ្យសុខភាពប្រជាជនបានកាន់តែល្អប្រសើរឡើង។ ដូចគ្នាដែរ សេចក្តីសម្រេចរបស់តុលាការកំពូល គឺមិនបានធ្វើឲ្យឈាមអ្នកណាមួយតំណក់ស្រក់នោះទេ។ បើក្រឡេកទៅមើលមេរៀនដ៏គ្រោះថ្នាក់នៃបដិវត្តន៍ពណ៌ ដែលកើតឡើងពីការលូកដៃគាំទ្រពីបរទេសនិងអនុវត្តដោយក្រុមប្រឆាំងជ្រុលនិយម គឺបានធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទាំ ឈាមហូរ មនុស្សស្លាប់យ៉ាងអាណោចអធ័ម និងបង្ករការវេទនាខ្លោចផ្សារដល់មនុស្សជាតិជាច្រើនរួមទាំងកុមារ។
ចាប់តាំងពីនៅមុនពេលនៃការរំលាយនិងក្រោយពេលការរំលាយគណបក្សសង្គ្រោះជាតិ គឺ«បរទេស» មុខដដែលៗបានចេញមុខថ្លែងសារពីចម្ងាយពីនាយជើងមេឃ ទាមទារឲ្យរាជរដ្ឋាភិបាលប្តូរជំហរកុំរំលាយបក្សនេះ និងដោះលែង កឹម សុខា ដោយគ្មានលក្ខខ័ណ្ឌ។ តែសំឡេងនេះ គ្មានន័យ និងគ្មានឥទ្ធិពលចំពោះកម្ពុជាដែលជារដ្ឋឯករាជ្យនិងអធិបតេយ្យនោះទេ។ កម្ពុជា គ្មានច្បាប់ដែលចែងឲ្យដោះលែងជនជាប់ចោទ ឬទណ្ឌិតដោយគ្មានលក្ខខ័ណ្ឌនោះទេ។
ហេតុអ្វី «បរទេសខ្លះ» ព្យាយាមទប់ស្កាត់ការរំលាយបក្សសង្គ្រោះជាតិតាមផ្លូវច្បាប់? ពេលនេះ យើងត្រូវហ៊ាននិយាយត្រង់ៗអំពីចរិតបរទេស ដែលជាប់ពាក់ព័ន្ធ និងនៅពីក្រោយភាពពិសពុល នៃបក្សប្រឆាំង គឺបក្សសង្គ្រោះជាតិដែលរលាយទៅហើយនោះ៖
ទី១៖ «បរទេស» ៖ គឺជាឆ្មបបង្កើតបក្សសង្គ្រោះជាតិ និងជាឳម៉ែ របស់បក្សមួយនេះ។ ថវិកាសម្រាប់ទ្រទ្រង់បក្ស និងការចិញ្ចឹមសកម្មភាពរបស់បក្សប្រឆាំងមួយនេះ គឺបរទេសជាអ្នកផ្តល់ឲ្យ។ បក្សនេះទទួលជំនួយពីក្នុងស្រុកបានតិចតួចណាស់ ហើយគ្រប់គ្រងមិនច្បាស់លាស់ផង។ ករណីប្រមូលលុយសម្រាប់ធ្វើទូរទស្សន៍ គឺជាឧទាហរណ៍ជាក់ស្តែងស្រាប់ ដែលបង្ហាញនូវការកិបកេង រលាយបាត់បង់ និងគ្មានការទទួលខុសត្រូវ។ ដូច្នេះ ច្បាស់ណាស់លុយទ្រទង់ គឺមកពីប្រភពបរទេស។
ទី២៖ «បរទេស» ៖ គឺជាព្រលឹងរបស់បក្សសង្គ្រោះជាតិ។ ដូច្នេះហើយ ដែលសកម្មជននិងមេដឹកនាំបក្សនេះ មោទនភាពនឹងលើកទង់ជាតិបរទេសដាក់ពីលើក្បាល។ ករណីនេះ គឺច្បាស់ណាស់ ប្រសិនបើយើងរំលឹកពីសម្តី កឹម សុខា ដែលនិយាយថា «អ្វីៗមិនធ្វើដោយចិត្តឯង គឺមានបរទេសជួយសរសេរកម្មវិធីនយោបាយឲ្យ មានគ្រូបរទេសបង្រៀនរបៀបផ្តួលរំលំជាដើម…»។
ទី៣៖ «បរទេស» ៖ ប្រើប្រាស់បក្សសង្គ្រោះជាតិ ជាឧបករណ៍សម្រាប់ការធ្វើតុល្យភាពនយោបាយ ក្នុងភូមិសាស្ត្រនយោបាយក្រោយសង្គ្រាមត្រជាក់ប៉ុណ្ណោះ។ គោលដៅពិតប្រាកដរបស់បរទេសគឺ គេប្រឆាំងឥទ្ធិពលមហាអំណាចចិន។ គេមិនជល់ផ្ទាល់ជាមួយមហាអំណាចចិន គេបែរជាប្រើប្រាស់កម្ពុជា ជាឈ្នាន់សម្រាប់ជាន់ឡើងជល់នយោបាយជាមួយ ចិន ទៅវិញ។ កម្ពុជា ពិតជាអភ័ព្វណាស់ ដែលអ្នកនយោយបាយមួយក្រុមក្នុងបក្សប្រឆាំងឱនក្បាលឲ្យបរទេសប្រើជាឈ្នាន់ ហើយបំភ័ន្តប្រជាជនឯងថា ស្នេហាជាតិ។
ទី៤ ៖ យើងត្រូវហ៊ាននិយាយត្រង់ៗថា «មនោគមន៍វិជ្ជាបរទេស» ដែលអាចចូលមកសាបព្រួសក្នុងប្រទេសកម្ពុជាបានគឺតាមរយៈបក្សសង្គ្រោះជាតិ និងតាមអ្វីដែលហៅថា «សេរីភាព និង ប្រជាធិបេតេយ្យ»។ ទាំងនេះជាមធ្យោបាយរបស់គេ។ ហេតុដូច្នេះហើយ បានជានៅពេលដែលបក្សសង្គ្រោះជាតិរលាយ បរទេស ខំស្រែកស្ទើភ្លាត់សំឡេងថា «ជាទីបញ្ចប់នៃប្រជាធិបតេយ្យ»។ ការពិតគឺមិនមែនជាទីបញ្ចប់នៃប្រជាធិបេតយ្យនៅកម្ពុជា តែសម្រែកនេះមានន័យថា៖ «អាយ៉ងរបស់គេរលាយហើយ»។ បរទេសកំពុងបន្តសាបព្រួសទស្សនៈបំភ័ន្តតទៅទៀត។ លើការជាក់ស្តែង បរទេសមិនខ្វល់ពីកម្ពុជា មិនខ្វល់ពីស្ថាប័នកម្ពុជា មិនខ្វល់ពីអង្គហេតុឬភស្តុតាង និងទិដ្ឋភាពច្បាប់ដែល តុលាការសម្រេចនោះទេ។ អ្វីដែលបរទេសខ្វល់ គឺរកវិធីយ៉ាងណាប្រស់កូនជឹងរបស់ខ្លួនឲ្យមានជីវិតឡើងវិញ។ នេះជាសារជាតិពិតរបស់បរទេសដែលយើងអាចយល់បាន និងត្រូវតែបន្តប្រុងប្រយ័ត្ន។
តើអ្វីគឺជាគោលដៅពិតប្រាកដនៃវោហាសាស្ត្រប្រជាធិបតេយ្យរបស់បរទេស? សម្រាប់បរទេសដែលជាឆ្មបនិងជាឳម៉ែរបស់បក្សប្រឆាំង គឺច្បាស់ណាស់ថា៖ «បើបក្សប្រឆាំងមិនឈ្នះឆ្នោត គឺនៅតែគ្មានប្រជាធិបតេយ្យ»។ នេះជាអ្វីដែលបរទេសកំពុងបន្តបំភ័ន្តប្រជាជនកម្ពុជា។ មហិច្ឆតាជាគោលដៅធំរបស់គេគឺច្បាស់ណាស់ ដរាបណាគេផ្តួលគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព ក្នុងនោះរួមទាំងតាមរយៈការធ្វើបដិវត្តន៍ពណ៌ផងនោះ ទើបគេថា មានប្រជាធិបតេយ្យ។ នេះហើយសារជាតិពិសពុលរបស់បរទេស ដែលយើងទាំងអស់គ្នាយល់ច្បាស់ និងត្រូវបន្តប្រុងប្រយ័ត្ន។
ទី៥៖ នៅក្នុងវោហាសាស្ត្រទុច្ចរិតរបស់បរទេសដែលស្រែកគំរាមអំពីទំនាក់ទងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តើនេះជាការលើកកាំបិតសម្លាប់អ្នកណាពិតប្រាកដ? ពិតណាស់ បើនិយាយអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីប្រជាជន គឺគេនឹងខិតខំនិយាយអំពីគុណភាពផលិតផល សេវា និងបរិយាកាសធុរកិច្ច ដើម្បីបម្រើផលប្រយោជន៍នៃការលក់ទិញទៅវិញទៅមកស្មើគ្នា។ ប៉ុន្តែ បរទេសខ្លះដែលជាឳម៉ែបក្សសង្គ្រោះជាតិ ពិតជាកំពុងព្យាយាមយកសេដ្ឋកិច្ចជាតិធ្វើជាចំណាប់ខ្មាំងនយោបាយរបស់គេ ដោយគេគ្មានព្រួយបារម្ភអ្វីទាំងអស់អំពីជីវភាពរបស់ប្រជាជនកម្ពុជាទាំងមូល ដែលនៅក្នុងនោះ ក៏មានអ្នកបោះឆ្នោតឲ្យបក្សប្រឆាំងផងដែរ ដែលរងគ្រោះដោយសារនយោបាយពិសពុលនេះ។ នេះជារឿងអយុត្តិធម៌ណាស់សម្រាប់ប្រជាជនកម្ពុជា១៥លាននាក់ សម្រាប់រាជរដ្ឋាភិបាល និងសម្រាប់ស្ថាប័នព្រះមហាក្សត្រ នៃរដ្ឋអធិបតេយ្យមួយ។
ការពិត ស្ថានការណ៍នៅប្រទេសកម្ពុជា គឺយើងល្អជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ដែលបាន «ព្យួរចោលនូវប្រជាធិបតេយ្យ និងបានផ្អាកការបោះឆ្នោត» ទៅហើយនោះផង។ តើមានបរទេសណាមួយទៅស្រែកនៅប្រទេសនោះទេ? គឺគ្មានទេ!។ ដូច្នេះ តើជាប្រជាធិបតេយ្យ ឬជាកលល្បិចនយោបាយ គឺមានតែប្រជាជនកម្ពុជា ដែលអាចយល់បាន តាមរយៈការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្ររបស់យើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ តើពេលនោះ បរទេសចូលមកដើម្បី ប្រជាធិបតេយ្យ ឬជាការឈ្លានពាន ឬជាការបង្កើតភ្លើងសង្គ្រាម និងបង្កើតរបបវាលពិឃាត? មេរៀនខ្លោចផ្សាពីការជ្រែកជ្រែករបស់បរទេសទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់ប្រជាជនកម្ពុជា។
ឥឡូវនេះ សង្គ្រោះជាតិ ក្លាយជា«ខ្មោច»ហើយ។ សូមប្រជាជនកម្ពុជាទាំងអស់ចងចាំថា បរទេសក៏មិនទាន់បោះបង់ផែនការទុច្ចរិតប្រែក្លាយ «ខ្មោច»នេះឲ្យទៅជា «ខ្មោចឆៅ» ជា«អាប» និងជា«បីសាច» ដ៏អប្រិយ ដើម្បីបន្តប្រើប្រាស់ជាឧបករណ៍យាយីសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាតទៅទៀតនោះទេ។ សូមប្រជាជនកម្ពុជាចងចាំ និងសូមមេត្តាការពារកុំឲ្យ «ខ្មោច អាប» របស់បរទេស បំផ្លាញកម្ពុជាឲ្យសោះ។ មនោគមន៍វិជ្ជាពិសពុលបរទេស គឺប្រែមកថា «សម្លាប់»៕
ដោយ៖ សេនាជាតិ