(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងក្នុងតំបន់ គឺ Forte Insurance ចូលរួមនៅក្នុងមូលនិធិសម្រាប់អាជីវកម្មបែបឌិជីថល (SADIF) របស់ក្រុមហ៊ុន Smart ក្នុងនាមជាសហវិនិយោគិន ដើម្បីជួយរួមចំណែកជំរុញសេដ្ឋកិច្ចបែបឌីជីថល របស់កម្ពុជាឲ្យកាន់តែប្រសើរបំផុត។

លើសពីនេះ ក្រុមហ៊ុនចំនួនបីដំបូងគេ ដែលទទួលបានមូលនិធិវិនិយោគមួយចំណែក ពីគម្រោងមូលនិធិទុនវិនិយោគ ៥លានដុល្លារ របស់ក្រុមហ៊ុន Smart ដែលក្នុងនោះ រួមមាន៖ ក្រុមហ៊ុន ដឹកជញ្ជូន «ជូនអ្នក» (Joonaak Delivery Co., Ltd) ជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ផ្ដល់ដំណោះស្រាយផ្នែកដឹកជញ្ចូន និងភស្តុភារ ក្រុមហ៊ុន «មរកត ថេកណឡជី» (Morakot Technology) ដែលបង្កើតកម្មវិធីធនាគារ និងក្រុមហ៊ុនជំនាញបោះពុម្ពបែប 3D គឺ Aniwaa ដែលក្រុមហ៊ុនទាំងបីនេះ គឺត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិយោគរបស់មូលនិធិ។

មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល (SADIF) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និងគ្រប់គ្រងដោយក្រុមហ៊ុនផ្ដល់ប្រឹក្សា និងវិនិយោគ ដែលមានឈ្មោះហៅថា Mekong Strategic Partners (MSP)។ មូលនិធិនេះត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៧នេះ ដើម្បីវិនិយោគ និងផ្ដល់ចំណេះដឹងផ្នែកយុទ្ធសាស្ត្រ ទៅដល់អាជីវកម្មបែបឌីជីថល ប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា ដែលនេះគឺបានប្ដេជ្ញាថា នឹងជួយលើកកម្ពស់សហគ្រិនដែលមានឆន្ទៈច្បាស់លាស់ ហើយមូលនិធិនេះ នឹងផ្ដល់មូលនិធិចាំបាច់ សម្រាប់គាំទ្រទៅដល់ឧស្សាហកម្ម ICT ដែលបាននឹងកំពុងមានការលូតលាស់យ៉ាងឆាប់រហ័ស។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងថា៖ «យើងមានសេចក្តីរីករាយ និងសូមស្វាគមន៍ចំពោះដៃគូថ្មីរបស់យើង គឺក្រុមហ៊ុន Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ជោគជ័យ និងមានភាពច្នៃប្រឌិតបំផុតនៅកម្ពុជា។ ភាពជាដៃគូថ្មីនេះនឹងជួយផ្ដល់នូវជំនាញពិសេសបន្ថែមទៀតដល់ក្រុមការងាររបស់ SADIF។ ការមានសមាជិកភាពចម្រុះនៅក្នុងជួរគណៈកម្មការវិនិយោគ នឹងធ្វើឲ្យមូលនិធិនេះកាន់តែរឹងមាំ ពោលគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់វិស័យឌីជីថល»។

លោក ថូម៉ាស ហ៊ុន បន្ថែមថា៖ «បន្ទាប់ពីបានចំណាយពេលជាច្រើនខែ ដើម្បីត្រួតពិនិត្យឲ្យបានល្អិតល្អន់លើបេក្ខជននានា យើងមានក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវក្រុមហ៊ុនចំនួនបី គឺក្រុមហ៊ុន «ជូនអ្នក» «មរកត» និង Aniwaa ក្នុងនាមជាក្រុមហ៊ុនដំបូងគេ ដែលទទួលបានមូលនិធិពីគម្រោង SADIF ។ ក្រុមហ៊ុន Smart ដើរតួនាទីស្នូល ក្នុងការផ្លាស់ប្តូរវិស័យឌីជីថលនៅកម្ពុជា ឲ្យកាន់តែប្រសើរបំផុត ហើយយើងរងចាំធ្វើការជាមួយនឹងក្រុមហ៊ុនថ្មីៗទាំងនេះ ដើម្បីអភិវឌ្ឍ និងជំរុញអាជីវកម្មបែបឌីជីថលរបស់គេ។ ខ្ញុំកំពុងរងចាំ ចង់ឃើញការវិនិយោគទាំងនេះ លេចចេញជារូបរាង!»។

ក្រុមហ៊ុន Forte ជាក្រុមហ៊ុននាំមុខគេក្នុងឧស្សាហកម្មធានារ៉ាប់រង ចាប់តាំងពីឆ្នាំ ២០០៣ និងត្រូវបានទទួលស្គាល់ចំពោះផលិតផលឯកទេស និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញ តាមសេចក្តីត្រូវការ របស់ទីផ្សារក្នុងស្រុក ។ លោក Charles Cheo នាយកប្រតិបត្តិក្រុមហ៊ុន Forte បានលើកឡើងថា៖ «យើងកំពុងរួមសហការជាមួយនិងក្រុមហ៊ុន Smart និង MSP នៅក្នុងមូលនិធិ សម្រាប់អាជីវកម្មបែបឌីជីថល ពីព្រោះយើងមានជំនឿចិត្តថា សេដ្ឋកិច្ចបែបឌីជីថល របស់កម្ពុជា នឹងមានការលូតលាស់នៅប៉ុន្មានឆ្នាំខាងមុខនេះ។ ជាមួយនិងការក្លាយជាសហវិនិយោគិនបន្ថែម នៅក្នុងមូលនិធិ SADIF លោក Mervyn Cheo ដែលជានាយកប្រតិបត្តិរបស់ Forte Investment Holdings នឹងចូលរួមជាតំណាង នៅក្នុងគណៈកម្មការវិនិយោគរបស់មូលនិធិនេះ»។

ក្រុមហ៊ុន «ជូនអ្នក» «មរកត»និង Aniwaa ជាក្រុមហ៊ុនទទួលទុនវិនិយោគដំបូងគេ ដែលត្រូវបានជ្រើសរើសដោយ Smart និង MSP ដោយផ្អែកលើអាជីវកម្មនាពេលបច្ចុប្បន្នរបស់ខ្លួន និងសក្ដានុពលនៃការរីកចំរើននាថ្ងៃអនាគត។ លោក គឹម បូរ៉ា ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន MSP បានថ្លែងថា៖ «យើងស្វែងរកអាជីវកម្មទាំងឡាយណា ដែលការផ្ដល់មូលនិធិនេះ អាចមានលទ្ធផលជាវិជ្ជមានភ្លាមៗ ហើយទីផ្សារមានភាពចាស់ទុំ សម្រាប់បច្ចេកវិទ្យា ដែលកំពុងតែលូតលាស់។ ក្រុមហ៊ុនទាំងបី ដែលក្លាយជាជយលាភីនៅជុំនេះ ស្ថិតក្នុងជំហរដ៏ល្អ ដែលនឹងអាចបោះជំហានទៅមុខ ហើយយើងមានជំនឿថា ការវិនិយោគ ក៏ដូចជាធាតុចូលផ្នែកយុទ្ធសាស្ត្រ និងការគាំទ្រការអភិវឌ្ឍន៍អាជីវកម្ម ពីក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និង MSP នឹងជួយជំរុញឲ្យក្រុមហ៊ុនទាំងបីនេះ កាន់តែមានការរីកចំរើនបន្ថែមទៀត»។

ក្រុមហ៊ុន «ជូនអ្នក» ផ្ដល់ការគាំទ្របែបឌីជីថល ដល់អាជីវកម្មលក់រាយ ក៏ដូចជាការស្តុកទំនិញ ការដឹកជញ្ជូន និងសេវាគាំទ្រអតិថិជន នៅក្នុងមជ្ឈដ្ឋានពាណិជ្ជកម្មអេឡិកត្រូនិក ដែលកាន់តែមានភាពប្រកួតប្រជែងនៅកម្ពុជា។ លោក ចាយ គង់ នាយកប្រតិបត្តិក្រុមហ៊ុន «ជូនអ្នក» បានថ្លែងថា៖ «យើងមានសេចក្តីរំភើប ក្នុងការចាប់ផ្ដើម ធ្វើការជាមួយនឹងក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និងក្រុមហ៊ុន MSP ដើម្បីជួយអភិវឌ្ឍអាជីវកម្មរបស់យើង ត្រង់ចំណុចដែលយើងមិនអាចធ្វើទៅបានដោយខ្លួនឯង។ តម្លៃនៃការវិនិយោគ ចេញពីភាពជាដៃគូនេះ
ដែលបានពីក្រុមហ៊ុនដែលមានភាពច្នៃប្រឌិត និងមានចក្ខុវិស័យច្បាស់លាស់ គឺមិនមែនកំណត់ត្រឹមតែការផ្ដល់មូលនិធិប៉ុណ្ណោះឡើយ បើទោះបីជាមូលនិធិមានសារសំខាន់ធំធេងក៏ដោយចុះ»។
«មរកត» ជាក្រុមហ៊ុនផ្ដល់ការគាំទ្របែបឌីជីថល និងកម្មវិធី software ដែលផ្ដោតលើការគាំទ្រប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការផ្ដល់មូលនិធិពី SADIF នឹងជួយដល់ក្រុមហ៊ុននេះ ក្នុងការស្វែងរកទីផ្សារថ្មីនៅក្នុងតំបន់អាស៊ាន ដែលស្ថាប័នផ្ដល់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុទាំងនោះ បាននឹងកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នា នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែរ។
លោក ឃួន សុភ័ត នាយកប្រតិបត្តិក្រុមហ៊ុន «មរកត» បានថ្លែងថា៖ «ក្រោយពីបានធ្វើការងារលើវិស័យមីក្រូហិរញ្ញវត្ថុ ខ្ញុំបានកត់សម្គាល់ឃើញថា ប្រតិបត្តិការមានការរាំងស្ទះដោយសារតែកង្វះកម្មវិធី ដែលសមស្រប និងមានតម្លៃសមរម្យ ដើម្បីយកទៅប្រើក្នុងការជួយគាំទ្រដល់មន្ត្រីឥណទាន និងប្រតិបត្តិការផ្នែកខាងក្នុង។ ក្រុមហ៊ុន មរកត បានចាប់ផ្ដើមផ្ដល់ដំណោះស្រាយបញ្ហានេះ ជាមួយនឹងកម្មវិធី Software នានា ដែលយើងមានជំនឿថា នឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មផ្សេងៗនិងប្រទេសដទៃទៀតដែរ»។

ក្រុមហ៊ុន «Aniwaa» ដែលគ្រប់គ្រងគេហទំព័រប្រៀបធៀបម៉ាស៊ីនបោះពុម្ព 3D ធំជាងគេបំផុតមួយក្នុងពិភពលោក ដែលគេហទំព័ររបស់ខ្លួនមានអ្នកចូលប្រើប្រាស់រាប់ពាន់អ្នក ជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកផលិតផលបោះពុម្ព3D និងផលិតផល បច្ចេកវិទ្យាថ្មីៗឲ្យបានត្រូវ។ ក្រុហ៊ុននេះ បានងាកមករកមូលនិធិ SADIF ដើម្បីជួយខ្លួនក្នុងការអភិវឌ្ឍគេហទំព័រសព្វថ្ងៃ ឲ្យក្លាយជាមូលដ្ឋានឌីជីថលលំដាប់ថ្នាក់ពិភពលោក។

លោក Martin Iansard នាយកប្រតិបត្តិក្រុមហ៊ុន ដែលបានបោះបង់មុខតំណែងនៅក្រុមហ៊ុន Google ដើម្បីបង្កើត និងដំណើរការក្រុមហ៊ុន «Aniwaa» នៅកម្ពុជា បានថ្លែងថា៖ «ជាមួយនឹងការបញ្ចូលទុនបន្ថែម ក៏ដូចជាបណ្ដាញ និងចំណេះដឹងពី SADIF យើងក៏នឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឲ្យកាន់តែមានភាពប្រសើរបំផុត»។ លោកបន្ដថា ពិសេសនឹងនាំមក នូវព័ត៌មានទាក់ទងទៅនិង បច្ចេកវិទ្យាផ្នែករឹង (hardware) ដែលទំនើបទាន់សម័យបំផុត សម្រាប់អ្នកដែលមានចំណូលចិត្តផ្នែកបច្ចេកវិទ្យា ហើយមានចំណាប់អារម្មណ៍ខ្ពស់លើការវវិវត្តន៍ថ្មីៗចុងក្រោយ៕