(ហ្ស៊ីមបាវេ)៖ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ យោធាជាតិរបស់ប្រទេស ហ្ស៊ីមបាវេ បានប្រមូលផ្តុំគ្នាជុំវិញរដ្ឋធានី Harare ព្រមទាំងបានគ្រប់គ្រងរាល់ប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ទូទាំងប្រទេស និងតំបន់ផ្សេងទៀត។ នៅថ្ងៃទី១៥ ខែវិច្ឆិកា យោធាទាំងនោះបានចេញសេចក្តីថ្លែងការណ៍ថា នេះមិនមែនជាការធ្វើរដ្ឋប្រហារនោះទេ ចំណែកប្រធានាធិបតី Robert Mugabe មានសុវត្ថិភាព បើទោះបីជាស្ថានភាពមិនអាចវិលត្រឡប់ទៅវិញដូចដើមវិញ បន្ទាប់ពីពួកគេបានចាប់ខ្លួន រាល់ឧក្រិដ្ឋជនដែលជាមនុស្សជំនិតនឹងលោក Mugabe ដែលបានបង្កវិបត្តិសេដ្ឋកិច្ច និងសង្គមក្នុងប្រទេស ហ្ស៊ីមបាវេ។
ការធ្វើរដ្ឋប្រហារនេះត្រូវបានធ្វើឡើង ខណៈដែលមានភាពតានតឹងរវាងអតីតអនុប្រធានាធិបតី Emmerson Mnangegwa ដែលមានយោធានៅពីក្រោយ និងស្ត្រីទីមួយរបស់ ហ្ស៊ីមបាវេ លោកស្រី Grace Mugabe ដែលមានក្រុមសម្ព័ន្ធ G40 នៅពីក្រោយ។ លោកស្រីត្រូវបានគេរំពឹងថា អាចជាអ្នកបន្តដំណែងពីប្រធានាធិបតី Mugabe ដែលជាស្វាមីរបស់លោកស្រីផ្ទាល់។
ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីអតីតអនុប្រធានាធិបតី Mnangagwa ត្រូវបានបណ្តេញចេញពីដំណែងបង្ខំឱ្យនិរទ្ទេសខ្លួនចេញទៅក្រៅប្រទេស និងក្នុងរយៈពេលមួយថ្ងៃមុន ពេលយោធាត្រូវបានដាក់ពង្រាយក្នុងរដ្ឋធានី Harare នោះ លោកឧត្តមសេនីយ៍ Constantino Chiwenga បានធ្វើសេចក្តីថ្លែងការណ៍ថា សកម្មភាពវិសុទ្ធកម្មទៅលើមន្ត្រីជាន់ខ្ពស់ ដូចជាលោក Mnagagwa ជាដើមត្រូវតែបញ្ចប់។
ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេស ហ្ស៊ីមបាវេ៖
១៖ ដំណើររឿងនៃការឈានទៅរកការធ្វើរដ្ឋប្រហារ ក្នុងសប្តាហ៍ដំបូងនៃខែតុលា ឆ្នាំ២០១៧ ភាពតានតឹងរវាងអនុប្រធានាធិបតី Emmerson Mnangagwa និងស្ត្រីទីមួយរបស់ហ្ស៊ីមបាវេ លោកស្រី Grace Mugabe បានផ្ទុះឡើងដោយសារការប្រជែងគ្នា ដើម្បីបន្តដំណែងពីលោក Robert Mugabe ក្នុងនាមជាប្រធានាធិបតី ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះមុខសាធារណជន។
លោកអនុប្រធានាធិបតី Mnangagwa ធ្លាប់ជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Mugabe ចាប់តាំងពីសម័យសង្គ្រាមទាមទារឯករាជ្យក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ អនុប្រធានាធិបតីរូបនេះ បានឱ្យដឹងថា លោកត្រូវបានគេបំពុលដោយថ្នាំពុល ក្នុងអំឡុងនៃវិបត្តិនយោបាយក្នុងខែសីហា ឆ្នាំ២០១៧ ដែលបង្កឡើងដោយប្រធានាធិបតីតែម្តង ហើយលោកត្រូវបានគេដាក់អុកស៊ីសែន បញ្ជូនទៅមន្ទីរពេទ្យអាហ្វ្រិកខាងត្បូង ដើម្បីសម្រាកព្យាបាល។ យ៉ាងនេះក្តី លោកនៅតែប្តេជ្ញាស្មោះត្រង់ចំពោះបក្ស ZANU-PF ព្រមទាំងប្រធានាធិបតី Mugabe។
ដោយឡែកលោកស្រី Grace Mugabe បានបដិសេធការអះអាងថា លោកស្រីជាអ្នកបញ្ជាឱ្យបំពុល ដោយចាត់ទុកថា ជារឿងគួរឱ្យអស់សំណើច។ ជាមួយគ្នានេះដែរ លោក Phelekezela Mphoko អនុប្រធានាធិបតីហ្ស៊ីមបាវេ បានរិះគន់ជាសាធារណៈទៅលើ លោក Mnangagwa ថា ការលើកឡើងរបស់អនុប្រធានាធិបតីរូបនេះ អំពីឧប្បត្តិហេតុកាលពីខែសីហា គឺជាការប៉ុនប៉ង ដើម្បីធ្វើឱ្យប្រទេសជាតិ ច្របូកច្របល់ ទម្លាក់អំណាចប្រធានាធិបតី និងដើម្បីបំបែកបំបាក់បក្ស ZANU-PF ។
ចំណែកស្ត្រីទីមួយរបស់ហ្ស៊ីមបាវេ លោកស្រី Grace Mugabe នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានថ្លែងសុន្ទរកថា វាយប្រហារ លោក Mnangagwa ថា អ្នកគាំទ្ររបស់លោកស្រី តែងតែទទួលបានការគំរាមកំហែងថា ប្រសិនបើលោក Mnangagwa មិនបានស្នងតំណែងពីលោក Mugagbe ទេនោះ ពួកគាំទ្រទាំងនោះនឹងត្រូវគេសម្លាប់ ហើយថា ក្រុមគាំទ្រ លោក Mnangagwa គ្រោងនឹងធ្វើរដ្ឋប្រហារផងដែរ។
នៅព្រឹត្តិការណ៍ប្រមូលផ្តុំមួយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ លោកប្រធានាធិបតី Mugagbe បានស្ដីបន្ទោសទៅលើលោក Mnangagwa ជាសាធារណៈ ជាលើកដំបូង។ ហើយនៅក្នុងការប្រមូលផ្តុំដដែលនេះ លោកស្រី Grace បានហៅអនុប្រធានាធិបតីរូបនេះថា ជា «អ្នកគ្រោងធ្វើរដ្ឋប្រហារ និង ជនកំសាក»។
នៅថ្ងៃទី០៦ ខែវិច្ឆិកា ប្រធានាធិបតីហ្ស៊ីមបាវេ បានសម្រេចបណ្តេញអនុប្រធានាធិបតីរូបនេះ ចេញពីដំណែង។ សេចក្តីថ្លែងការណ៍មួយពីសំណាក់រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Simon Khaya Moyo បាននិយាយថា លោក Mnangagwa បានបង្ហាញភាពមិនស្មោះត្រង់ ការគោរព និងមិនអាចជឿទុកចិត្តបានរហូតមក។ លោក Mnangagwa បានភៀសខ្លួនចេញពីប្រទេស ដើម្បីនិរទេសខ្លួន ប៉ុន្តែបានប្តេជ្ញាថានឹងត្រឡប់មកវិញ ហើយអំពាវនាវឱ្យសមាជិកបក្ស ZANU- PF ឈប់គាំទ្រប្រធានាធិបតីរូបនេះតទៅទៀត។
បន្ទាប់ពីការនិរទេសខ្លួន អ្នកគាំទ្ររបស់លោកជាងមួយរយនាក់ ត្រូវបានក្រុមអ្នកគាំទ្ររបស់លោកស្រី Grace កំណត់គោលដៅដើម្បីដាក់ទណ្ឌកម្ម។
ការបណ្តេញលោក Mnangagwa ជាកិច្ចការដ៏សំខាន់ដើម្បីបន្សល់ឱកាសដល់លោកស្រី Grace Mugabe និងបក្សពួក ក្លាយជាបេក្ខជនដ៏សំខាន់តែមួយគត់ ដែលអាចបន្តដំណែង ពីលោក Robert Mugabe ។ Mnangagwa គឺជាសម្ព័ន្ធមិត្តនយោបាយចុងក្រោយបំផុតរបស់លោក Mugagbe ដែលបាននៅជាប់ជាមួយប្រធានាធិបតីរូបនេះ តាំងពីសម័យឯករាជ្យក្នុងឆ្នាំ១៩៨០។ អនុប្រធានាធិបតីរូបនេះ ទទួលបានការគាំទ្រពីឧត្តមសេនីយ៍ជាច្រើនរូប នៅក្នុងជួរកងទ័ពហ្ស៊ីមបាវ៉េ ដែលបានប្រកាសជាសាធារណៈថា មានតែអ្នកតស៊ូក្នុងសង្គ្រាមដើម្បីឯករាជ្យភាពប៉ុណ្ណោះ ដែលគួរតែបានគ្រប់គ្រងប្រទេស។
ទោះបីជាលោកប្រធានាធិបតី Mugagbe ធ្លាប់ពឹងផ្អែកលើការគាំទ្រពីសំណាក់យោធាដើម្បីរក្សាអំណាចរបស់លោកនាពេលកន្លងមកក្តី ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបែរជាផ្លាស់ប្តូរអតីតយុទ្ធជនចាស់ៗ ដែលធ្លាប់តស៊ូក្នុងសម័យសង្រ្គាមឯករាជ្យ ហើយជំនួសវិញដោយពួកមន្ត្រីវ័យក្មេងដែលមិនបានប្រយុទ្ធនៅក្នុងសង្គ្រាមទាល់តែសោះ ដើម្បីទទួលបានដំណែងសំខាន់ៗក្នុងបក្ស។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា ដោយសារលោកស្រី Grace Mugabe មិនទទួលបានរគាំទ្រច្រើន ពីសំណាក់មន្រ្តីចាស់ ក្នុងបក្ស ZANU-PF ដែលសល់ពីសម័យសង្រ្គាមរំដោះជាតិនោះទេ។
នៅថ្ងៃចន្ទទី១៣ ខែវិច្ឆិកាកន្លងទៅនេះ មេបញ្ជាការយោធាហ្ស៊ីមបាវ៉េ លោកឧត្ដមសេនីយ៍ Constantino Chiwenga បានរៀបចំសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការយោធា ដោយលោកបានធ្វើសេចក្តីថ្លែងការណ៍ថា នឹងមានការធ្វើអន្តរាគមន៍ដោយកម្លាំងយោធា ប្រសិនបើសម្ព័ន្ធមិត្តនយោបាយក្នុងសម័យប្រវត្តិសាស្រ្ត នៅតែបន្តជាគោលដៅចាប់ខ្លួន។ លោកបានហៅទង្វើថ្មីៗនេះថា «ជារឿងហួសហេតុ» ហើយបាននិយាយថា យោធានឹង «មិនស្ទាក់ស្ទើរក្នុងការបោះជំហានទៅមុខឡើយ» ប្រសិនបើវាចាំបាច់ដើម្បីការពារ បដិវត្តហ្ស៊ីមបាវេ។
លោកឧត្តមសេនីយ៍រូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមសន្និបាតគណបក្ស ZANU-PF ក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដើម្បីប្រើប្រាស់សិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ហើយថា គណបក្សនេះត្រូវបានជ្រៀតជ្រែកដោយបដិវត្តន៍។ លោកក៏បានលើកឡើងផងដែរថា ការរំលោភបំពាន និងការបោសសំអាតនៅក្នុងបក្ស ZANU-PF បាននាំទៅដល់ ភាពវឹកវរ បង្កឱ្យគ្មានការអភិវឌ្ឍក្នុងប្រទេសនេះអស់រយៈពេលប្រាំឆ្នាំ ។
២៖ ប្រតិកម្ម
លោក Nelson Chamisa អនុប្រធានចលនាដើម្បីផ្លាស់ប្តូរទៅរកប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់ក្នុងប្រទេស ហ្ស៊ីមបាវេ បានទាមទារនូវសន្តិភាព ធម្មនុញ្ញភាព ប្រជាធិបតេយ្យ ផ្តល់អំណាចដល់ច្បាប់ និងជីវិតមនុស្សជាធំ បន្ទាប់ពីរដ្ឋប្រហារបានកើតឡើង។ ចំណែកលោក Chris Mutsvangwa មេដឹកនាំសមាគមទាហានជើងចាស់ សេរីភាពជាតិប្រចាំប្រទេស ហ្ស៊ីមបាវេ និងជាសម្ព័ន្ធមិត្តរបស់លោក Mnagagwa បានលើកសរសើរលោកឧត្តមសេនីយ៍ Constantino Chiwenga ដែលបានលុបបំបាត់ បំពានអំណាចដ៏ធំធេង ដោយគ្មានការបង្ហូរឈាម និងសង្ឃឹមថា យោធាទាំងនោះនឹងពង្រឹងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងស្តារប្រទេសឱ្យក្លាយជាប្រជាជាតិគំរូដ៏រីកចម្រើន។
៣៖ ទស្សនៈអ្នកវិភាគ
លោក Derek Matyszak អ្នកវិភាគពីវិទ្យាស្ថានសិក្សាសន្តិសុខ បានបញ្ជាក់ថា ការដាក់ពង្រាយរថក្រោះនៅតាមដងផ្លូវនៃប្រទេស ហ្ស៊ីមបាវេ ជារឿងដ៏កម្រមួយ ហេតុនេះវត្ថមាននៃ យោធាទាំងនេះ អាចបញ្ជាក់បានថា ប្រទេស ហ្ស៊ីមបាវេ កំពុងឈានទៅរកដំណាក់កាលថ្មីមួយ។ សេចក្តីសម្រេចរបស់យោធា មិនមែនជាទង្វើខុសឆ្គងនោះទេ ការធ្វើរដ្ឋប្រហារបែបនេះ គឺដើម្បីបញ្ជៀសក្រុមប្រឆាំង កុំឱ្យប្រមូលផ្តុំដើម្បីធ្វើសកម្មភាពឥតសណ្តាប់ធ្នាប់ណាមួយតែប៉ុណ្ណោះ។
៤៖ ការឃុំឃាំងក្នុងលំនៅដ្ឋាន
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma បានឱ្យដឹងថា លោក Rober Mugabe បច្ចុប្បន្នត្រូវបានស្ថិតក្នុងការឃុំឃាំងក្នុងលំនៅដ្ឋានពីសំណាក់យោធាហ្ស៊ីមបាវេ។ លោក Mugabe បានប្រាប់ដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូងរូបនេះ តាមរយៈការហៅទូរសព្ទថា លោកមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែលោកមិនអាចចេញទៅក្រៅលំនៅដ្ឋានរបស់លោកបាននោះទេ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា