(ភ្នំពេញ)៖ សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រង ការបង្រៀនភាសាបារាំង ជាង១០នាក់ តំណាងមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ បានចូលរួមក្នុងវគ្គ សិក្ខាសាលាការសាកល្បងសៀវភៅ ណែនាំលើការវាយតម្លៃគុណភាពអប់រំនាចុងសប្តាហ៍កន្លងទៅនេះនៅឯមជ្ឈមណ្ឌល សិក្សាស្រាវជ្រាវ ហ្វ្រង់កូហ្វូនភ្នំពេញ។ លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ និងសិក្ខាកាមមកពីសាកលវិទ្យាល័យ ជាសមាជិកនៃទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង (AUF) និងអង្គការភាពញញឹមនៃកុមារ (PSE) ដែលកំពុងតែលើកស្ទួយគុណភាពក្នុង ការបង្រៀនភាសាបារាំង។
សិក្ខាសាលានេះរៀបចំឡើងដោយ AUF និងដឹកនាំដោយលោក ទ្រិញ វ៉ាន់មិញ នាយកដេប៉ាតឺម៉ង់បារាំង នៃសាកលវិទ្យាល័យហាណូយ និងជាប្រធានគណៈកម្មការឯកទេសតំបន់ និងលោកស្រី ឡេធី មិញហុង ប្រធានគំរោង AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
សៀវភៅណែនាំនេះ បង្ហាញនូវការតំរង់ទិសចាំបាច់សំខាន់ៗ ក្នុងការកំណត់និងអនុវត្តន៍ដំណើរការវាយតម្លៃគុណភាពលើគំរោងបណ្តុះបណ្តាលនៅក្នុងគ្រឹះស្ថាន ជាសមាជិក នៃសន្និសីទសាកលវិទ្យាធិការ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក (CONFRASIE)។ នេះជាឯកសារដែលបង្កើតឡើងជាច្រើនដំណាក់កាល ខុសគ្នាដែលឆ្លុះបង្ហាញនូវដំណើរការយ៉ាងពេញលេញមួយ ក្នុងការដាក់ឲ្យមានដំណើរការវាយតម្លៃគុណភាពការកំណត់នយោបាយគុណភាព នៅក្នុងការផ្តល់នូវសេវាបណ្តុះបណ្តាលណាមួយចាប់តាំងពីការ ចាប់ផ្តើមរហូតដល់ការវាយតម្លៃបញ្ចប់វគ្គ។
ចំណុចគោល សំខាន់ៗត្រូវបានលើកមកសិក្សាលំអិតក្នុងសិក្ខាសាលានេះដូចជាគំរោងអភិវឌ្ឍន៍ស្ថាប័នការវិភាគលើស្ថានភាពជាក់ស្តែង នៃដេប៉ាតឺម៉ង់ភាសាបារាំង ក្នុងបរិស្ថានរបស់ខ្លួន ការផ្តល់នូវការបណ្តុះបណ្តាលនានា ការជ្រើសរើសនិស្សិតការវាយតម្លៃការបង្រៀន និងរៀន និងការតាមដានបន្តចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សា ធនធាននៅតាមដេប៉ាតឺម៉ង់បារាំង និងសមាសភាពដឹកនាំជាដើម។ល។
លើសពីសៀវភៅណែនាំនេះ ស្ថាប័ននឹងត្រូវធ្វើយ៉ាងណាធានានូវការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពដើម្បីទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត មានវិធានការណ៍កែតម្រូវប្រកបដោយគំនិតច្នៃប្រឌិត ឬបង្កើតថ្មីដែលត្រូវដាក់ឲ្យដំណើរការក្នុងការធ្វើឲ្យប្រសើរឡើងក្នុងសេវាពង្រឹងស្ថាប័ន និងគុណភាពលើគ្រប់សកម្មភាពបណ្តុះបណ្តាលដែលស្ថាប័ន៕