ព័ត៌មានរសើប! ស្ថានទូតរុស្ស៊ីនៅអេស្ប៉ាញ «ទាត់ចោលការផ្សាយព័ត៌មានថា រុស្ស៊ីជាអ្នកដុតស្ថានការណ៍នៅតំបន់ Catalonia»
11-11-2017 10:55
(ម៉ាឌ្រីត)៖ ស្ថានទូតរុស្ស៊ីប្រចាំនៅអេស៉្បាញ បានធ្វើការរិះគន់ខ្លាំងៗ លើព័ត៌មានមិនពិតប្រាកដ ផ្សព្វផ្សាយដោយសារព័ត៌មានអេស៉្បាញ El Pais ចោទប្រកាន់ថា រុស្ស៊ីបានចូលជ្រៀតជ្រែក ក្នុងស្ថានការណ៍វិវឌ្ឍន៍ នៅតំបន់ កាតាឡាន់ (Catalonia)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ស្ថានទូតខាងលើបានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «វានៅតែជារឿងដែលគួរឲ្យភ្ញាក់ផ្អើល ដែលសារព័ត៌មានអេស៉្បាញមួយចំនួន បានចែកចាយពាក្យចចាមអារ៉ាម ដែលចោទរុស្ស៊ីថា បានជ្រៀតជ្រែកក្នុងតំបន់ Catalonia។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ពុំបានជួយឲ្យមិត្តអ្នកអាន មើលឃើញពីវិធីដោះស្រាយពិត និងមានប្រសិទ្ធភាព សម្រាប់បញ្ហានៃសហគមន៍ស្វយ័តនេះឡើយ»។
នាពេលថ្មីៗនេះ សារព័ត៌មាន El Pais បានផ្សព្វផ្សាយអត្ថបទមួយចំនួន ស្តីពីការធ្វើសេចក្តីរាយការណ៍ដោយគ្មានតម្លាភាព របស់សារព័ត៌មានរុស្ស៊ី ជុំវិញស្ថានការណ៍នៅទីក្រុងបាសេឡូណា ដែលជារដ្ឋធានីរបស់តំបន់ Catalonia ព្រមទាំងពាក្យចចាមអារ៉ាមនៃការគាំទ្រ ចំពោះការទាមទារឯករាជ្យរបស់តំបន់នេះ ធ្វើឡើងដោយក្រុម Hacker រុស្ស៊ី។
គួរបញ្ជាក់ថា Catalonia បានធ្វើការបោះឆ្នោតប្រជាមតិមួយ ដើម្បីទាមទារឯករាជ្យភាព កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ដោយអ្នកចូលរួម ៩០ភាគរយ បានបង្ហាញការគាំទ្រ។ ដោយឡែក រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានបដិសេធមិនទទួលស្គាល់ ភាពស្របច្បាប់នៃការបោះឆ្នោត ឬក៏លទ្ធផលឆ្នោតឡើយ។
យ៉ាងណាមិញ កាលពីថ្ងៃទី២៧ ខែកក្កដា សភាតំបន់ Catalonia បានសម្រេចប្រកាសឯករាជ្យដោយឯកតោភាគី ដែលប្រការនេះបានធ្វើឲ្យព្រឹទ្ធសភាអេស៉្បាញ ឆ្លើយតបវិញតាមរយៈការអនុញ្ញាត ឲ្យទីក្រុងម៉ាឌ្រីតប្រើសិទ្ធគ្រប់គ្រងដោយផ្ទាល់ទៅលើតំបន់ស្វយ័តនេះ។ ក្រោយមកទៀត រដ្ឋាភិបាលអេស៉្បាញ ក៏បានរំលាយរដ្ឋាភិបាលព្រមទាំងសភា Catalonia ចោល ហើយបានកំណត់ឲ្យមានការបោះឆ្នោតមុនកាលកំណត់ នាថ្ងៃទី២១ ខែធ្នូខាងមុខ៕