(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀន និងផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ បានសហការប្រតិបត្តិការ ចុះពួនស្ទាក់លបឆ្មក់បង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៧នាក់ ដកហូតបានថ្នាំញៀន១៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំល្មម និងម៉ូតូ៣គ្រឿង ក្នុង៣ករណីផ្សេងគ្នា ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៧នាក់ ខាងលើនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី៧ រហូតមកដល់យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើ កំណាត់ផ្លូវកែវចិន្ដា ស្ថិតក្នុងភូមិ៣ និងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរថ្នាំញៀនទាំង៧នាក់នេះដែរ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោមការណែនាំពីអធិការនគរបាលខណ្ឌលោក សៀម សុត្ថាវុធ ដើម្បីឲ្យកម្លាំងជុំនាញ ផ្នែកអន្តរាគមន៍ និងផ្នែកគ្រឿងញៀន សហការដាក់តាមគោលដៅ ត្រួតពិនិត្យបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខណ្ឌទាំងមូល ពិសេសធ្វើការត្រួតពិនិត្យបទល្មើសចរាចរផ្លូវគោក ដោយក្នុងជំហានដំបូងឃាត់ខ្លួនជនសង្ស័យ២នាក់រួមមមាន ១-ឈ្មោះ ចិន វិចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ ស៉ី ថារដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតបានថ្នាំញៀន៤កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ១DS-៦២៣៨។
លោកអធិការរងបន្តថា ករណីទី២ និងករណីទី៣ កម្លាំងនគរបាលបានបន្តសកម្មភាពសហការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ៤នាក់បន្ថែមទៀត ១-ឈ្មោះ ហាក់ អាលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើមាន់ ២-ឈ្មោះ សូត្រ សុវណ្ណរតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ដកហូតបានថ្នាំញៀន៧កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំល្មម និងដកហូតម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GG-៨១២៦ ៣-ឈ្មោះ ឈឿន មុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទី៤-ឈ្មោះ រស់ ចន្ធី ភេទប្រុស ជាអនិតិជន មុខរបរនៅផ្ទះ ដកហូតបានថ្នាំញៀន២កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាក សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម១J-២១៧៨។
បច្ចុប្បន្ន ក្រុមជនសង្ស័យពាក់ព័ន្ធបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង៧នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានបញ្ជូនមក កាន់អធិការដ្ឋានគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕