(ភ្នំពេញ)៖ អាមេរិកមិនដែលចេះទទួលថា ខ្លួនធ្វើខុសឬចាញ់ឡើយ។ នៅពេលអ្នកណាម្នាក់ចាប់កំហុសអាមេរិកបានដោយដេញទាន់ជាន់កែងដូចករណី កឹម សុខា និងរឿងគ្រាប់បែកគីមីនៅកម្ពុជាកន្លងទៅនេះ មហាអំណាចចក្រព័ត្រមួយនេះខ្មាស់គេណាស់ ដូចត្រូវបានគេសំរាតខោនៅកណ្តាលវាលយ៉ាងដូច្នោះ។ ដូច្នេះគេត្រូវតែរករឿងផ្សេងទៀតយកមកបិទបាំងភាពអាម៉ាសមួយនេះ ។
មធ្យោបាយបិទបាំងកេរ្តិ៍ខ្មាស់របស់អាមេរិក គឺវាយគេដោយត្រង់ៗនិងទាំងទទឹងទិសតែម្តង។ ការបញ្ឈប់ជំនួយអោយ CMAC នាំឱ្យសាធារណ:មតិមើលឃើញរិតតែច្បាស់ ថាប្រទេសធំមួយនេះកំពុងតែប្រើឧបាយកល «មើមការ៉ុត និង ដំបង» បានន័យថាដៃម្ខាងហុចនុយ ឯដែម្ខាងទៀតកាន់ដំបងយារចាំសំពងសម្លាប់។ ភាពគ្មានមនុស្សធម៌ក្នុងខ្លួនរបស់អាមេរិកលេចឡើងធ្លោកាន់តែច្បាស់ ។
នៅក្នុងប្រវត្តិសាស្ត្រអាមេរិកមិនចេះចាញ់គេទេ បើអ្នកណាហ៊ានរឹងទទឹង ឬធ្វើអោយអាមេរិកខ្មាស់គេ អ្នកនោះនឹងត្រូវបានហ៊ុពទ្ធ័ ផ្តាច់ជំនួយ បង្អត់បាយឬទទួលទណ្ឌកម្មផ្សេងទៀត ....រហូតឈានទៅដល់ការសម្លាប់ដល់ផ្ទះតែម្តង ។
ការដាក់ទណ្ឌកម្មដោយបញ្ឈប់ជំនួយនេះ គ្មានអ្វីថ្មីដែលគួរឱ្យចាប់អារម្មណ៍ទេ ហើយអាមេរិកនឹងបន្តធ្វើនូវអំពើអមនុស្សធម៌ថែមទៀត ដែលគេមិនអាចគិតស្មានដល់។ នៅពេលណាមួយនោះ ប្រទេសទន់ខ្សោយទ្រាំលែងបាននឹងតបស្នងដោយកាយវិការណាមួយ ឱ្យសមមុខអាមេរិកជាមិនខាន ។
មកសម្លាប់គេដល់ផ្ទះហើយ ទារឱ្យគេសងបំណុលចំពោះអំពើរបស់ខ្លួន និង ឱ្យគេជួយរកឆ្អឹងខ្មោចទាហានរបស់ខ្លនឱ្យខ្លួនថែមទៀត ពិតជាឃោរឃៅនិងគ្មានការខ្មាស់អៀនមែន។ ចំនួនទាហានខ្លួនឯងងាប់លើដីខ្មែរ រាប់បាននឹងម្រាមដៃសោះ ឯប្រជាពលរដ្ឋខ្មែរដែលស្លាប់ដោយដៃអ្នកឯងមានរាប់លាន ។
ខ្ញុំទាមទារឱ្យអាមេរិកស្វែងរកអដ្ឋិធាតុពលរដ្ឋខ្មែរដែលស្លាប់ដោយសារអាវុធអាមេរិក សងក្រុមគ្រួសារខ្មែរវិញ។ នេះទើបយុត្តិធម៌។ ដរាបណាអដ្ឋិធាតុពលរដ្ឋខ្មែរនៅតែបាត់ ឆ្អឺងខ្មោចទាហានអាមេរិកក៏ពុំគួរខិតខំស្វែងរកដែរ៕
ដោយ៖ អ្នករងគ្រោះម្នាក់ ដោយសារសង្គ្រាមចក្រព័ត្រ !!!