Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: នៅថ្ងៃនេះមានប្រធានគណបក្សឃុំ, ជំទប់ទី១, ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា​របស់​គណបក្សសង្រ្គោះជាតិ ចំនួន៧នាក់ ប្រកាសសុំចូលរួមជាមួយ CPP និងហៅលោក កឹម សុខា ជាជនក្បត់ជាតិ បម្រើឲ្យបរទេស

28-10-2017 20:57

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News ទទួលបានលិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់ប្រធានគណបក្ស ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា មកពីគណបក្សសង្គ្រោះជាតិចំនួន៧រូប ដោយពួកគេទាំងអស់ បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងហៅលោក កឹម សុខា ព្រមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាជនក្បត់ជាតិទៀតផង។

ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៦នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយ បក្សកាន់អំណាចនោះ រួមមាន៖

ទី១៖ ខេត្តកំពង់ស្ពឺម្នាក់ ប្រធានប្រតិបត្តិគណបក្សឃុំ និងជាជំទប់ទី២ ឃុំមានជ័យ ស្រុកឧដុង្គ
ទី២៖ ខេត្តកំពង់ចាមម្នាក់ សមាជិកក្រុមប្រឹក្សាឃុំស្រក ស្រុកកំពង់សៀម
ទី៣៖ ខេត្តបាត់ដំបង់ម្នាក់​ ​សមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង
ទី៤៖ ខេត្តកំពត៣នាក់ ប្រធានគណបក្សឃុំតាកែន ស្រុកទឹកឈូ, ជំទប់ទី១ ឃុំបឹងទូក ក្រុងកំពត និងសមាជិកក្រុមប្រឹក្សា សង្កាត់កំពង់បាយ ក្រុងកំពត
ទី៥៖ ខេត្តកំពង់ធំម្នាក់ សមាជិកក្រុមប្រឹក្សា​ឃុំប្រឡាយ ស្រុកសន្ទុក ខេត្តកំពងធំ។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននោះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ១៦រូបផងដែរ សម្រេចផ្លាស់ប្តូរជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ខេត្តកំពង់ធំចំនួន៤នាក់​, ខេត្តកំពង់ចាមមានចំនួន៣នាក់​, ខេត្តព្រះវិហារម្នាក់​, នៅខេត្តត្បូងឃ្មុំមានម្នាក់​​, នៅខេត្តកំពតមានម្នាក់, នៅខេត្តបន្ទាយមានជ័យ​មានម្នាក់, នៅខេត្តព្រៃវែងមាន​៣នាក់, នៅខេត្តឧត្តរមានជ័យមានម្នាក់ និងខេត្តក្រចេះមានម្នាក់​។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕