(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា អ្នកផលិតក្នុងស្រុកត្រូវតែផលិតនូវផលិតផលដែលមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកជាងទំនិញនាំចូលពីបរទេស។
លោករដ្ឋមន្រ្ដី បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលរួមបើកពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរនៅថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៧។
ដើម្បីសម្រេចបាននូវគោលបំណងក្នុងការទាក់ទាញពលរដ្ឋទាំងអស់ឲ្យងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយ លោក ប៉ាន សូរស័ក្តិ ក៏បានជំរុញឲ្យធ្វើយុទ្ធនាការមួយចំនួន៖
១៖ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងកិច្ចពិភាក្សា ដើម្បីជម្រាបដល់អ្នកផលិតឲ្យយល់ពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការជួយពង្រឹងផលិតកម្មក្នុងស្រុក ព្រមទាំងណែនាំឲ្យអ្នកផលិតយកចិត្តទុកដាកផលិតនូវទំនិញដែលមានគុណភាពល្អ ធានាបាននូវសុវត្ថិភាពប្រើប្រាស់ ការវេចខ្ចប់ មានសោភ័ណភាពទាក់ទាញ និងមានតម្លៃសមរម្យ។
២៖ ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងយុទ្ធនាការនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាទូរទស្សន៍ វិទ្យុ, កាសែត, បណ្ដាញសង្គម ដើម្បីឲ្យពលរដ្ឋមានការចាប់អារម្មណ៍ ទទួលស្គាល់ និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។
៣៖ រៀបចំកម្មវិធីពិភាក្សា និងជំនួបរវាងអ្នកផលិត និងអ្នកប្រើប្រាស់។
៤៖ ជ្រើសរើសផលិតផលខ្មែរ ដែលមានសក្ដានុពលមកតាំងបង្ហាញ និងដាក់លក់ជូនសាធារណៈជន។
សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថ្ងៃនេះ មានក្រុមហ៊ុនចូលរួមចំនួន ១៩៤ក្រុមហ៊ុន និងមានស្តង់លក់សរុបចំនួន ២០០ស្តង់ ហើយក្នុងនោះ ក៏មានរៀបចំសិក្ខាសាលា កម្មវិធីជំនួបពិភាក្សារវាងអ្នកផលិត-អ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ-អ្នកប្រើប្រាស់ផលិតផលខ្មែរ ព្រមទាំងការប្រគុំតន្ត្រី ដែលមានការចូលរួមសម្តែងពីសិល្បករ និងសិល្បការនីល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕