(ភ្នំពេញ)៖ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ សហគ្រិនជោគជ័យវ័យក្មេង និងជាស្ថាបនិកក្រុមហ៊ុនចំនួន៥ នៅកម្ពុជា បានលើកឡើង និងជំរុញយុវជនទាំងអស់ ដែលមានបំណងចង់បើកអាជីវកម្ម ឲ្យទទួលបានជោគជ័យគួរតែចងចាំនូវពាក្យពីរឃ្លានេះ គឺ «ទ្រាំអ្វីដែលអ្នកដទៃទ្រាំមិនបាន និងធ្វើអ្វីដែលអ្នកដទៃធ្វើមិនបាន» មានន័យថា នៅពេលដែលយើងអាចធ្វើ និងទ្រាំបាននោះ ឱកាសនឹងរត់មករក ហើយនេះជាផ្លូវឆ្ពោះ ទៅកាន់ភាពជោគជ័យ។
ថ្លែងក្នុងបទសម្ភាសន៍ ជាមួយបណ្ដាញសារព័ត៌មាន Fresh News ក្នុងកម្មវិធីសង្គម និងសេដ្ឋកិច្ច លោក ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បានឲ្យដឹងថា «មុននឹងបើកអាជីវកម្មផ្ទាល់ខ្លួន យុវជនគួរតែធ្វើការឲ្យគេ ដើម្បីដកបទពិសោធន៍សិន មានន័យថា ត្រូវធ្វើអ្វីដែលអ្នកដទៃធ្វើមិនបាន ទ្រាំអ្វីដែលអ្នកដទៃទ្រាំមិនបាន....សូមកុំឲ្យឱកាសកន្លងផុតទៅឲ្យសោះ ព្រោះដើម្បីឲ្យមានឱកាសទាល់ តែយកឱកាសទៅបង្កើតឱកាស»។
លោកបន្ដថា ប្រសិនបើយុវជនកំពុងស្ថិត ក្នុងការសិក្សាវិទ្យាល័យ ឬសាកលវិទ្យាល័យត្រឹមកម្រិតឆ្នាំទី១ ឬទី២ ត្រូវគិតឲ្យច្បាស់ថា តើយើងចង់បានអ្វី? ចង់ជោគជ័យកម្រិតណា? ចង់ជោគជ័យក្នុងផ្នែកអី? ប្រសិនបើការអនុវត្តន៍របស់យើងជួបភាពបរាជ័យ សូមកុំបាក់ទឹកចិត្ត និងបោះបង់ចោលឲ្យសោះ ត្រូវតែតស៊ូឡើងទ្វេដង ព្រោះការបោះបង់ចោល គឺជាកត្តាមួយដែលនាំឲ្យ បរាជ័យជារៀងរហូត។
លោកបានបញ្ជាក់ទៀតថា «យុវជនគួរតែធ្វើអ្វីដែល អ្នកដទៃធ្វើមិនបាន មានន័យថា ប្រសិនបើយុវជនកំពុងសិក្សាគួរតែខំប្រឹង ទៅធ្វើការងារស្ម័គ្រចិត្ត ឬការងារដែលពាក់ព័ន្ធ និងមុខជំនាញដែលកំពុងសិក្សា ដើម្បីជាគន្លឹះ និងជាគោលបន្ដិចបន្ដួច ក្នុងការទៅធ្វើការ ឬធ្វើអ្វីនៅថ្ងៃក្រោយ»។
លោកបន្ថែមទៀតថា មុននឹងបើកអាជីវកម្ម គួរតែសួរខ្លួនឯងជាមុនសិនថា តើខ្លួនយើងអាចតស៊ូកម្រិតណា? គោលដៅមានប៉ុណ្ណា? អ្វីដែលសំខាន់បំផុត គឺទីផ្សារ ការបើកអាជីវកម្ម ត្រូវតែយល់ឲ្យច្បាស់ពីទីផ្សារ ព្រោះដើម្បីឲ្យអាជីវកម្មដែលគ្រោងនឹងបើក ឬកំពុងតែបើកទទួលបានភាពជោគជ័យ។
សូមបញ្ជាក់ថា លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ បច្ចុប្បន្ននេះ ជាសហគ្រិនជោគជ័យមួយរូបនៅកម្ពុជា ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនចំនួន៥ នៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ CSS Real Estate LLC, ហាងបញ្ចាំមហាសេរី Pawn shop, Luxury Smile, ក្រុមហ៊ុនទទួលផលិតផលិតផលសម្ភស្ស និងជាម្ចាស់ហាងកាហ្វេ Monsne Café Cambodia៕