(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៦គ្រឿង រថយន្តតូច៥គ្រឿង, អ្នកថ្មើជើងម្នាក់ និងរយន្ដធុនធំ១គ្រឿង  ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ក្នុងខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦៥លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៧៣នាក់ របួសធ្ងន់ចំនួន១៥០នាក់ និងរបួសស្រាលចំនួន៦០នាក់៕