(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង រថយន្តតូច២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក និងបត់គ្រោះថ្នាក់១លើក។

សូមបញ្ជាក់ថា រយៈពេល២២ថ្ងៃ ក្នុងខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥៨លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៦៨នាក់ របួសធ្ងន់ចំនួន២០៤នាក់ និងរបួសស្រាលចំនួន៥៨នាក់៕