(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦៨ របស់គណកម្មការអង្គការសុខភាពពិភពលោកតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងប្រីសស្បែន ប្រទេសអូស្ត្រាលី អង្គការសុខភាពពិភពលោក បានប្រគល់លិខិតបញ្ជាក់ ពីការលុបបំបាត់ជំងឺត្រាក់កូម នៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលបានទទួលយកដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានគណៈប្រតិភូ នៃក្រសួងសុខាភិបាលតំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ។

លោកវេជ្ជបណ្ឌិត លូវ យ៉ុងហ្គ័រ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើង ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ថា ការទទួលបានលិខិតបញ្ជាក់នាពេលនេះ គឺបញ្ជាក់ពី សមិទ្ធផលថ្មីមួយទៀត ដែលសម្រេចបាននៅក្នុងវិស័យសុខាភិបាលកម្ពុជា។ ការចម្លងជំងឺត្រាក់កូម បង្កផលប៉ះពាល់ម្ដងហើយម្ដងទៀត ដល់កុមារ និងសហគមន៍ ក៏ដូចជាឈានទៅរកការងងឹតភ្នែក ដែលមិនអាចព្យាបាលបាន៕