(ភ្នំពេញ)៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ នេះ រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ជាបន្ទាន់មួយដើម្បីពិភាក្សា អំពីវិសោធនកម្មច្បាប់បោះឆ្នោតចំនួន ៤ ដែលស្នើដោយក្រុមតំណាងរាស្រ្ត ៤៣រូបមកពីគណបក្សប្រជាជនកម្ពុជាក្រោយពីក្រសួង មហាផ្ទៃបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលប្តឹងរំលាយគណបក្សសង្គ្រោះជាតិតាមសំណើរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ 

វិសោធនកម្ម ច្បាប់នេះរួមនឹងរបៀបវារៈ ៦ ផ្សេងទៀតនឹងត្រូវពិភាក្សា និងអនុម័តនៅក្នុងថ្ងៃដដែលនេះដែរនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ក្រោយប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍បញ្ចប់។ សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ដែលរដ្ឋសភាពិនិត្យនៅថ្ងៃនេះរួមមាន៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និង៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

វិសោធនកម្មច្បាប់ទាំងនេះនឹងផ្តោតបន្ថែមលើករណី ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្ត ព្រឹទ្ធសភា ឬសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទាំងអស់នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិទៅទៀតហើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោតជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាល...»។

ដូច្នេះនៅពេលដែលច្បាប់ចូលជាធរមាន ហើយប្រសិនបើនៅពេលខាងមុខ តុលាការកំពូលសម្រេច រំលាយគណបក្សសង្គ្រោះជាតិនោះ អាសនៈតំណាងរាស្ត្រ ៥៥រួមនឹង អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ មេឃុំចៅសង្កាត់ទាំងអស់ដែលគណបក្សសង្គ្រោះជាតិ កំពុងមាននឹងបាត់បង់ជាស្វ័យប្រវត្តិ ហើយ គ.ជ.បនឹងអនុវត្តតាមនីតិវិធីច្បាប់បែកចែក អាសនៈដែលនៅទំនេរនោះឱ្យគណ បក្សផ្សេងទៀតដែលចូលរួមការបោះឆ្នោត។

តើមានភាពចាំបាច់អ្វីខ្លះ ដែលរដ្ឋសភាត្រូវធ្វើវិសោធនកម្មច្បាប់ទាំងនេះ?

ទី១៖ ការធ្វើវិសោធនកម្មច្បាប់ឱ្យស្របនឹងស្ថានភាពជាក់ស្តែងគឺជាកិច្ចការមួយចាំ បាច់ដែលត្រូវធ្វើដើម្បីធានាប្រក្រតីភាពនៃដំណើរការស្ថាប័ន ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្តនិងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ នៅ ពេលនេះ កម្ពុជាបានជួបនឹងរបត់នយោបាយថ្មីមួយដែលតម្រូវឱ្យមានការកែប្រែច្បាប់ មួយចំនួនព្រោះជាលើកទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលមានការប្តឹងរំលាយគណបក្ស សង្គ្រោះជាតិស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បន្ទាប់ពីបានរកឃើញភស្តុតាង ជាច្រើនបញ្ជាក់ថាគណបក្សនេះបានទទួលការបង្គាប់បញ្ជាពីរដ្ឋាភិបាលបរទេស និង មានផែនការក្បត់ជាតិ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

មេក្លោងធំនៃទង្វើក្បត់ជាតិ គឺ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ពីអំពើក្បត់ជាតិនេះ ហើយមន្ត្រីជាន់ខ្ពស់គណបក្សនេះមួយចំនួនទៀតរួមទាំងចលនា យុវជនគណបក្សនេះដែលគេស្គាល់ខ្លះរួមមាន ហ៊ីង សុខសាន្ត ឡុង គឹមឃន និងអ្នកផ្សេងទៀតផងក៏បានជាប់ពាក់ព័ន្ធនឹងផែនការក្បត់ជាតិនេះដែរដែលសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងត្រៀមចាត់វិធានការតាមផ្លូវច្បាប់។ វិសោធនកម្មច្បាប់ពាក់ព័ន្ធនេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានមូលដ្ឋានគ្រឹះច្បាប់រឹងមាំបន្ថែមទៀតក្នុងការធានាការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារផលប្រយោជន៍ជាតិ ព្រោះ បើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ គណបក្សប្រឆាំងយ៉ាងហោច ៥ នឹងកើតឡើងដែលនេះ នឹងធ្វើឱ្យសភាកាន់តែមានបក្សប្រឆាំងច្រើន និងធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែសកម្មខ្លាំងថែមទៀតព្រោះមានបក្សប្រឆាំងច្រើន ខណៈបច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ និងបម្រើប្រយោជន៍ជាតិពិតប្រាកដឡើយព្រោះពួកគេជាប់រវល់អនុវត្តផែនការក្បត់ជាតិ និងមិនបំពេញតួនាទីជាតំណាងរាស្ត្រឱ្យបានត្រឹមត្រូវ។

ទី២៖ វិសោធនកម្មនេះនឹងធ្វើឱ្យប្រជាជនកម្ពុជាចំណេញព្រោះច្បាប់មិនអនុញ្ញាត ឱ្យគណបក្សដែលក្បត់ជាតិ បម្រើផលប្រយោជន៍បរទេស មានវត្តមាននៅលើទឹកដីខ្មែរ បំផ្លាញសន្តិភាពនិងការអភិវឌ្ឍដែលខ្លួនមាននេះទេ។ ទោះគណបក្សសង្គ្រោះជាតិត្រូវ បានរំលាយ ដំណើរការស្ថាប័នជាតិនៅតែដំណើរការដដែល កម្មករកម្មការិនី មន្ត្រីរាជ ការ អាជីវករនឹងបន្តកិច្ចការប្រចាំថ្ងៃរបស់ខ្លួនជាធម្មតា។ កម្ពុជាមិនបានធ្លាក់ក្នុងវិបត្តិ

ធ្ងន់ធ្ងរដូចអ្វីដែលមន្ត្រីបក្សប្រឆាំងប្រឌិតឡើយប៉ុន្តែវិបត្តិធ្ងន់ធ្ងរនេះគឺបាននិងកំពុងកើត នៅក្នុងគណបក្សសង្គ្រោះជាតិព្រោះត្រូវប្រឈមមុខនឹងការរំលាយបក្ស មន្ត្រិជាន់ខ្ពស់ បក្សនេះនឹងត្រូវអាចត្រូវបាត់បង់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ អ្នកដែលខាតបង់ខ្លាំងគឺអ្នកដែលចំណាយលុយទិញតំណែងពី គណបក្សសង្គ្រោះជាតិជាពិសេសបងប្អូនពលរដ្ឋ ខ្មែរមួយចំនួននៅក្រៅប្រទេសដែលជឿតាមការអូសទាញបោកប្រាស់របស់មន្ត្រី
បក្សសង្គ្រោះជាតិសន្យាផ្តល់តំណែងផ្សេងៗពេលគណបក្សនេះឈ្នះការបោះឆ្នោត។
អ្នកដែលត្រូវអាណិតខ្លាំងជាគេគឺសកម្មជនបក្សសង្គ្រោះជាតិនៅមូលដ្ឋានដែលបានលក់គោក្របីដីស្រែចម្ការ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីជួយបក្ស និងរំពឹងថានឹងទទួលបាន តំណែងតាមការសន្យា ប៉ុន្តែពេលនេះត្រូវបានរលាយដូចអំបិលត្រូវទឹកដោយសារ តែគំនិតដ៏ឆ្កួតលេលារបស់មេដឹកនាំ បក្សខ្លួនឱនក្បាលបម្រើបរទេស និងប៉ុនប៉ងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្លួនតាមរយៈការ ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្រប ច្បាប់តាមបទពិសោធបដិវត្តន៍នៅអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ីក្រោមការរៀប ចំនិងគាំទ្រគ្រប់បែបយ៉ាងពីអាមេរិក។

ទី៣៖ ក្រោយពីវិសោធនកម្មច្បាប់ទាំងនេះ ប្រជាធិបតេយ្យសេរីពហុបក្ស នៅតែដំណើរការក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ហើយអាចដំណើរការល្អជាងមុន ក្រោមដំបូលសន្តិភាព និងឯកភាពជាតិ បន្ទាប់ពីបក្សសង្រ្គោះជាតិត្រូវបានរំលាយ ព្រោះថ្នាក់ដឹកនាំ គណបក្សនេះតែងតែនាំគ្រោះឱ្យជាតិ បង្កចលាចលតាមរបៀបវារៈនយោបាយបម្រើ បរទេសរបស់ខ្លួន។ ទេវតាពិតជាបានជួយកម្ពុជាដែលបានបណ្តាល ចិត្ត កឹម សុខា ឱ្យនិយាយចេញមកនូវផែនការទុច្ចរិតនេះ និងក៏ជាការចាញ់សម្បថនៅ មុខប្រាង្គប្រាសាទអង្គរដែលក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ទៅស្បថស្បែថាមិនក្បត់ជាតិមាតុភូមិកម្ពុជា ប៉ុន្តែធាតុពិត ពួកគេបានក្បត់ជាតិ និងប្រជាជនកម្ពុជា ហើយ បម្រើប្រយោជន៍បរទេសដោយមិនបានគិតពីសុខទុក្ខប្រជាជន។ ពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីបំផ្លាញជាតិខ្មែរបន្ថែមពីអ្វីដែលពួកគេតែ ធ្វើគឺការអំពាវនាវដល់អន្តរជាតិកុំផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា ព្រមទាំងដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ចូលចិត្តពឹងបរទេសឱ្យដាក់សម្ពាធលើខ្មែរ។ ទង្វើក្បត់ជាតិ និងប្រជាជននេះហើយដែលបារមីប្រាសាទអង្គរវត្តមិនប្រណី និង ទីបំផុត ជនក្បត់ជាតិទាំងឡាយនឹងត្រូវប្រឈមមុខនឹងច្បាប់។

ទី៤៖ តើនេះគឺជាការប្លន់ឆន្ទៈរាស្ត្រទេ? ការធ្វើវិសោធនកម្មច្បាប់ដែលអនុញ្ញាតឱ្យ យកអាសនៈរបស់បក្សដែលបានបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយគឺដើម្បី ការពារឆន្ទៈរាស្ត្រភាគច្រើន ក្នុងសង្គមប្រជាធិបតេយ្យ និងប្រឆាំងនឹងគណបក្សនយោបាយដូចជាគណបក្សសង្គ្រោះជាតិសព្វថ្ងៃ ដែលបានដើរបំភ្លៃ បំផ្លើស បំភ័ន្តមតិរាស្ត្រ និងបោកប្រាសរាស្ត្រគ្រប់មធ្យោបាយដើម្បីមហិច្ឆតាអំណាចខ្លួន។ ក្រោយមើលឃើញ ទង្វើក្បត់ជាតិរបស់កឹម សុខា និងបក្សសង្គ្រោះជាតិ រាស្ត្រប្រាកដជាមើលឃើញថាបក្ស សង្គ្រោះជាតិបានប្លន់ឆន្ទៈរាស្ត្រដោយវិធីសន្យាបោកប្រាសជាច្រើន។

នៅរាត្រីថ្ងៃទី១១ ខែតុលា អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងភ័យស្លន់ស្លោរត់គេចពីការសំណាញ់ច្បាប់ បានលោតតាមចង្វាក់ភ្លេងរបស់ជនសង្ស័យ ជុន ច័ន្ទបុត្រ របស់វិទ្យុអាស៊ីសេរីក៏បាននិងកំពុងបន្តបោកប្រាសរាស្ត្រ និងព្យាយាមយកឈាមរាស្ត្រមកបម្រើមហិច្ឆតាអំណាចខ្លួន ដោយព្រមានថា បើរំលាយគណបក្សសង្គ្រោះជាតិនោះ ប្រជាពលរដ្ឋមិនសុខចិត្ត មិននៅស្ងៀមទេ ហើយគណបក្សសង្គ្រោះជាតិ ក៏មិននៅស្ងៀមដែរ យើងត្រូវមានផែនការយុទ្ធសាស្ត្រអ្វីមួយច្បាស់លាស់ចំពោះស្ថានភាពនេះ។ ទឹកដល់ច្រមុះ ប្រើសិទ្ធិការសិទ្ធិការពារខ្លួន។ នេះគឺជាការញុះញង់បង្កហិង្សាយ៉ាងជាក់ ស្តែងបំផុតដែលកាន់តែបន្ថែមទម្ងន់ថែមទៀតថាមន្ត្រីគណបក្សសង្គ្រោះជាតិព្យាយាមក្នុងការបំផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋដើម្បីសម្រេចផែនការបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែអេង ឆៃអ៊ាង ដែលជាជនល្បីញៀនល្បែងត្រូវគិតថានគរមានច្បាប់ ទង្វើទាំងឡាយ ណាដែលខុសច្បាប់នឹងត្រូវទប់ស្កាត់ និងបង្ក្រាប ហើយអេង ឆៃអ៊ាង ក៏គួរតែយល់ថា រាស្ត្រខ្មែរមិនល្ងង់ឱ្យបក្សសង្គ្រោះជាតិបោកប្រាសដូចពីមុនទៀតឡើយ។

ជារួម ការធ្វើវិសោធនកម្មលើច្បាប់ពាក់ព័ន្ធនានានៅថ្ងៃនេះរបស់សភាជាតិគឺបង្ហាញពីភាពទទួលខុសត្រូវ និងតួនាទីនៃតំណាងរាស្ត្រក្នុងការការពារ ផលប្រយោជន៍ជាតិនិង ប្រជាជនប្រឆាំងនឹងក្រុមអ្នកប៉ុនប៉ងបំផ្លាញជាតិខ្មែរដូចគណបក្សសង្គ្រោះជាតិ និងមន្ត្រី នៃបក្សនេះបាននិងកំពុងធ្វើ៕

ដោយ៖ ចៅចាក់ស្មុក