(ភ្នំពេញ)៖ ដើម្បីរក្សាបានសុខសុវត្ថិភាពម្ហូបអាហារ ជូនបងប្អូនប្រជាពលរដ្ឋ និងទទួលបានការណែនាំពីលោកប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញផងនោះ ទើបនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះអង្កេតនៅផ្សារចាស់ និងផ្សារទួលទំពូង រួមទាំងតាមហាង និងស្តារម៉ាតមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យទំនិញម្ហូបអរហារ ដែលមិនឆ្លើយតបតាមស្តង់ដាសុវត្ថិភាពម្ហូបអារហារ និងស្វែងរកសារធាតុគីមីបន្ថែមលើបន្លែត្រីសាច់ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា «ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញនៅផ្សារចាស់ គឺជាលទ្ធផលក្រុមការងារជំនាញ បានធ្វើការដកហូបទឹកគោជូរហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៤៥កំប៉ុង នំប៉័ងសាំងវិចចំនួន១ប្រអប់ ព្រមទាំងបានបញ្ជូនគំរូជាប្រភេទត្រី សាច់ ជ្រក់ និងបន្លែដែលជាប្រភេទបន្លែដែលប្រជាជនយើងនិយមចូលចិត្តទទួលទានប្រចាំថ្ងៃចំនួន២០មុខ ទៅមន្ទីរពីសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល។ ចំណែកការចុះពិនិត្យនៅផ្សារទួលទំពូង និងបានធ្វើតេស្តបឋមលើកប្រហិតត្រីលាយគ្រឿងរួច ជាលទ្ធផលមិនមានសារធាតុហាមឃាត់ទេ»។
ជាមួយគ្នានោះដែរ មន្ត្រីកាំកុងត្រូលក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ មន្រ្តីបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕