(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៧ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលពន្ធបានជាង១៥៤៦.៥៥លានដុល្លារកើនឡើង២៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាល​ពីឆ្នាំ២០១៦។

ការបញ្ជាក់ពីការប្រមូលនេះ បង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីមន្ត្រីពន្ធដារជាច្រើនរូប នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបញ្ជាក់ថា «រយៈពេល០៩ ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន សរុបមានចំនួន ៦,១៨៦.២០ ពាន់លានរៀល ស្មើនឹងប្រមាណជា ១,៥៤៦.៥៥ លានដុល្លារអាមេរិក។ ប្រសិនបើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថា ការប្រមូលចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៩ខែ ឆ្នាំ២០១៧ កើនឡើងចំនួន ១៤២១ពាន់លានរៀល ស្មើនឹងប្រមាណ៣៥៥.២៩ លានដុល្លារ កំណើន ២៩.៨២%»

សម្រាប់ខែកញ្ញានេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ បានចំនួន៥២៩.៩២ពាន់លានរៀល ស្មើនឹងប្រមាណជា១៣២.៤៨ លានដុល្លារអាមេរិក។

សម្រាប់នៅត្រីមាសទី៣ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធជាពិសេស ប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង ៣៣.២%, អាករលើតម្លៃបន្ថែម កើនឡើង ៤១.៩% ខណៈដែលអាករពិសេស កើនឡើង១២.៥% និងពន្ធលើប្រាក់បៀវត្ស មានការកើនឡើងចំនួន៤.២%។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ជូ វិជិត្ត បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងផ្តល់កិច្ចគាំទ្រ និងឯកភាពចំពោះវិធានការ ដែលបានដាក់ចេញដោយ លោកអគ្គនាយកពន្ធដារ ក្នុងន័យបង្កើនផលិតភាព ក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងកម្មវិធីកែទម្រង់ ជាពិសេស ការពិនិត្យកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលពន្ធ។

ព្រមជាមួយនេះ លោក ជូ វិជិត្ត និងលោក គង់ វិបុល បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋានពន្ធដារ និងសមាជិកអង្គប្រជុំ ដូចខាងក្រោម៖

* ស្នើសិក្សាទិដ្ឋភាពច្បាប់ ពាក់ព័ន្ធនឹងចំណុចមួយចំនួន ដែលត្រូវត្រៀមបញ្ចូលក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៨ ជាពិសេស ការលុបចោលការយកពន្ធលើសត្តឃាត និងកែសម្រួលជាថ្មីម្តងទៀត នូវកម្រិតពិតាននៃប្រាក់បៀវត្ស ដែលត្រូវជាប់ពន្ធ ក្នុងន័យសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ភាពក្រីក្រ។

* ពង្រឹងការយកចិត្តទុកដាក់ប្រមូលពន្ធ ដោយឈរលើអភិក្រម ក្នុងការធ្វើសវនកម្មចំពោះក្រុមហ៊ុនធំៗដែលមាន ហានិភ័យខ្ពស់ក្នុងការបាត់បង់ ចំណូលពន្ធដោយសារតែប្រកាសខាតច្រើនឆ្នាំ។

* បន្តខិតខំប្រមូលបំណុលពន្ធដែលនៅរ៉ាំរ៉ៃជាយូរឆ្នាំ មកហើយ។

* បន្តការអប់រំផ្សព្វផ្សាយឱ្យ បានកាន់តែទូលំទូលាយ និងឱ្យបានកាន់តែជ្រួតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិធាន និងនីតិវិធីនៃការបង់ពន្ធ តាមប្រភេទពន្ធនីមួយៗ ជាពិសេស ពន្ធដែលពាក់ព័ន្ធ នឹងវិស័យអចលនទ្រព្យ ដើម្បីចៀសវាងមានការយល់ច្រឡំ ដែលនាំទៅដល់បញ្ហាផ្សេងៗកើតមានជាយថាហេតុ។

* បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន។

* ជំរុញ និងក្រើនរំលឹកម្ចាស់អចលនទ្រព្យ និងម្ចាស់យានយន្ត ឱ្យឆាប់រួសរាន់មកបង់ពន្ធប្រភេទនេះ ចៀសវាងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធនៅថ្ងៃជិតបញ្ចប់ ជាហេតុធ្វើឱ្យកកស្ទះ និងផ្តល់សេវាមិនបានទាន់ពេលវេលា។

* យកចិត្តទុកដាក់ពន្យល់ណែនាំអ្នកជាប់ពន្ធតូច និងលើកទឹកចិត្តពួកគាត់ ឱ្យមកចុះបញ្ជីសម្រាប់អ្នកជាប់ពន្ធ ដែលមានផលរបរប្រចាំចាប់ពី ២៥០លានរៀល ចៀសវាងដាច់ខាតការសំទ្បុតគំរាមផ្សេងៗអ្នកជាប់ពន្ធ។

* ពង្រឹងនិងប្តេជ្ញាផ្តល់សេវា ជូនអ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងបំពាក់សម្ភារៈបរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទៅតាមការចាំបាច់ ធ្វើ យ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងរក្សាបាននូវអាកប្បកិរិយាទន់ភ្លន់ ទាំងពាក្យសម្តីទៅកាន់អ្នកជាប់ពន្ធ និងទាំងការអនុវត្តវិធានពន្ធដារ

* បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការចែករំលែកព័ត៌មាន ទិន្នន័យអ្នកជាប់ពន្ធ ដើម្បីជាមូលដ្ឋានក្នុងការប្រមូលចំណូលពន្ធ។

ជាចុងក្រោយ លោក គង់ វិបុល បានផ្តល់ការណែនាំបន្ថែម ដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំនិងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕