(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព។

គោលនយោបាយជាតិនេះ មានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬ ធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ ការងារ សិលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

ក្រសួងការងារក៏បានបញ្ជាក់ដែរថា គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អបវ) ឆ្នាំ២០១៧-២០២៥ នេះ មានគោលបំណងពង្រឹងគុណភាព អបវ ឲ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស, បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ, លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រពន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ដើម្បីអនុវត្តន៍គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៤រួមមាន៖ ១. ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស, ២. បង្កើនលទ្ធភាពទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមធម៌សម្រាប់បង្កើតការងារ, ៣. លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទី៤. លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ដើម្បីធានាវឌ្ឍនភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការតាមដាន និងការអនុវត្តគោលនយោបាយជាតិនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការជាតិបណ្តុះបណ្តាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាលេខាធិការដ្ឋានឲ្យរៀបចំ និងសម្រសសម្រួលការអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរួមមាន ការរៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តន៍ និងអនុលោមតាមគោលនយោបាយជាតិនេះដាក់ជូនទៅរាជរដ្ឋាភិបាល។

ជារួមមកគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នេះ គឺជាផ្នែកមួយនៃផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសការអភិវឌ្ឍជំនាញតាមរយៈការផ្តល់នូវជំនាញ សមត្ថភាព និងចំណេះដឹងទាក់ទងនឹងការងារដល់ប្រជាជនកម្ពុជាគ្រប់រូបសម្រាប់ការងារពេញមួយជីវិតប្រកបដោយផលិតភាពខ្ពស់ និងការប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈនៅក្នុងប្រទេសកម្ពុជាមានចំនួន៣៩ កំពុងធ្វើការបណ្តុះជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕