(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយអំពីការបង្កើតទង់ព្រះពុទ្ធសាសនា គឺកើតទ្បើងនៅឆ្នាំ១៩៥១ នាឱកាសដែលពួកពុទ្ធបរិស័ទទំាងទ្បាយ ក្នុងពិភពលោក បានចាត់តំណាងរបស់ខ្លួនទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌា។ ហើយទន្ទឹមនិងនេះផងដែរ ចំពោះប្រទេសកម្ពុជាយើង ការប្រើទង់ព្រះពុទ្ធសាសនានេះ គឺយោងតាមព្រះរាជក្រមលេខ១៣២ ចុះថ្ងៃទី២៥ ឧសភា ឆ្នាំ១៩៥១ ។

ចំពោះគោលបំណង ក្នុងការបង្កើតទង់ព្រះពុទ្ធសាសនានេះ គឺដើម្បីប្រើក្នុងឱកាសពិធីបុណ្យព្រះពុទ្ធសាសនានេះឯង ពិសេសដើម្បីបង្ហាញពីឧត្ដមភាពដល់ប្រជាជនទំាងទ្បាយ នៅទូទំាងពិភពលោកឲ្យកើតបីតិក្នុងដួងចិត្ដ តំាងចិត្ដគោរពព្រះពុទ្ធជាម្ចាស់ដែលជាប្រភពនៃបុញ្ញរាសីទំាងទ្បាយ។

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះទង់ព្រះពុទ្ធសាសនា គឺមានប្រំាមួយពណ៌តម្រូវនឹងឆព្វណ្ណរង្សី នៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ក្នុងពណ៌ទំាងនេះទៀតសោត បើយើងថ្លាថ្លែង គឺមានអត្ថន័យដូចតទៅ៖
* ផ្ទំាងទី១៖ ពណ៌ខៀវ ជានិមិត្ដរូបតំណាងកាលព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាក្សត្រព្រះនាមស្រីភិរាស្រ្ដ ទ្រង់ឆ្កៀលព្រះនេត្រាឲ្យទានដល់ព្រាហ្មណ៍
* ផ្ទំាងទី២៖ ពណ៌លឿង ជានិមិត្ដរូបតំណាងកាលព្រះអង្គអារសាច់ខ្លួនឲ្យជាងមាស ដើម្បីផែធ្វើជាមាស បិទព្រះពុទ្ធរូប
* ផ្ទំាងទី៣៖ ពណ៌ក្រហម ជានិមិត្ដរូបតំណាងកាលព្រះអង្គកាត់បេះដូងព្រះអង្គ ធ្វើថ្នំាបិទមុខពិសពស់ខំាព្រះមាតារបស់ព្រះអង្គ
* ផ្ទំាងទី៤៖ ពណ៌ស ជានិមិត្ដរូបតំណាងកាលព្រះអង្គនៅជាព្រះវេស្សន្ដដាក់ទានដំរីសដល់ព្រាហ្មណ៍
* ផ្ទំាងទី៥៖ ពណ៌ហង្សបាទ(ពណ៌ដូចជើងហង្ស ឬជើងក្ងាន) ជានិមិត្ដរូបតំណាងកាលព្រះអង្គអារសាច់ប្រាណឲ្យយក្សស៊ី ដើម្បីប្ដូរយកជីវិតមាតាដែលយក្សចាប់បានយកទៅ
* ផ្ទំាងទី៦៖ ពណ៌ផ្លេក ក្នុងពណ៌នេះ សម្រាប់សាធារណជន គឺរកពុំបានទើបគេសន្មត់យកពណ៌ទំាងប្រំាខាងដើម មកផ្គុំគ្នាធ្វើជាផ្ទំាងទី៦នេះតែម្ដង ដោយចាត់ទុកថាជាពណ៌ផ្លេក។

ពណ៌នេះជានិមិត្ដរូប តំណាងកាលព្រះអង្គកើតជាទន្សាយឈ្មោះសសបណ្ឌិត បានបូជាជីវិត ដល់ព្រាហ្មណ៍ ដូចយើងឃើញក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតព្រះទីបនេះឯង៕