(ប៉េកាំង)៖ គណៈកម្មការមជ្ឈិមសម្រាប់អធិការកិច្ចវិន័យ (CCDI) បាននិយាយថា មន្ត្រីជាន់ទាបនៅក្នុងប្រទេសចិន ប្រហែលជា ១.៣៤លាននាក់ ត្រូវបានដាក់ទោសទណ្ឌ គិតចាប់តាំងពី ឆ្នាំ២០១៣មក នៅក្រោមក្របខណ្ឌនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧។

យោងតាម CCDI អ្នកត្រូវដាក់ទោសសម្រាប់អំពើពុករលួយ កាលពីឆ្នាំ២០១៣ ក្នុងនោះរួមមានទាំងមន្ត្រីថ្នាក់ភូមិ ៦៤៨,០០០នាក់ និងបទឧក្រិដ្ឋភាគច្រើន ដែលពួកគេបានប្រព្រឹត្តគឺមាន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយតូចតាច។ ក៏ប៉ុន្តែគណៈកម្មាការមួយនេះក៏បានឱ្យដឹងដែរថា ខណៈយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានគោលដៅច្រើនតែទៅលើមន្ត្រីថ្នាក់ភូមិ និងស្រុក ការតាមប្រមាញ់ ឬក៏ការកំណត់គោលលើមន្ត្រីជាន់ខ្ពស់បែរជាធ្លាក់ចុះទៅវិញ។ ពោលគឺកាលពីខែសីហា​ ប្រធានគណៈកម្មាការប្រឆាំងអំពើពុករលួយនៃក្រសួងហិរញ្ញវត្ថុចិន ត្រូវបានដាក់ឱ្យនៅក្រោម ការស៊ើបអង្កេតពីបទសង្ស័យថា បានទទួលសំណូក ហើយនៅខែកញ្ញា មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ត្រូវបានឃុំខ្លួននិងសួរចម្លើយទាក់ទិននឹងរឿងពុករលួយ។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់ CCDI ធ្វើឡើងនៅមុនពេលគណបក្សកុម្មុយនីស្ដចិន នឹងបើកសមាជបក្សលើកទី១៩ នៅចុងខែតុលានេះ ដែលជាឱកាសឱ្យលោក ស៊ី ជីពីង ពង្រឹងអំណាច និងគោលនយោបាយរបស់លោក ជាពិសេសគឺយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនេះតែម្ដង៕