(ភ្នំពេញ)៖ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងអះអាងថា ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ កម្ពុជារក្សាបានយ៉ាងល្អ នូវស្ថិរភាពអត្រាប្តូរប្រាក់ ក្នុងអត្រាជាមធ្យម៤,០៣៥រៀលក្នុង១ដុល្លារ។
ការបញ្ជាក់បែបនេះរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានេះ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ នៃប្រតិបត្តិការធនាគារកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ និងមានការចូលរួមពីសំណាក់បុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផង។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា បានពឹងផ្អែកលើគោលនយោបាយអត្រាប្ដូរប្រាក់ សម្រាប់រក្សាស្ថិរភាពថ្លៃ។ អត្រាប្ដូរប្រាក់ត្រូវបានរក្សាឲ្យមានស្ថិរភាពល្អប្រសើក្នុងរយៈពេល១៨ ឆ្នាំចុងក្រោយនេះ ដោយសារមានអត្រាជាមធ្យម៤,០៣៥រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រែប្រួលក្នុងកម្រិតទាបជាង២ភាគរយ»។
លោកបានបន្ដទៀថា ស្ថិរភាពអត្រាប្ដូរប្រាក់បានរក្សាអំណាចទិញ របស់ប្រាក់រៀល និងបានរួមចំណែកដោយផ្ទាល់ក្នុងការរក្សាស្ថិរភាពថ្លៃ ជាក់ស្ដែងអត្រាអតិផរណា ក្នុងអំឡុងពេលដូចគ្នានេះ មានកម្រិតប្រមាណត្រឹមតែ៣.២ភាគរយប៉ុណ្ណោះ។ លើសពីនេះ ស្ថិរភាពប្រាក់រៀល ក៏បានរួមចំណែកពង្រឹងជំនឿទុកចិត្ត របស់សាធារណជនមកលើប្រាក់រៀល បន្ធូបន្ថយអត្រាការប្រាក់ឥណទានជារៀល និងអភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ចនានា ជាប្រាក់រៀល។
លោកក៏បានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងទីផ្សារប្ដូរប្រាក់បានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសមាមាត្រទិញប្រាក់រៀលរបស់គ្រឹះស្ថានទាំងនោះ ពីធនាគារជាតិនៃកម្ពុជាកើនឡើងពី៣០%
កាលពី៥ឆ្នាំមុនមកដល់៦០% នាពេលបច្ចុប្បន្ន។
លោកទេសាភិបាលបានឲ្យដឹងថា ចំនួនប្រជាជនពេញវ័យ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សដល់ប្រមាណ៥៤%នៃប្រជាជនពេញវ័យសរុប គឺកើនឡើងជាង៥ដង បើធៀបនឹង១៦ឆ្នាំមុន ដែលមានកម្រិតទាបជាង១០%ប៉ុណ្ណោះ។
ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ ធនាគារជាតិនៃកម្ពុជាបានបន្ដខិតខំប្រឹងប្រែង ក្នុងពង្រឹងការប្រើប្រាស់ប្រាក់រៀល តាមរយៈការដាក់ចេញនូវវិធានការផ្អែកលើយន្ដការទីផ្សារ និងដោយសន្សឹមៗ។ ជាលទ្ធផល នៅក្នុងអំឡុងពេលនេះចំនួនប្រាក់រៀលក្នុងចរាចរបានកើន
ឡើង១៦ដង ដល់៨.៧ប៊ីលានរៀល (ស្មើនឹងប្រមាណ២.២ ប៊ីលានដុល្លារអាមេរិក) ហើយប្រាក់បញ្ញើជារៀលកើនជាង៤ដង ដល់៣.៤ប៊ីលានរៀល (ស្មើនឹងប្រមាណ៩៣៨.៥លានដុល្លារអាមេរិក)។
ទនឹ្ទមនឹងកំណើនតម្រូវការប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានបោះផ្សាយមូលបត្រអាចជួញដូរបាន (Negotiable Certilcate of Deposit-NCD) នៅឆ្នាំ២០១៣ និងដាក់ឲ្យដំណើរការប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយការធានា នៅឆ្នាំ២០១៦៕