(បាត់ដំបង)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ លោក ឡោក ហួរ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ លោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ  លោក រុន រ័ត្នវាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អន្លង់វិល ឃុំអូរដំបង១ និងឃុំរកា  រួមទាំងប្រធានក្រុមការងារចុះជួយតាមឃុំផ្សេងទៀត  បានចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការបក្សចំនួនជាង៣០០នាក់នៅក្នុង ភូមិអូរខ្ជាយ ឃុំអូរដំបង១ ។

ក្នុងពិធីនេះដែរ លោក ឡោក ហួរ បានប្រាប់បងប្អូនប្រជាពលរដ្ឋ កុំអោយចាញ់ការឃោសនា បោកប្រាស់ ការញុះញុង ការសន្យាខ្យល់ របស់គណបក្សប្រឆាំង មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលរួមសុខទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន គ្រប់វិស័យ។ ដូចនេះយើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនះ នៅឆ្នាំ២០១៨ ខាងមុខនេះ។

លោកក៏បានជំរុញដល់ក្រុមការងារចុះជួយតាមឃុំ និងតាមភូមិ នីមួយៗ ត្រូវតែខិតខំពន្លឿនការធ្វើសៀវភៅគ្រួសារបក្ស ធ្វើបញ្ជីជំរឿនសមាជិកបក្សតាមខ្នងផ្ទះ ធ្វើបញ្ជីរាយនាមសមាជិកបក្សក្នុងក្រុមបក្ស និងធ្វើបញ្ជីរាយនាមសមាជិកបក្សក្នុងគ្រួសារ អោយបានត្រឹមត្រូវ ច្បាស់លាស់ និងបានអំពាវនាវដល់បងប្អូនដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងអ្នកមិនទាន់បានទៅ ចុះឈ្មោះ ត្រូវរុះរាន់ទៅចុះឈ្មោះដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ៕