(វ៉ាស៊ីនតោ​ន)៖ ការប្រហារជីវិតទៅលើមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដោយគ្មានមេត្តា ការគំរាមកំហែងបំផ្ទុះអាវុធនុយក្លេអ៊ែរដើម្បីកម្ទេចសត្រូវ និងជម្នះដើម្បីបាញ់សាកល្បងគ្រាប់មីស៊ីល ហេតុផលទាំងនេះធ្វើឱ្យយើងយល់ស្របតាមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថ្មីៗនេះ បានចាត់ទុកមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ជាមនុស្សឆ្កួតដែលកំពុងធ្វើបេសកកម្មដើម្បីកម្ទេចខ្លួនឯង។

ប៉ុន្តែមន្ត្រីប្រចាំភ្នាក់ងារស៊ើបអង្កេត CIA បានលើកឡើងកាលពីពេលកន្លងទៅនេះថា សកម្មភាពរបស់លោក គីម មិនមែនជាការបង្ករឿងនោះទេ លោកជាបុគ្គលដ៏មានហេតុផល ដែលមានភាពច្បាស់លាស់ មានគោលដៅរយៈពេលវែង ដែលធ្វើឡើងក្នុងគោលបំណងច្បាស់លាស់មួយគឺការពាររបបនយោបាយរបស់ខ្លួន។

លោក យ៉ុង សុកលី ជំនួយការរងប្រចាំមជ្ឈមណ្ឌលបេសកកម្មកូរ៉េ របស់ភ្នាក់ងារស៊ើបអង្កេត CIA បានលើកឡើងថា «អ្វីដែលលោកធ្វើឡើង គឺក្នុងគោលដៅច្បាស់លាស់»។ អស់រយៈពេលជាយូរមកហើយ កូរ៉េខាងជើងព្យាយាមរក្សាបំណងរបស់ខ្លួនដែលចង់ផលិតគ្រាប់មីស៊ីល និងនុយក្លេអ៊ែរ ដើម្បីរារាំងសហរដ្ឋអាមេរិកមិនឱ្យទម្លាក់របបដឹកនាំរបស់លោក គីម ជុងអ៊ុន។

រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានសម្លឹងមើលរដ្ឋមួយចំនួន ដូចជាប្រទេស អ៊ីរ៉ាក់ ដែលមាន លោក Saddam Hussein ជាមេដឹកនាំត្រូវបានសហរដ្ឋអាមេរិកទម្លាក់ចេញពីដំណែង និង លោក Moammar Gadhafi មេដឹកនាំប្រទេស លីប៊ីល  ដែលបានបោះបង់មហិច្ឆតានុយក្លេអ៊ែរ ដោយសារការដាក់ទណ្ឌកម្ម និងដកជំនួយនោះ ជាចុងក្រោយបានត្រឹមតែគេទម្លាក់ និងសម្លាប់ចោលប៉ុណ្ណោះ បន្ទាប់ពីអន្តរាគមន៍ពីសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ ជឿថាមានការគំរាមកំហែងសហរដ្ឋអាមេរិកជាមួយនឹងអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ ទើបអាចបញ្ឈប់​ការអន្តរាគមន៍ពីយោធាសហរដ្ឋអាមេរិកបាន។

អ្នកជំនាញភាគច្រើនជឿជាក់ថា ប្រទេស កូរ៉េខាងជើងនឹងមិនចាប់ផ្តើមបំផ្ទុះអាវុធមុនដៃគូជម្លោះរបស់ខ្លួននោះទេ។ ហេតុផលទាំងនេះ បញ្ជាក់ថាភាពរឹងមានៈ និងការផ្តាច់ខ្លួនរបស់កូរ៉េខាងជើង ពីពិភពលោកទាំងមូល មិនមែនមានន័យថា មេដឹកនាំវ័យក្មេងរូបនេះជាមនុស្សឆ្កួតមិនដឹងអីនោះទេ៕