(ព្រៃឈរ, កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទើបប្រលងជាប់សញ្ញាបត្រធម្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សចំនួន១៥នាក់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម បានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សស្រុកព្រៃឈរចំនួន ១៤៩នាក់ (ស្រី ៧១នាក់)។

ពិធីប្រគល់អាហារូបករណ៍ ដល់សិស្សានុសិស្សស្រុកព្រៃឈរ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកព្រៃឈរ នាសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ដែលមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ព្រមទាំងលោក លោកស្រី ប្រធានក្រុមការងារចុះជួយឃុំទាំង១៥ សរុបជាង ២៥០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជា នាយករដ្ឋមន្ត្រី សម្តេចបានដឹកនាំ និងកសាងប្រទេសឲ្យរីកចម្រើនប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ។

លោករដ្ឋមន្រ្តីបន្តថា ក្នុងចំណោមគោលនយោបាយសំខាន់ៗរបស់គណបក្សមានផ្នែកមួយពាក់ព័ន្ធជាមួយក្មួយៗគឺ ការអភិវឌ្ឍធនធានមនុស្ស។ កត្តាមនុស្ស គឺជាកត្តាគន្លឹះចាំបាច់ ប្រទេសជាតិអាចអភិវឌ្ឍ រីកចំរើនបាន អាស្រ័យដោយប្រទេសជាតិនោះសម្បូរទៅដោយធនធានមនុស្ស ដែលប្រកបទៅដោយសមត្ថភាព ភាពប៉ិនប្រសព្វ និងឧស្សាហ៍ព្យាយាម។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់យ៉ាងដូច្នេះ «ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាជានិច្ចជាកាល តែងតែគិតគូរពីសេចក្តីសុខពីផលប្រយោជន៍របស់សមាជិក សមាជិកាបក្ស ជាក់ស្តែងក្នុងឱកាសនេះ ក្រុមការងារយើងបានទំនាក់ទំនងគៀងគរ ស្នើសុំអាហារូបករណ៍នេះមកជូនក្មួយៗ ដែលជាកូនចៅរបស់សមាជិក សមាជិកាគណបក្សយើងក្នុងមូលដ្ឋានស្រុកព្រៃឈរ»។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តថា «ជោគជ័យដែលក្មួយៗទទួលបាននៅពេលនេះមិនប្រាកដថាជាជោគជ័យ នៅពេលអនាគតទេ ក្មួយៗត្រូវចងចាំ ។ ដូចនេះក្មួយៗត្រូវរៀនគិត រៀនពិចារណា រៀនធ្វើ និងរៀនរស់ឲ្យបានត្រឹមត្រូវ កុំជឿតាមការអូសទាញ ភូតភរ បោកប្រាស់ កេងប្រយោជន៍ពីអ្នកដ៏ទៃ ដែលនាំឲ្យខាតបង់និងខូចអនាគតរបស់ក្នួយៗ និងប្រទេសជាតិ»

តាមរយៈអាហារូបករណ៍ទាំងអស់នេះ លោក ប៉ាន សូរស័ក្តិ សង្ឃឹមថា សិស្សានុសិស្សទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រនៅថ្នាក់បរិញ្ញាបត្របន្ថែមទៀត ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជា ពង្រឹងសមត្ថភាពរបស់ខ្លួន ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ ចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ មានអនាគតដ៏ភ្លឺស្វាង សម្រាប់ក្មួយៗផ្ទាល់ សម្រាប់ក្រុមគ្រួសារ ក្មួយៗ និងសម្រាប់មាតុភូមិរបស់ខ្លួន៕

{IfMobile}

{ElseMobile}

{EndIfMobile}