(ភ្នំពេញ)៖ សន្តិសុខរបស់ក្រុមហ៊ុន «World City» បុរីកាំកូស៊ីធីជាង៥០នាក់ ក្នុងចំណោមសន្តិសុខ៧៨នាក់ បានប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ាមួយប្រាវ ដើម្បីទាមទារឲ្យគោរពច្បាប់ការងារ និងលក្ខខណ្ឌចំនួន៦ចំណុច បន្ទាប់ពីបុគ្គលិកម្នាក់លោក សៅ វុត្ថា មានតួនាទីជាប្រធានសន្តិសុខគ្រប់គ្រងទូទៅ ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ ដោយគ្មានមូលហេតុកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ។

ការតវ៉ាមួយប្រាវរបស់ក្រុមសន្តិសុខក្រុមហ៊ុន «World City» បុរីកាំកូស៊ីធី ដើម្បីទាមទារឲ្យគោរពច្បាប់ការងារ និងលក្ខខណ្ឌចំនួន៦ចំណុច ខាងលើនេះ បានផ្ទុះឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងមុខការិយាល័យបុរីកាមកូស៊ីធី ក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ក្រុមតវ៉ា បាននិយាយថា ក្រុមហ៊ុនមិនបានគោរពតាមច្បាប់ការងារចំនួន៦ចំណុចរួមមាន៖ ១-ទាមទារដាច់ខាតឲ្យ លោក សៅ វុត្ថា តួនាទីជាប្រធានសន្តិសុខគ្រប់គ្រងទូទៅ បានចូលបំរើការងារវិញ ដោយឥតលក្ខខណ្ឌ ២-សន្តិសុខល្អដែលធ្វើការចាប់ពី៦ខែឡើងទៅ ត្រូវបញ្ចូលជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុន ឲ្យស្របទៅតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ៣-ត្រូវមានប្រាក់បំណាច់ឆ្នាំ១ខែ រាល់បុគ្គលិកសន្តិសុខ ដែលបានបំរើការងារចាប់ពី១ឆ្នាំឡើងទៅ ៤-រាល់បុគ្គលិកសន្តិសុខដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុន ដែលត្រូវបញ្ឈប់គឺមានសំណងចំនួន៤៥ថ្ងៃ លើប្រាក់ខែ ៥-ត្រូវទទួលខុសត្រូវរាល់គ្រោះថ្នាក់ដែលកើតមានឡើងជាយៈថាហេតុ ចំពោះសន្តិសុខក្នុងម៉ោងបំពេញការងារ និង៦-ត្រូវគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីយ៉ាងណា បន្ទាប់ពីក្រុមសន្តិសុខផ្ទុះការតវ៉ាមួយប្រាវ ដើម្បីទាមទារលក្ខខណ្ឌ៦ចំណុចនេះ ខាងតំណាងក្រុមហ៊ុន «World City» បុរីកាំកូស៊ីធី នៅពុំទាន់មានដំណោះស្រាយច្បាស់លាស់នោះទេ ដោយសន្តិសុខខ្លះ បានលួចទម្លាយថា ក្រុមហ៊ុន «World City» បុរីកាំកូស៊ីធី បង្កើតជិត១០ឆ្នាំមកហើយ មិនទាន់មានច្បាប់ទម្លាប់ ឫឯកសារគ្រប់លក្ខណះសម្បត្តិស្របច្បាប់ ដែលគេសង្ស័យថា ខាងក្រុមហ៊ុនកំពុងកេងចំណេញលើការបង់ពន្ធជូនរដ្ឋ៕