(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកំរិតពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវនាវ សូមឲ្យក្រសួង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ពិសេសចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតំបន់ទំនាប និងតំបន់ជាប់នឹងផ្លូវទឹកនានា។

លើសពីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមផ្អាកការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ ទឹកជ្រោះ ជ្រលងដងអូរ ស្ទឹង ព្រែកជាដើម ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ព្រោះតែទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក បង្កឲ្យមានកម្ពស់ទឹកហក់ឡើងខ្ពស់ លឿនខុសពីប្រក្រតី៕