(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ្នកបញ្ជាទិញបង្កើនការបញ្ជាទិញ និងធ្វើការសម្រួលពាណិជ្ជកម្ម ចំពោះផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (កាបូប) ពីប្រទេសកម្ពុជា ទៅតាមអ្វីដែលខ្លួនបានសន្យា ស្របពេលដែលកម្ពុជាបានបំពេញទៅតាមលក្ខខណ្ឌការងារដែលប្រទេស ក៏ដូចជាអ្នកបញ្ជាទិញទាំងនេះចង់បាន។ នេះបើតាមលោក ហេង សួរ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រឹក្សាការងារ។

លោក ហេង សួរ ថ្លែងបែបនេះ ក្រោយពេលបញ្ចប់កិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសត្រីភាគីដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យខាងលើ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានតំណាងត្រីភាគីចូលរួម រួមមាន៖ ភាគីតំណាងរាជរដ្ឋាភិបាល ភាគីតំណាងកម្មករនិយោជិត (សហជីព) និងភាគីតំណាងនិយោជក។

លោក ហេង សួរ បានឱ្យដឹងថា កន្លងមកសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាបណ្តាប្រទេសអ្នកបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជា តែងតែជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារ ឱ្យបានច្រើនជាងគេនៅក្នុងតំបន់ និងត្រូវមានលក្ខខណ្ឌការងារល្អប្រសើរ ពិសេសការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំ។ ចំណែកប្រទេសបញ្ជាទិញទាំងនោះក៏បានព្រមព្រៀងដែរថា ពួកគេនឹងពង្រីកទីផ្សារលក់ផលិតផល ដែលនាំចេញពីកម្ពុជាកាន់តែធំផងដែរ។

លោកបានបន្តថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តែងតែទទួលយកនូវអនុសាសន៍ ក៏ដូចជាជំនួយបច្ចេកទេស របស់អង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចរបស់ខ្លួន និងដើម្បីធានាថា លក្ខខណ្ឌការងារនៅកម្ពុជា ត្រូវបានធានាស្របតាមការចង់បានរបស់ទីផ្សារនាំចេញ និងរបស់អ្នកបញ្ជាទិញ ប៉ុន្តែការព្រមព្រៀងនេះ ត្រូវបានអនុវត្តដោយភាគីកម្ពុជាតែប៉ុណ្ណោះ ពិសេសតាមរយៈការរៀបចំយន្តការដំឡើងប្រាក់ឈ្នួលអប្បបរមា ការកែសម្រួលលក្ខខណ្ឌការងារផ្សេងៗ និងការដាក់ចេញនូវយន្តការគាំពារដល់កម្មករនិយោជិតជាច្រើនយ៉ាង ចំណែកការបញ្ជាទិញពីប្រទេសបញ្ជាទិញទាំងនោះ នៅតែមានកម្រិតនោះឡើយ។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាអ្នកបញ្ជាទិញទាំងនេះ មិនគោរពតាមការសន្យារបស់ខ្លួននោះទេ កម្មករនិយោជិតកម្ពុជានឹងលែងជឿជាក់លើការសន្យារបស់ពួកគេទៀតហើយ ហើយមិនមែនតែកម្ពុជាទេ ប្រទេសដទៃផ្សេងទៀតនៅក្នុងតំបន់ ក៏នឹងលែងជឿទុកចិត្តលើក្រុមប្រទេសអ្នកបញ្ជាទិញទាំងនោះដែរ។ ហើយ នៅពេលនោះ បេសកកម្មរបស់អង្គការអន្តរជាតិខាងការងារ (ILO) សហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប នឹងបរាជ័យទាំងស្រុងក្នុងការការពារសិទ្ធិកម្មករនិយោជិត ឬការកែសម្រួលលក្ខខណ្ឌការងារជាដើម។ ផ្ទុយទៅវិញ ប្រសិនបើសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ងាកមកអនុវត្តតាមការសន្យារបស់ខ្លួននោះ ទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសនានាក្នុងតំបន់ នឹងបន្តជំនឿចិត្ត និងសហការពាណិជ្ជកម្មជាមួយគ្នាជាបន្តបន្ទាប់ទៀត។

ចំណែកភាគីតំណាងកម្មករនិយោជិត ដែលយល់ស្របជាមួយរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញានឹងជួយដល់ភាគីនិយោជក តាមរយៈការធ្វើសំណើជាឯកតោភាគីរៀងៗខ្លួន ទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត ក៏ដូចជាទៅកាន់ម្ចាស់ម៉ាកនានា ឱ្យកាន់តែបើកចំហទីផ្សារ សម្រួលលក្ខខណ្ឌពាណិជ្ជកម្មសម្រាប់ទំនិញពីកម្ពុជា និងបង្កើនការបញ្ជាទិញពីកម្ពុជា៕