(ស្វាយរៀង)៖ លោក ហេង រតនា អគ្គនាយកមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី០៣ ខែតុលានេះថា ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីថ្ងៃទី១ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមបោសសំអាតកាកសំណល់អាវុធគីមីពីសង្គ្រាម នៅវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាការសហការប្រតិបតិ្តការរវាងអាជ្ញាធរគីមី និងអង្គភាពស៉ីម៉ាក់ បានបើកតំបន់សុវត្ថិភាព និងតំរង់រកចូលកៀកគោលដៅគ្រាប់បែកគីមីនោះ។
លោកបន្តថា ដោលដៅទីមួយបាន ជួបភស្តុតាងខ្លះ តែមិនទាន់ទៅដល់គោលដៅនៅឡើយទេ ដោយសារមានឧបសគ្គមួយចំនួន។ ថ្ងៃសែ្អក ថ្ងៃទី០៤ ខែតុលា កំលាំងនឹងចាប់ផ្តើមជីកគោលដៅទី២ ក្នុងការបោសសំអាតតំបន់សុវត្ថិភាព និងឈានទៅរុករកគោលដៅគ្រាប់បែក។ ទោះបីមានភ្លៀងធ្លាក់ និងឧបសគ្គខ្លះៗ តែភារកិច្ចនៅតែដំណើរការទៅមុខបានល្អ។
ជាមួយគ្នានេះ លោក ហេង រតនា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងជាពិសេសលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនបានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រូវជន្លៀសទៅទីសុវត្ថិភាព ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣ ខែតុលានេះថា ប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីរបស់អាមេរិកចំនួន២គ្រាប់ នៅក្នុងបរិវេណវត្ត និងសាលារៀនក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១ បានបញ្ជាប់ហើយ ខណៈប្រតិបត្តិនឹងនៅតែបន្តទៀត នៅថ្ងៃស្អែក។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងព្រះសង្ឃជិត១ពាន់អង្គ/នាក់ ដែលបានជម្លៀសចេញពីផ្ទះសំបែង និងវត្តអារ៉ាមចាប់តាំងពីម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង ៣៖៣០នាទី បានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញអស់ហើយ។ ប៉ុន្តែថ្ងៃស្អែកពួកគាត់នឹងត្រូវជម្លៀសចេញបន្តទៀត ដើម្បីឲ្យមន្ត្រីជំនាញបន្តប្រតិបត្តិការ។
សូមជម្រាបថា គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរជត់របស់អាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៕