(អាមេរិក)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការបាញ់ប្រហារ នៅឯទីក្រុងឡាស វេហ្គាស (Las Vegas) កាលពីយប់ថ្ងៃអាទិត្យ បានកើនដល់ ៥៨នាក់ និង៥១៥នាក់ ផ្សេងទៀតរងរបួស។ រីឯក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវថា ក្រុមខ្លួនគឺជាអ្នកនៅពីក្រោយការបាញ់ប្រហារ ដ៏អាក្រក់ចុងក្រោយបំផុតនេះនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧។
ក៏ប៉ុន្តែភ្លាមៗ អាជ្ញាធរអាមេរិកមិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ បានចាត់ទុកការបាញ់ប្រហារនេះជាសកម្មភាពរបស់ បិសាចសុទ្ធសាធ ហើយថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងឡាស វេហ្គាស នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាននៅក្នុងស្រុក ការបាញ់ប្រហារដ៏សាហាវ ព្រៃផ្សៃនេះបានកើត ឡើងនៅអំឡុងការប្រគុំតន្ត្រី ដ៏ធំមួយក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) រីឯប៉ូលិសអាមេរិកក៏បានអះអាង ដែរថាជនសង្ស័យម្នាក់ ឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីរូបគេបើកការបាញ់ប្រហារយ៉ាងកម្រោលទៅលើក្រុមមនុស្សយ៉ាងច្រើនកុះករ ដែលបាន នាំគ្នាទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តីដ៏ធំមួយ ស្ថិតនៅក្បែរសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។
គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះ ដែលបានកើត ឡើងចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគុំតន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប ០៣ថ្ងៃ។ ព្រមពេលជាមួយគ្នាអ្នកដែលបានទទួលរងរបួស ទាំងប៉ុន្មានត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះជីវិត៕