(ភ្នំពេញ)៖ រថយន្តដឹកកុងតឺន័រ១គ្រឿង របស់ក្រុមហ៊ុនផែស្ងួត «តេងឡាយ» អ្នកបើកបរ បានបើកជ្រុលទៅបុកបង្គោលភ្លើង១ដើមបណ្ដាលឲ្យបាក់ និងដាច់ខ្សែកាប្លិ៍ភ្លើង២ខ្សែធ្លាក់មកដី នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីពិភពថ្មី ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

បើតាមប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា រថយន្តបង្ក១គ្រឿងនោះ ពណ៌សពាក់ស្លាកលេខភ្នំពេញ 3D-0245 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជាអ្នកបើបរ
រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត «តេងឡាយ» ហើយអ្នកបើកបរ និងព្រូព្រមទាំងអ្នកដំណើរតាមផ្លូវ មិនមាននរណារងរបួសនោះឡើយ។

ប្រជាពលរដ្ឋដដែលបានបន្ដថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តបង្ក១គ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើតក្នុងល្បឿនលឿន ហើយដែលនៅក្នុងទូកុងតឺន័រនោះ មានផ្ទុកទំនិញអ្វីនោះទេ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងនោះ ទាំងកំរោលតែម្ដងដោយមិនដឹងថា មានបញ្ហាអ្វីឡើយ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះបានបណ្ដាលឲ្យរថយន្តខាងលើ រងការខូចខាតយ៉ាងដំណំ ដោយឡែកបង្គោលភ្លើងបានបាក់ជាកំណាត់ៗ សង្កត់ក្បាលរថយន្តជាប់ព្រកទាំងដាច់ខ្សែកាប្លិ៍ភ្លើង២ខ្សែធ្លាក់មកដី ចំណែកអ្នកបើកបរ និងព្រូមិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួននោះទេ ហើយពួកគេក៏មិនបានរងរបួសដែរ។

ក្រោយពេលកើតហេតុ មន្រ្តីអគ្គិសនីបានចុះទៅពិនិត្យមើល ការខូចខាតបង្គោលភ្លើង និងការដាច់ខ្សែកាប្លិ៍ភ្លើង និងបានធ្វើការតាមជំនាញភ្លាមៗដែរ ព្រោះមានការបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ ខ្លាចឆក់បង្កឲ្យគ្រោះថ្នាក់កើតឡើង។

បន្ទាប់នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលជាក់ស្ដែង រួចបានរាយការណ៍ ទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅធ្វើការវាស់វែង និងនាំយករថយន្តបង្ក ទៅកាន់ការិយាល័យរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕