(ភ្នំពេញ)៖ ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋកម្ពុជា ប្រមាណជា៨០០នាក់ បានរងគ្រោះដោយជំងឺឆ្កែឆ្កួត នេះបើយោងតាមវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញានេះបានឲ្យដឹងថា អត្រាអ្នករងគ្រោះដោយជំងឺឆ្កែឆ្កួត គឺ៥០ភាគរយ មានអាយុក្រោម១៥ឆ្នាំ ដែលជំងឺនេះបានបណ្ដាលឲ្យមនុស្សស្លាប់១០០ភាគរយ ប្រសិនបើមិនបានចាក់ថ្នាំបង្ការ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួត នៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រ និងអង្គការស៊ីប៉ា រួមទាំងដៃគូឧបត្ថម្ភជាច្រើនទៀត ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំយុវជន និងកីឡា បានបង្កើតផែនការសកម្មភាពរយៈពេល៥ឆ្នាំ ដោយមានទិសដៅកាត់បន្ថយអត្រាមរណៈ ដោយសារជំងឺឆ្កែឆ្កួត នៅកម្ពុជាឲ្យធ្លាក់ចុះ៥០ភាគរយ ដោយផែនការទាំងនោះរួមមាន៖
* ការផ្សព្វផ្សាយអប់រំ អំពីជំងឺឆ្កែឆ្កួត គ្រោះថ្នាក់នៃជំងឺនេះ និងការបង្ការជំងឺនេះទៅទូទាំងប្រទេសកម្ពុជា។
* បង្កើនលទ្ធភាពទទួល បានការចាក់វ៉ាក់សាំងក្រោយសត្វខាំ ដោយបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ជំងឺឆ្កែឆ្កួតចំនួនពីរកន្លែង នៅក្នុងខេត្តចំនួនពីរនៅក្រៅរាជធានី មួយនៅខេត្តបាត់ដំបង និងមួយទៀតនៅខេត្តកំពង់ចាម ដោយប្រើប្រាស់ស្ដង់ដារ ដូចវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញដែរ។
ដើម្បីបញ្ជ្រាប់ការយល់ដឹងឲ្យកាន់ តែស៊ីជំរៅអំពីជំងឺឆ្កែឆ្កួតនេះ វិទ្យាស្ថានប៉ាស្ទ័រ បានរៀបចំបោះពុម្ភចង់ក្រងសៀវភៅមួយ ដែលមានចំណងជើងថា «ស្វែងយល់អំពីជំងឺឆ្កែឆ្កួត» ដែលសៀវភៅនេះគឺជាគ្រឹះ និងការចាប់ផ្ដើមនៃការបង្កើនការយល់ដឹង អំពីជំងឺឆ្កែឆ្កួតនៅទូទាំងប្រទេសកម្ពុជា។ សៀវភៅនេះលម្អដោយរូបភាពខ្លីៗ មានចំនួន៤៤ទំព័រ រំលេចដោយព័ណ៌ស្រស់ស្អាត និងងាយស្រួលយល់។
សៀវភៅនេះចង់ក្រងឡើងដើម្បី ឲ្យប្រជាជនកម្ពុជាស្វែងយល់អំពីជំងឺឆ្កែឆ្កួត ហានិភ័យនៃការចម្លងជំងឺនេះ និងជាពិសេសយល់ដឹងអំពីរបៀបការពារខ្លួន និងសហគមន៍ពីការឆ្លងនៃជំងឺនេះ។
ដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការយល់ដឹងអំពីជំងឺឆ្កែឆ្កួតនេះអង្គការស៊ីប៉ា និងវិទ្យាស្ថានប៉ាស្ទ័រ បានចាប់ផ្ដើមយុទ្ធនាការចែកចាយសៀវភៅ «ស្វែងយល់អំពីជំងឺឆ្កែឆ្កួត»នេះ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះតទៅ តាមរយៈអង្គការស៊ីប៉ា នៅទូទាំងប្រទេសកម្ពុជា ទៅកាន់បណ្ដាល័យសាលារៀន បណ្ដាល័យចល័ត ក្លិបយុវវ័យ ពន្ធធនាគារ បណ្ណាល័យកន្លែងក្មេងលេង នៅក្នុងមន្ទីរពេទ្យ រោងចក្រកាត់ដេរ ឱសថស្ថាន សាលាគរុកោសល្យ៕