សូមប្រុងប្រយ័ត្នពេលបើកបរ! រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស នៅស្រុកកំពង់សីលា
20-09-2017 07:50
(ព្រះសីហនុ)៖ រថយន្ដទេសចរណ៍២គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣១-១៣២ ក្នុងភូមិសមេ្តចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដសាំងយ៉ុង ពាក់ស្លាកលេខកំពង់ស្ពឺ2A-2506 មានទិសដៅពីខេត្តព្រះសីហនុ ទៅភំ្នពេញ លុះដល់ចំណុចកើតហេតុបានរេចង្កួត ចូលទៅខាងឆ្វេងចំណែកផ្លូវម្ខាងទៀត បានបុកចំពីមុខរថយន្តម៉ាកកាំម៉ារី ពាក់ស្លាកលេខភំ្នពេញ2D-4002តែម្ដង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដកាំម៉ារី ៤នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះទី១៖ឈ្មោះ សំរិទ្ធ សុភី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន ជាអ្នកបើកបររថយន្ត, ទី២៖ឈ្មោះ សឿន សុភ័ក្រនី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន របួសធ្ងន់, ទី៣៖ឈ្មោះ សំរិទ្ធ សុធារី ភេទប្រុស អាយុ២៣ឆ្នាំ របួសធ្ងន់ និងទី៤៖ឈ្មោះ សំរិទ្ធ សុភី ភេទស្រី អាយុ១៣ឆ្នាំ របួសធ្ងន់ អ្នកទាំងអស់នោះ មានទីលំនៅភូមិកណ្ដាល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយឡែកអ្នកបើកបររថយន្តសាំងយ៉ុង រត់គេចបាត់។
ក្រោយកើតហេតុរថយន្ដទាំង២ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕