សូមបើកបរគោរពល្បឿនកំណត់! ស្លាប់១៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ, រយៈពេល១៨ថ្ងៃអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន១០៦នាក់
19-09-2017 07:08
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៤នាក់ និងរបួសធ្ងន់៨នាក់ (ទិន្នន័យគ្រោះថ្នាក់ គិតពីម៉ោង២រសៀល ថ្ងៃទី១៧ ដល់ ម៉ោង២រសៀល ថ្ងៃទី១៨ ខែកញ្ញា)។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៤គ្រឿង រថយន្តតូច៤គ្រឿង, យានយន្ដផ្សេងៗ ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៧៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០៦នាក់ របួសធ្ងន់ចំនួន១៨០នាក់ និងរបួសស្រាលចំនួន ៩២នាក់៕