(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃដាក់បិណ្ឌទី១២ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅជួបជុំគ្រួសារនៅតាម ខេត្តនានា សូមមានសុខសុវត្ថិភាព បើកបរគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលសម្រុកធ្វើដំណើរចេញទៅស្រុកកំណើត សូមកុំបើកបរល្មើសល្បឿន ឬវ៉ាប្រជែងលើផ្លូវតូចចង្អៀត និងនៅតាមទីប្រជុំជននានា ដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃនេះ គឺបិណ្ឌទី១២ហើយ នៅសល់តែ៣ថ្ងៃទៀត ពិធីបុណ្យភ្ជុំបិណ្ឌធំនឹងមកដល់។ ដោយសារប្រទេស ជាតិយើងមានសន្តិភាព ទើបយើងមានឱកាស អាចប្រារព្ធពិធីបុណ្យសាសនានានាបាន។ សូមបងប្អូនធ្វើដំណើរ ទៅជួបជុំក្រុមគ្រួសារនៅ តាមខេត្តនានាមានសុខសុវត្ថិភាពតាមផ្លូវ ហើយសូមបើកបរ គោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ទាំងអស់គ្នា។ ដោយសារពេលនេះ មានបងប្អូនធ្វើដំណើរកាន់តែច្រើនឡើង ទៅតាមខេត្តនានា សូមកុំបើកបរលឿនលើសល្បឿន ឬវ៉ាប្រជែងនៅលើផ្លូវ តូចចង្អៀត និងនៅតាមទីប្រជុំជននានាដែលមានអ្នកធ្វើដំណើរច្រើន និងមានមនុស្សឆ្លងកាត់ច្រើន។ ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌគ្រប់ៗគ្នា»។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌប្រារព្ធចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ សម្រាប់ឆ្នាំ២០១៧នេះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងទី២១ ខែកញ្ញា ឆ្នាំ២០១៧ ហើយថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ៕