Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកញ្ញា កម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់កន្រ្តាក់នៅទូទាំងប្រទេស​

17-09-2017 07:22

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់កន្រ្តាក់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ទៀតថា ភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់កន្រ្តាក់ នឹងកើតមានឡើងនៅក្នុងតំបន់មួយចំនួនរួមមាន៖

១៖ តំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះមាននៅខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

២៖ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងវែកវិញ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

៣៖ តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់បង្គួរ ទៅច្រើនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។ លើផ្ទៃសមុទ្រនឹង មានខ្យល់បក់បោកខ្លាំង ជាមួយនឹងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ សមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាច កើតមានជាយថាហេតុ៕