(ហ្វីលីពីន)៖ គណៈប្រតិភូជាន់ខ្ពស់សភានៃកម្ពុជា ដឹកនាំដោយសមេ្តចចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញមក ដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញានោះ។

មហាមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «អាយប៉ា និងអាស៊ានៈ រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់គ្នា»។ ពីធីបើកមហាសន្និបាតជាផ្លូវការនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីកំណត់របៀបវារៈ នៃមហាសន្និបាតហើយនោះ។ សម្តេចប្រធានរដ្ឋសភានឹងចូលរួមក្នុងព្រឹតិ្តការណ៍សំខាន់ទំាងពីរ នៃមហាសន្និបាតនេះ ដោយក្នុងនោះនៅក្នុងពិធីបើកមហាសន្និបាត សម្តេចចក្រី ហេង សំរិន នឹងត្រូវឡើងថ្លែងបទអន្តរាគមន៍ ទៅកាន់អង្គពិធីទៀតផង។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិ បង្កើតឡើងដោយសភាបណ្តាប្រទេសជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ សមាជិកអាយប៉ា បានផ្លាស់វេនគ្នារៀបចំមហាសន្និបាតប្រចាំឆ្នាំ តាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង៕