(ភ្នំពេញ)៖ ប្រជាជនកម្ពុជានឹងមានសេវា Internet ប្រើប្រាស់នៅទូទាំងប្រទេស នៅឆ្នាំ២០២០ខាងមុខ ជាមួយនឹងប្រព័ន្ធ Internet 5G ខណៈតម្លៃការប្រើប្រាស់ក៏រឹតតែថោកជាងមុន។ នេះបើតាមការបញ្ជាក់របស់លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News។  

លោក អ៉ឹម វុត្ថា បានបញ្ជាក់ទៀតថា កត្តាដែលនាំឱ្យកម្ពុជា សម្រេចបានឱ្យប្រជាជន ១០០% នៅឆ្នាំ២០២០ មាន Internet ប្រើប្រាស់៖

* ជំពូក៦ ចាប់ពីមាត្រា៣៩ រហូតដល់មាត្រា៤២ នៃច្បាប់ស្តីពីទូរគមនាគមន៍ និងអនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់ អនុវត្តកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ បានផ្តល់លិទ្ធភាពដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវគោលនយោបាយអនុវត្តនីតិវិធី និងមូលនិធិកាតព្វកិច្ចសេវាសកល (USO) ចំនួន២% នៃចំណូលដុលពីការផ្តល់សេវាទូរគមនាគមន៍ ដែលប្រមូលពីបណ្តាប្រតិបត្តិករទូរគមនាគមន៍ ដើម្បីជម្រុញការអភិវឌ្ឍន៍តំបន់គ្របដណ្តប់បណ្តាញ និងសេវាទូរគមនាគមន៍ ឱ្យដល់ទីជនបទ និងតំបន់មិនមានចំណូលខ្ពស់ ដែលរាប់បញ្ចូលទាំងបណ្តាញនិងសេវា Internet ផងដែរ។

* កម្ពុជានឹងមានបណ្តាញខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រតភ្ជាប់ ទៅបណ្តាញអន្តរជាតិ ដោយផ្ទាល់របស់ខ្លួនចំនួនពីរខ្សែ (MCT-Telcotech & AAE1-CFOCN) និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ដែលសង្ឃឹមថា តម្លៃInternetនឹងមានតម្លៃថោក សមរម្យ និងអាចបម្រើឱ្យបច្ចេកវិទ្យា 5G ដែលពិភពលោកនឹងទទួលបានការអនុម័ត កំណត់ស្តង់ដារឱ្យប្រើប្រាស់នៅឆ្នាំ២០១៩ ទៅ ២០២០។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា មកទល់នឹងចុងខែកក្កដា ឆ្នាំ២០១៧នេះ ចំនួនអ្នកជួលជាវប្រើប្រាស់បណ្តាញInternet មានចំនួនសរុបរហូតដល់ ១០,០២៩,០៥៩នាក់ ត្រូវនឹង៦៦.៨៦% បើធៀបនឹងចំនួនប្រជាជនកម្ពុជា សរុបប្រមាណ១៥លាននាក់ (ដែលក្នុងនោះមានអ្នកជួលជាវបណ្តាញ Internet ចល័តសរុបចំនួន ៩,៩០៧,៤៣១ នាក់ និងបណ្តាញ Internet អចល័តចំនួន ១២១,៦២៨នាក់)។ គិតទៅកើនប្រមាណជា២៤% បើធៀបទៅនឹងតួលេខចុងឆ្នាំ២០១៦ (៨,០៩៩,១៣២នាក់)។ បើពិនិត្យទៅលើតួលេខកំណើន នៃការជួលជាវប្រើប្រាស់បណ្តាញ និងសេវា Internet (ចល័តនិងអចល័ត) ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ឃើញថាគិតជាមធ្យមមានកំណើនចំនួនអ្នកជួលជាវបណ្តាញនិងសេវា Internet ប្រមាណជា៣០% ក្នុងមួយឆ្នាំ។

លោក អ៉ឹម វុត្ថា បន្ថែមទៀតថា មកទល់នឹងខែកញ្ញាឆ្នាំ២០១៧នេះ ក្រុមហ៊ុនឬប្រតិបត្តិករផ្តលសេវា Internet កំពុងតែធ្វើប្រតិបត្តិការមាន៖ ប្រតិបត្តិករផ្តល់សេវា Internet ចល័តចំនួន៧ និងអចល័តមានខ្សែ និងឥតប្រើប្រាស់ខ្សែចំនួន ៣៤។ អ្វីត្បិតតែមិនជាសូវមានគុណភាពសេវាល្អប៉ុន្មានទេ តែអាចទទួលយកបាន សម្រាប់អតិថិជនទូទៅទាំងតម្លៃ និង ការតភ្ជាប់។ បញ្ហាដែលធំនោះគឺតំបន់គ្របដណ្តប់សេវាមានតែក្នុងរាជធានីភ្នំពេញ និង ទីរួមខេត្តធំៗ៕