(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា មិនទុកពេលឲ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងឡាយណា ដែលមិនទាន់គោរពការសម្រេច របស់និយ័តករទូរគមនាគមន៍កម្ពុជា ការលើបញ្ចប់ទាំងស្រុង ចំពោះអ្នកប្រើប្រាស់ស៉ីមកាត់ គ្មានអត្តសញ្ញាណច្បាស់លាស់ ឬ បើកឲ្យដំណើរការមុន (Pre-Active) ទៀតឡើយ។

ពាក់ព័ន្ធនឹងការគ្រប់គ្រងស៊ីមកាតទូរស័ព្ទចល័ត និយ័តករទូរគមនាគមន៍កម្ពុជា បានដាក់កំហិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ប៉ុណ្ណោះ ឲ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ បញ្ឈប់ទាំងស្រុងរាល់ការបើកឲ្យដំណើរមុន ឬ Pre-Active និងការលក់ស៊ីមកាត ដោយគ្មានអត្តសញ្ញាណត្រឹមត្រូវ និងបង្គាប់ឲ្យផ្តល់លិខិតផ្លូវការដើម្បីធានាអះអាងពីការបញ្ឈប់នេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា «នៅតែមានប្រតិបត្តិករ ទូរស័ព្ទចល័តធំៗចំនួនបី គឺក្រុមហ៊ុនស្មាត ក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុនសែលកាត នៅតែមកស្នើសុំឱ្យពន្យារពេលជូនខ្លួនរហូត ដល់ចុងឆ្នាំ២០១៧នេះ ដើម្បីបង្ហើយធ្វើការកែសម្រួល បណ្តាស៊ីមកាតទូរស័ព្ទទាំងឡាយ ដែលមិនមានអត្តសញ្ញាណបណ្ណសម្គាល់។ ប៉ុន្តែបញ្ហានេះ ជំហររបស់និយ័តករទូរគមនាគមន៍កម្ពុជា មិនអនុញ្ញាតឱ្យពន្យារពេលទៀតទេ ហើយកំពុងដាក់ជូនអគ្គស្នងការនគរបាលជាតិ កោះអញ្ជើញអស់លោកប្រតិបត្តិករទាំងនោះ មកជម្រាបការសម្រេចចិត្តចុងក្រោយ»

នៅពេលសួរថា តើនិយ័តករនឹងធ្វើបែបណា បើក្រុមហ៊ុនទាំងនោះមិនព្រមធ្វើតាម? អ្នកនាំពាក្យរូបនេះ បានលើកឡងថា «គ្មានអ្វីក្រៅពីការអនុវត្តទៅតាមច្បាប់ទេ បើនៅតែមិនព្រមអនុវត្តតាមសារាចរ និង ការណែនាំ។ ហើយអ្នកដែលអនវត្ត និង ចាត់វិធានការលើបញ្ហានេះ គឺអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាអធិការកិច្ចទូរគមនាគមន៍ ស្របតាមខ្លឹមសារនៃជំពូក៣ ចាប់ពីមាត្រា៧០ រហូតដល់មាត្រា៧៧ នៃច្បាប់ស្តីពីទូរគមនាគមន៍ និង អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ស្របតាមច្បាប់ និង ក្រមព្រហ្មទណ្ឌធរមាន ហើយស្ថាប័នទាំងពីរបានចងគ្នា ជាគណៈកម្មការប្រតិបត្តិរួចហើយ ដែលមានសមាជិកពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាអ្នកចូលរួមផងដែរ»។

អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ថា ការប្រើប្រាស់ស៉ីមគ្មានឯកសារត្រឹមត្រូវ គឺមានបញ្ហានៅពេលចង់តាមដានស៊ើបអង្កេត លើជនបង្កបទល្មើសនានា យើងអាចរកមិនឃើញអត្តសញ្ញាណសម្គាល់ របស់ជនល្មើសទាំងនោះ ដូចជាពួកឧក្រឹដ្ឋជន និងជនទុច្ចរិត តែងតែប្រើប្រាស់បណ្តាញ និងសេវាទូរគមនាគមន៍ ដូចជា ទូរស័ព្ទចល័ត អចល័ត សេវា VoIP និងអ៊ីធឺណិត ជាមធ្យោបាយធ្វើសកម្មភាពភេរវកម្ម ឧក្រឹដ្ឋកម្មឆ្លងដែន អំពើឆក់ប្លន់ ការចាប់ជម្រិតមនុស្សទារប្រាក់ អំពើឃាតកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ច ការលួចតម្លើង និង ធ្វើអាជីវកម្មសេវាទូរគមនាគម ន៍ខុសច្បាប់តាមគ្រប់រូបភាព ការបញ្ជូនផ្សព្វផ្សាយរូបភាពអាសអាភាស និងអំពើអនាចារផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ទំនៀមទំលាប់ប្រពៃណីរបស់ជាតិ និងសីលធម៌ដ៏ស្អាតស្អំរបស់សង្គម៕

សូមទស្សនាកិច្ចសម្ភាសន៍របស់លោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News ជាមួយលោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍ទាំងស្រុង៖