ទេសរដ្ឋមន្ត្រី សេរី កុសល៖ កុំយកលទ្ធិប្រជាធិបតេយ្យអាមរិក មកបោកប្រជាជន និងអ្នកនយោបាយខ្មែរ, គ្រាប់បែកអាមេរិកលើដីខ្មែរ មិនទាន់រំដោះអស់នៅឡើយទេ (Video Inside)
14-09-2017 18:47
(ភ្នំពេញ)៖ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី សេរី កុសល ដែលជាអ្នកនយោបាយខ្មែរជើងចាស់ ធ្លាប់បានហែលឆ្លងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា បានថ្លែងខ្លាំងៗទៅកាន់ប្រទេសមហាអំណាចសហរដ្ឋមេរិក និងអ្នកនយោបាយមួយចំនួនលើឡើងថា លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា កំពុងធ្លាក់ចុះដោយសារ ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ប៉ុន្តែត្រូវបានលោកលើកឡើងថា គ្រប់ប្រទេសនៅលើសាកលលោកលទ្ធិប្រជាធិបតេយ្យគ្មានស្តង់ដារណាកំណត់ឡើយ ហើយកុំយកពាក្យថា លិទ្ធិប្រជាធិបតេយ្យរបស់អាមេរិកមក បោកប្រាស់ប្រជាពលរដ្ឋ និងអ្នកនយោបាយកម្ពុជា។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងយ៉ាងដូច្នេះថា «លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ស្ថិតនៅក្រោមរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ គឺគោរពទៅតាមស្ថានភាពរបស់កម្ពុជា។ កុំមកបំភ្លៃរបៀបលទ្ធិប្រជាធិបតេយ្យ យកពីអាមេរិកមកដាក់នៅកម្ពុជា សុំអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ នៅក្រោមដំបូលរាជានិយម កុំយកមកបោកខ្មែរ និងអ្នកនយោបាយផ្សេងទៀត»។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា បើទោះបីជាកម្ពុជា មានសុខសន្តិភាពពេលលេញក៏ពិតមែន ប៉ុន្តែគ្រាប់បែកដែលបន្សល់ទុក ដោយសារសហរដ្ឋអាមរិក ដែលមានគ្រាប់បែកគីមីផងដែរ រហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់ដោះអស់នៅឡើយនោះទេ គឺត្រូវចំណាយពេលរហូតដល់២០២៥ ទើបកម្ពុជារំដោះអស់។
លោកបន្តថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមបុណ្យកុសល្យ ដែលខ្ញុំបាទបានធ្វើទាំងប៉ុន្មាន សូមឧទ្ទិសដល់បងប្អូនខ្មែរកន្លះលាននាក់ ដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់ បែករបស់ដ៏សាហាវឃោរឃៅពីសហរដ្ឋអាមេរិក និងខ្មែរជិត៣លាននាក់ ដែលស្លាប់ក្នុងរបបប៉ុលពត ដោយសារការគាំទ្រពីសហរដ្ឋអាមេរិក ហើយដែលត្រូវក្រុមរបបខ្មែរក្រហមយកទៅសម្លាប់ចោល ក្នុងនោះមានទាំងក្រុមគ្រួសារខ្ញុំ ចំនួន១៦នាក់ផងដែរ»។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕