(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សំណូមពររបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានស្នើសុំមកឲ្យអាជ្ញាធរ ជួយចាក់បេតុងឲ្យខ្ពស់ ដើម្បីបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀង និងធ្វើផ្លូវចាក់ជាបេតុង ដើម្បីមានភាពងាយស្រួលធ្វើដំណើរចេញ-ចូលគ្រប់មធ្យោបាយ ពិសេសបញ្ហា កកស្ទះប្រព័ន្ធលូបង្ហូរទឹក ដែលផ្ដើមចេញពីកាកសំណល់សម្រាម ទាំង៣កន្លែងខាងលើនេះ ត្រូវបានលោកយកថវិកាផ្ទាល់ខ្លួនជិតមួយចំនួន ក្នុងការស្ថាបនា និងស្ដាររួចរាល់ជាស្ថាពរហើយ ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។   

លោក ជា ពិសី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News បែបនេះ ក្រោយពេលដែលឯកភាពទទួលយកសំណូមពរ និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងទទួលរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀង និងស្ថានភាពផ្លូវច្រកចូលផ្សារក្រមួន មានការលំបាកធ្វើដំណើរចេញចូលគ្រប់មធ្យោបាយ ពិសេសបញ្ហា កកស្ទះប្រព័ន្ធ លូបង្ហូរទឹក ផ្ដើមចេញពីកាកសំណល់សម្រាមផ្សេងៗ ដល់ទៅ៣កន្លែង ទាំងការស្ថាបនាផ្លូវចាក់ជាបេតុង និងស្ដារប្រព័ន្ធលូ តាំងពីថ្ងៃទី៣០ ខែសីហា មកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ទើបរួចរាល់ជាស្ថាពរ និងទទួលបានការថ្លែងអំណរគុណពីប្រជាពលរដ្ឋផងដែរ ដោយទីតាំងទី១-នៅត្រង់ចំណុចកែងផ្លូវជាតិលេខ៥ ច្រកចូលផ្សារក្រមួន គីឡូម៉ែត្រលេខ៩ ស្ថិតក្នុងភូមិ២ សង្កាត់ច្រាំងចំរេះទី១ ទីតាំងទី២-នៅជាប់របងសាលាចំរើនជាតិ ស្ថិតក្នុងក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ និងទីតាំងទី៣-នៅម្ដុំលក់ផ្កា រហូតដល់ហ្គោលស៉ីធី ស្ថិតនៅត្រង់ចំណុចកែង​ស្តុបផ្លូវលេខ៥៩៨ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ការទទួលយកសំណូមពរ និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀង និងស្ថានភាពផ្លូវចូលផ្សារក្រមួន ក៍ដូចជាចូលលំនៅដ្ឋានប្រជាពលរដ្ឋ មានការពិបាកធ្វើដំណើរចេញ-ចូល ក៏ដូចជាបញ្ហាកកស្ទះប្រព័ន្ធលូបង្ហូរទឹក ផ្ដើមចេញពីកាកសំណល់សម្រាម ចំនួន៣កន្លែង រហូតឈានដល់ការស្ថាបនាផ្លូវចាក់ជាបេតុង បញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀង និងស្ដារទាំងប្រព័ន្ធលូបង្ហូរទឹក ដែលមានការកកស្ទះ ពីកាកសំណល់សម្រាម រហូតម្រេចរួចរាល់ និងមានការអបអរសាទរពីប្រជាពលរដ្ឋ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា ចំពោះថវិកាចំណាយទៅលើការស្ថាបនាផ្លូវចូលផ្សារ ក៏ដូចជាចូលលំនៅដ្ឋាន និងបញ្ជៀសបានទាំងការលិចលង់ពីជំនន់ទឹកភ្លៀង រួមនិងប្រមូលទាំងកាកសំណល់សម្រាម ដែលធ្វើឲ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកតាមដងផ្លូវសាធារណៈ ដោយចាក់ជាបេតុងឲ្យខ្ពស់ ពិតជាចំណាយមិនតិចទេ ហើយក៏មិនច្រើនដែរ តែជាសេវាតម្រូវការដ៏ចាំបាច់ចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរមូលដ្ឋាន ដាច់ខាត ត្រូវតែធ្វើការដោះស្រាយសំណូមពរ តាមលទ្ធភាព ដែលអាចធ្វើទៅបាន ជូនប្រជាពលរដ្ឋ៕