(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញានេះ ក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈទៅតាមបណ្តាខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែកញ្ញាស្អែកនេះ។
សូមជម្រាបថា ក្រសួងអប់រំ ធ្លាប់បានប្រកាសថា ក្រសួងនឹងការប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅថ្ងៃទី១២ ខែកញ្ញា សម្រាប់ភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី១៣ ខែកញ្ញា សម្រាប់បណ្តាខេត្តផ្សេងៗ ប៉ុន្តែការប្រកាសលទ្ធផលនេះ ត្រូវបានធ្វើឡើងមុខពេលកំណត់។
ក្រសួងអប់រំបញ្ជាក់ថា ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ៕