(ភ្នំពេញ)៖ ប្រជាជនកម្ពុជានៅចាំយ៉ាងច្បាស់ថា នៅពេលបេក្ខជនតំណាងរាស្ត្រអាណត្តិទី៥ ត្រូវបានព្រះមហាក្សត្រកោះហៅចូលប្រជុំសភាលើកទី១ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីផ្តល់សុពលភាព គឺមានតែក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ៦៨រូបប៉ុណ្ណោះ ដែលចូលរួមចំណែក ក្រុមបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥នាក់ក្នុងនោះមាន សម រង្ស៊ី និងកឹម សុខា បានធ្វើពហិការ និងបានប្រឆាំងនឹងព្រះរាជបញ្ជា ហើយនាំគ្នាទៅ ធ្វើពិធីសម្បថនៅមុខប្រាសាទអង្គរវត្តដាច់ដោយឡែកតែឯង។ ក្នុងចំណោមពាក្យសម្បថដែលដឹកនាំស្បថដោយ យ៉ែម ប៊ុញ្ញាឫទ្ធិ បានឱ្យក្រុមបេក្ខជនតំណាងរាស្ត្រ បក្សសង្គ្រោះជាតិថា តាមដើម្បីស្បថនៅចំពោះមុខដោយបារមីអតីតព្រះមហាក្សត្រ និងបារមីព្រះបាទជ័យវរ្ម័នទី៧ និងបារមីផ្សេងទៀតថា «យើងខ្ញុំហ៊ានប្តូរផ្តាច់មិនក្បត់ ជាតិមាតុភូមិឡើយ មិនក្បត់ឆន្ទៈរាស្ត្រ...»។ តែរយៈពេល ៤ ឆ្នាំ ក្រោយពីសម្បថនៅមុខប្រាសាទអង្គរវត្ត តើមានអ្វីកើតឡើងសម្រាប់មន្ត្រីគណបក្សសង្គ្រោះជាតិ?

ទី១៖ ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានប្រកាសដាច់ខាតមិនទទួលស្គាល់លទ្ធផលបោះឆ្នោត រហូតដល់ប្រមាថសភាជាតិខ្មែរថា សភាមិនគ្រប់ទឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចោរ និងប្រកាសថាបើចូលសភា គឺចូលរួមទទួលស្គាល់ចោរ និងចាត់ទុកខ្លួនឯងជាអាចម៌គោជាដើម។ តែទីបំផុត ការកៀងគរកម្លាំងមកធ្វើបាតុកម្មរាប់ខែនៅទីលានប្រជាធិបតេយ្យ គឺគ្រាន់តែដើម្បីដាក់សម្ពាធចែកអំណាចនិងបង្កប់ ដោយផែនការទុច្ចរិតផ្តួលរំលំ របបដឹកនាំនិងថ្នាក់ដឹកនាំប្រទេសកម្ពុជាតាមចៅហ្វាយនាយបរទេសរបស់ខ្លួន។ នៅពេលចរចា សម រង្ស៊ី និង កឹម សុខា បានថ្លែងទទួលស្គាល់លទ្ធផលបោះឆ្នោត និងទាមទារចែកអំណាច ទារយកតំណែងប្រធានរដ្ឋសភាជាដើម ផ្ទុយពីអ្វីដែលខ្លួនបានសន្យានៅចំពោះមុខបាតុករថា «មិនចរចាដើម្បីអំណាច» ឡើយ។ នេះគឺក្បត់នឹងអ្វីដែលបានធ្វើសម្បថចំពោះមុខបារមីប្រាសាទអង្គរវត្តថា មិនក្បត់ឆន្ទៈរាស្ត្រ។ ហេតុដូច្នេះហើយបានជាពួកគេត្រូវបណ្តាសាដូចដែលខ្លួនបានស្បថ។

ទី២៖ នៅអំឡុងខែកក្កដា ឆ្នាំ២០១៤ មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនដឹកនាំដោយមូរ សុខហួរ, ហូរ វ៉ាន់, នុត រំដួល, រៀល ខេមរិន្ទ, ម៉ែន សុថាវរិន្ទ្រ, មៀច សុវណ្ណារ៉ា ជាដើមបានធ្វើកុបកម្មរំដោះទីលានប្រជាធិបតេយ្យដោយមានរៀបចំអង្គការចាត់តាំងច្បាស់លាស់ ព្រមទាំងបានហាត់សមធ្វើបាតុកម្មទៀត និងត្រៀមសម្ភារៈវាយសំពងទៅលើកម្លាំងសមត្ថកិច្ច។

អំពើហិង្សាដ៏សាហាវឃោរឃៅដែលធ្វើឡើងហាក់ដូចជា សងសឹកលើកម្លាំងសមត្ថកិច្ចដែលអនុវត្តច្បាប់ប្រឆាំងកម្លាំងអនាធិបតេយ្យ ហើយត្រូវបានគេដឹងថា ស្ថិតក្នុងគម្រោងផែនការបង្កចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ និងញុះញង់ឱ្យមានអំពើហិង្សា ស្ថិតក្នុងគម្រោងការនៃបដិវត្តន៍ពណ៌ក្នុងចេតនាបំផ្លាញ សណ្តាប់ធ្នាប់សាធារណៈ និងអូសកម្ពុជាចូលទៅក្នុងភាពវឹកវរ បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជា។ នេះគឺជាទង្វើក្បត់នឹងឆន្ទៈរាស្ត្រមួយនគរ។
ប្រជាពលរដ្ឋមានសិទ្ធិមាននិន្នាការនយោបាយតាមតែខ្លួនយល់ថា ត្រឹមត្រូវ ប៉ុន្តែពួកគាត់នឹងមិនចង់បាននូវការធ្វើបដិវត្តន៍ផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលនាំ ឱ្យមានសង្គ្រាម និងអស្ថេរភាពឡើយ។ ដោយសារតែក្បត់នឹងការចង់បានសន្តិភាពនិងការអភិ វឌ្ឍរបស់រាស្ត្រ ក្រុមជនដែលធ្វើកុបកម្មនេះត្រូវបានតុលាការចាប់ខ្លួន និងចោទប្រកាន់អំពីបទដឹកនាំធ្វើកុបកម្ម ញុះញង់ឱ្យមានការប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទផ្តើមគំនិតក្នុងការប្រព្រឹត្តអំពើហិង្សា ដោយចេតនាដោយមាន ស្ថានទម្ងន់ទោស។ អ្នកប្រព្រឹត្តល្មើសខ្លះកំពុងជាប់ពន្ធនាគារ និងអ្នកមួយចំនួនទៀត សំណុំរឿងនៅតម្កល់នៅតុលាការនៅឡើយមិនទាន់ចាត់ការនៅឡើយ។ ប្រសិនបើចាញពាក្យសម្បថនៅមុខអង្គរ អ្នកដែលជាប់ពាក់ពន្ធកំពុងតែនៅមាន សេរីភាពនៅឡើយនឹងអាចត្រូវប្រឈមមុខនឹងច្បាប់បន្ថែមទៀត។

ទី៣៖ ក្រោយពីដោះស្រាយការឡាំប៉ាមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមបង្កើតវប្បធម៌សន្ទនា ហើយ សម រង្ស៊ី បានគាំទ្រនិងចូលរួមបង្កើតបានបង្កើតវប្បធម៌សន្ទនានេះ។ គឺមុខប្រាង្គប្រាសាទអង្គរដែលមេដឹកនាំគណបក្សនយោបាយទាំងពីរ បានបង្ហាញពីភាពល្អូកល្អិនរវាងគ្នា។ រាត្រីទឹកឃ្មុំនេះមិនមានអាយុដល់មួយឆ្នាំផង ក៏ចាប់ផ្តើមប្រេះស្រាំដោយសារតែ សម រង្ស៊ី ប្រើយុទ្ធសាស្ត្រ សម រង្ស៊ី ចាប់ដៃ ទុកឱ្យកឹម សុខា ជាន់ជើង និងវាយប្រហារដៃគូគ្រប់ឱកាសដោយចោទរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ថា ជារដ្ឋាភិបាលផ្តាច់ការ ឬអសមត្ថភាពក្នុងការដឹកនាំជាដើម ដែលការលើកឡើងនេះ គឺផ្ទុយទាំងស្រុងពីស្មារតីនៃវប្បធម៌សន្ទនា។

ដោយសារតែក្បត់នឹងពាក្យសន្យារបស់ខ្លួន មានភាពមិន ស្មោះត្រង់ក្នុងការសន្ទនា និងមានចេតនាសុច្ចរិតក្នុងការចូលរួមបង្កើតវប្បធម៌សន្ទនាបារមីប្រាសាទអង្គរវត្ត មិនបានជួយសម រង្ស៊ី ឡើយ និងបានចាញ់ពាក្យសម្បថ របស់ខ្លួន នៅមុខប្រាសាទអង្គរ សម រង្ស៊ី ត្រូវបានជាប់ចោទពីបទល្មើសជាច្រើន ដែលខ្លួនបានបំពានច្បាប់ ហើយត្រូវបានតុលាការជំនុំជម្រះក្តី និងផ្តន្ទាទោសដាក់ពន្ធនាគារ។ មិនតែប៉ុណ្ណោះទង្វើរបស់ សម រង្ស៊ី ផ្ទុយពីឆន្ទៈរបស់រាស្ត្រ និងប្រឆាំងនឹងផលប្រយោជនជាតិ ​និងបានវាយបំបែកឆ្នាំងបាយរបស់រាស្ត្រ នៅពេល សម រង្ស៊ី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិកុំផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញ ផលិតផលពីកម្ពុជា។

លទ្ធផលនៃការចាញ់សម្បថនៅមុខប្រាសាទអង្គរវត្ត សម រង្ស៊ី ត្រូវបានខ្ចាត់ព្រាត់ពីប្រទេសកម្ពុជា រស់នៅនិរទេសខ្លួនឯង គេចចេញពីការ អនុវត្តច្បាប់។ មិនតែប៉ុណ្ណោះ បារមីប្រាសាទអង្គរមិនជួយ សម រង្ស៊ី ថែមទាំងបាត់បង់តំណែងជាប្រធានគណបក្ស សង្គ្រោះជាតិដោយសារតែចាញ់បោកយុទ្ធសាស្ត្រនយោបាយ កឹម សុខា ដៃគូស្លាប់រស់របស់ខ្លួន។ អំណេះតទៅ សម រង្ស៊ី នឹងអាចគ្មានវាសនាជាន់ដីកម្ពុជាជាថ្មីក្នុងពេលវេលានៅសេសសល់សម្រាប់ជីវិតរបស់ខ្លួន ព្រោះជាជនកំសាក មិនហ៊ានទទួលខុសត្រូវចំពោះមុខនៃអំពើល្មើសច្បាប់របស់ខ្លួន។

ទី៤៖ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកទល់ពេលនេះ កឹម សុខា និងសហការីរបស់ខ្លួនមួយចំនួនបានទទួលផែនការសម្ងាត់ រួមនឹងថវិកាពីអាមេរិកដើម្បីធ្វើបដិវត្តន៍ ផ្លាស់ប្តូររបប និងមេដឹកនាំនៅកម្ពុជា។ ផែនការនេះត្រូវបាន កឹម សុខា សារភាព ខ្លួនឯងនៅក្នុងជំនួបជាមួយអ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីកាលពីចុងឆ្នាំ ២០១៣ ព្រមទាំងបានថ្លែងទទួលស្គាល់ថាក្នុងនាមអនុប្រធានគណបក្សសង្គ្រោះជាតិ កឹម សុខា បានទទួលថវិកាពីរដ្ឋាភិបាលអាមេរិករយៈពេល៥ឆ្នាំ ហើយក្នុងការអនុវត្តគម្រោង ប្រជាធិបតេយ្យរបស់ខ្លួនរហូតដល់មានការក្រោកឈររបស់ប្រជាពលរដ្ឋនៅពេលនេះ ហើយនឹងអនុវត្តផែនការជាបន្តបន្ទាប់ដើម្បីផ្លាស់ប្តូរ របបដឹកនាំនៅកម្ពុជា។
ផែនការដែលអនុវត្តដោយកឹម សុខា គឺល្មើសទៅនឹងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាអំពីបទសន្ទិដ្ឋិភាពជាមួយបរទេស អំពើត្រូវរ៉ូវគ្នាជាសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសដើម្បីបង្កើតឱ្យមានប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ កឹម សុខា បានអនុវត្តនូវផែនការ សម្ងាត់ និងសកម្មភាពឃុបឃិតគ្នាជាមួយបរទេសក្បត់ជាតិដែលធ្វើឱ្យមានភាពវឹកវរ និងប៉ះពាល់ដល់កម្ពុជា។

ខណៈខ្លួនជាតំណាងរាស្ត្របានស្បថនៅចំពោះមុខបារមីនៃប្រាសាទអង្គរវត្ត និងក្រោយមកស្បថនៅចំពោះមុខព្រះស្វេតឆ័ត្រ ព្រះមហាក្សត្រខ្មែរ ថាខ្លួនមិនក្បត់ជាតិ មាតុភូមិ ប៉ុន្តែ កឹម សុខា មិនបានស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រឡើយ ពោលគឺ កឹម សុខា បានអនុវត្តផែនការក្បត់ជាតិតាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ។ ដោយសារតែក្បត់នឹងពាក្យសម្បថរបស់ខ្លួននៅចំពោះមុខប្រាសាទអង្គរវត្ត បានធ្វើឱ្យ កឹម សុខា ត្រូវទេវតាបរាហើយត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ។ សំណុំរឿងនេះអាចមិនមែនជាប់ត្រឹម កឹម សុខា ទេ ព្រោះបើគ្មានបណ្តាញ និងអ្នកបន្តអនុវត្តក៏ផែនការនេះមិនអាចឈានមក ដល់ដំណាក់កាលនេះ ហើយពួកគេត្រៀមវាយផ្តាច់ព្រ័ត្រនៅឆ្នាំ ២០១៨។ តែចៃដន្យបារមីប្រាសាទអង្គរបានវាយបំបែកផែនការនេះ ដោយធ្វើឱ្យមេគំនិតបដិវត្តន៍ ពណ៌នៅកម្ពុជាត្រូវជាប់ជុច ហើយគូកនបរទេសមួយចំនួនត្រូវបានខ្ចាត់ព្រាត់ចេញពីកម្ពុជា។

បើពិនិត្យមើលអ្វីដែលគណបក្ស និងមន្ត្រីបក្សសង្គ្រោះទទួលនៅពេលនេះ ហាក់ដូចជាបង្ហាញពីលទ្ធផលនៃការក្បត់នឹងពាក្យសម្បថរបស់ខ្លួននៅមុខប្រាសាទអង្គរ ព្រោះពាក្យសម្បថដ៏ស័ក្តិសិទ្ធបានស្បថនៅមុខប្រាសាទអង្គរវត្តដ៏មានបារមី ប៉ុន្តែទង្វើរបស់ពួកគេគឺផ្ទុយនឹងអ្វីដែលខ្លួនបានស្បថ ដោយបានក្បត់ជាតិ និងក្បត់ឆន្ទៈរាស្ត្រ។
តើកម្ពុជាមានសិទ្ធិកម្ចាត់ជនក្បត់ជាតិដែរទេ? ហេតុអ្វីបានជាប្រទេសមួយចំនួនចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំណាត់ការលើជនក្បត់ជាតិដូច កឹម សុខា និងគូកនរបស់ខ្លួន? ចុះបើពលរដ្ឋរបស់ប្រទេសរបស់ខ្លួនត្រូវរ៉ូវជាមួយបរទេសក្បត់ជាតិ តើប្រទេសទាំងនោះនឹងចេញលិខិតអបអរសាទរឬយ៉ាងណា? ចំណែក ពលរដ្ឋខ្មែរមួយចំនួនដែលកំពុងធ្វើបាតុកម្មនៅក្រៅប្រទេសក្រោមលេសថា ទាមទារឱ្យដោះលែងជនត្រូវចោទពីបទក្បត់ជាតិដូច កឹម សុខា គឺកំពុងគាំទ្រឱ្យបរទេស បំផ្លាញប្រទេសរបសខ្លួន និងគ្រាន់តែដើម្បីបំពេញភាពស្របច្បាប់ដល់បរទេសដើម្បីបំផ្លាញជាតិនិងមាតុភូមិកម្ពុជាតែប៉ុណ្ណោះ។ ពាក្យចាស់ពោលថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»! កម្ពុជាមានរបៀបធ្វើការរបស់ខ្លួនស្របតាមច្បាប់ និងនិយាមអន្តរជាតិដែលមាន។

ដូច្នេះវាជាភាពចាំបាច់ដែលកម្ពុជាជារដ្ឋអធិបតេយ្យមួយ ត្រូវអនុវត្តច្បាប់ដើម្បីកម្ចាត់ជនក្បត់ជាតិ ដែលប៉ុនប៉ងយកកម្ពុជាដាក់ក្រោមចំណុះបរទេសអនុវត្តផែនការ បដិវត្តន៍ផ្លាស់ប្តូររបបនិងមេដឹកនាំ ប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។ អ្វីដែលមន្ត្រីបក្សសង្គ្រោះជាតិជួបប្រទះនៅពេលនេះ ទំនងមកពីពួកគេក្បត់ នូវពាក្យសម្បថរបស់ខ្លួនហើយ! ហើយអ្នកចាញ់សម្បថនឹងត្រូវបង្ហាញខ្លួនជាបន្តបន្ទាប់នាពេលខាងមុខនៅចំពោះមុខច្បាប់៕

ដោយ៖ ចៅចាក់ស្មុក