(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជិត៤០ម៉ឺនតោន កើនឡើង១៦ភាគរយ បើធៀបដូចគ្នាឆ្នាំ២០១៦។

របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបការនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧បានបញ្ជាក់ថា ចាប់ពីខែមករា ដល់សីហា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបាន ចំនួន៣៧២,១៩០តោន កើតឡើង១៦.៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៥៤២,៣៩៦តោន។

យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១០ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត៥ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសប៉ូឡូញដែលមានចំនួនជាង៣ម៉ឺនតោន។

នៅឆ្នាំ២០១៦កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥០ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕