(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ​ បានចេញផ្សាយនូវវីដេអូមួយ ដោយបង្ហាញពីកែសម្រួល នៃការផ្តល់សេវាបង់ពន្ធអចលនទ្រព្យ ជូនអ្នកជាប់ពន្ធ ឲ្យកាន់តែមានភាពងាយស្រួល ខ្លាំងឡើងថែមទៀត និងមិនបង្កភាពស្មុគស្មាញ ចំពោះអ្នកជាប់ពន្ធ។

ថ្លែងក្នុងវីដេអូរយៈពេលជិត៧នាទី លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកពន្ធដារ បានបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំបន្តបន្ទាប់នោះ អគ្គនាយកដ្ឋានពន្ធដារ បានតម្រូវឲ្យម្ចាស់អចលនទ្រព្យ បំពេញអាសយដ្ឋានបច្ចុប្បន្ន សាអេឡិចត្រូនិច និងលេខទូរស័ព្ទឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់ព័ត៌មានផ្សេងៗ ស្តីពីពន្ធដារ និងដើម្បីធ្វើបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ។

លោកបន្តថា លោកអ្នកដែលមាន អចលនទ្រព្យបើសិនជាងចង់ ឲ្យយើងខ្ញុំផ្តល់សេវាឲ្យបានល្អ សូមមកធ្វើបណ្ណសម្គាល់អចលនទ្រព្យ ដែលជាអត្តសញ្ញាណនៃអចលនទ្រព្យ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បង្កើតឲ្យមានភ្នាក់ងារផ្តល់ប័ណ្ណសម្គាល់ការបង់ពន្ធ និងសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធលើអចលនទ្រព្យ ដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដល់គេហដ្ឋានផងដែរ ដែលក្នុងសេចក្តីជូនដំណឹងនោះ មានតារាងលម្អិត និងទឹកប្រាក់ដែលត្រូវបង់ពន្ធ។

ជាងនេះទៅទៀតនោះ បើតាមការបញ្ជាក់របស់ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យមានការបង់ប្រាក់ពន្ធតាមប្រព័ន្ធ Online ដើម្បីសម្រួលដល់ម្ចាស់អចលទ្រព្យ ឲ្យកាន់តែងាយស្រួល និងទាន់ពេលវេលាផងដែរ។

សូមជម្រាបថា ការបង់អចលនទ្រព្យសម្រាប់ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ សូមម្ចាស់អចលនទ្រព្យដែលជាប់កាតព្វកិច្ចបង់ពន្ធ ប្រញាប់ទៅបង់ពន្ធឲ្យទាន់ពេលវេលា។ ប្រសិនបើម្ចាស់អចលនទ្រព្យទាំងឡាយណា ដែលមិនទៅបង់ពន្ធនឹង ទទួលរងនូវទោសទណ្ឌ៕