(ភ្នំពេញ)៖ ជិតដល់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី តាមទម្លាប់ការបោះបាយបិណ្ឌ គឺធ្វើឡើងនៅគ្រប់វត្តអារ៉ាមទូទាំងប្រទេស សម្តៅរំដោះព្រលឹងដែលអត់ឃ្លាន និងបញ្ជូនបុណ្យកុសលឱ្យឆាប់ចាប់ជាតិទៅឋានជីវិតថ្មី។ ការរៀបរាប់នេះសម្តៅរំលឹកដល់ជីវិតអតីតយុទ្ធជនដែលបានពលីជីវិតក្នុងសង្គ្រាមតស៊ូសង្គ្រោះជាតិ មាតុភូមិគ្រប់ដំណាក់កាលតស៊ូ នៃការផ្លាស់ប្តូររបបប្រល័យពូជសាសន៍ និងជំនួសមកវិញដោយរបបប្រជាធិបតេយ្យពិតប្រាកដជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប។
ចិត្តលះបង់ ចិត្តអង់អាច ចិត្តតស៊ូ គឺជាឆន្ទៈនៃការសង្គ្រោះជាតិ ដែលដៃត្រូវកាន់អាវុធ កៀកស្មាគ្នាសាមគ្គីបងប្អូនរវាងយុទ្ធមិត្តទាំងអស់ដើម្បីជីវិតប្រជាជន និងប្រទេសជាតិ។ ដូច្នេះហើយព្រលឹងអ្នកទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ បានឃើញជាតិរស់ឡើងវិញហើយ បានឃើញជាតិមានអត្តសញ្ញាណ ឡើងវិញហើយ បានឃើញជាតិមានសិរីសួស្តីហើយ បានឃើញឆន្ទៈស្មោះត្រង់របស់ស្តេចនិងមន្ត្រីធ្វើការរួមគ្នាដើម្បីសន្តិភាពហើយ ព្រលឹងយុទ្ធមិត្តក៏នៅតែមិន ដាច់ចិត្តហោះហើរទៅចោលភាពក្រីក្ររបស់ប្រជាជនដែរ ព្រោះព្រលឹងវរជនយើងខ្លាចមានអ្នកនយោបាយក្បត់ជាតិដឹកនាំប្រទេស ទៅរកផ្លូវខុសម្តងទៀតដោយសារតែចាញ់បោកបរទេស។
តម្លៃនៃព្រលឹងរបស់រវរជនមានការសោកស្តាយខ្លាំងណាស់ ព្រោះមិនអស់ចិត្តថា ហេតុអ្វីឈានដល់ដំណាក់កាលសុខសន្តិភាពដែលរកបានដោយលំបាក ម្តេចក៏មានអ្នកនយោបាយមួយក្រុមនាំគ្នាប្រមាថ លើផ្លាកព្រលឹងរបស់ពួកគាត់ បន្តចាញ់កលបរទេសហើយ បង្កើតយីហោ «សង្គ្រោះជាតិក្លែងក្លាយ» ចង់ឆក់យកជីវិតរាស្ត្រមួយជំនាន់ទៀត ដោយមិនគោរពកោតខ្លាចបណ្តាសារដូនតាទៅវិញ?
ចំណុចនេះហើយទើបបារមីផ្លូវក្នុងមិនអស់ចិត្តព្រោះចង់ឱ្យកូនខ្មែរឈប់យកល្បែងសង្គ្រាមមកលលេងដាក់គ្នា លោកក៏បានរំលឹកឱ្យសមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគិតពិចារណាឡើងវិញ ថាគួរឈប់ប្រើឈ្មោះយីហោនេះទៅ ព្រោះជាបារមីនៃសាច់និងឈាម មិនអាចសាមញ្ញជនជំនាន់ថ្មី យកមកដាក់ជាឈ្មោះគណបក្សតាមទស្សនៈបរទេសដែលមិនស្គាល់ និងមិនមានជំនឿលើវត្ថុសក្តិសិទ្ធការពារទឹកដីខ្មែរ នោះទេ។
បារមីផ្លូវក្នុងប្រាប់ថា បើកូនចៅគណបក្សសង្គ្រោះជាតិនៅតែចង់ប្រើយីហោនេះ នោះអស់លោកមិនលើកលែងទេព្រលឹងនឹងបន្តចងពៀររហូត ព្រោះជាក់ស្តែងទើបតែពីរឆ្នាំ ស៊ីមេបក្សដល់ទៅពីររូបទៅហើយ នេះមិនទាន់គិតដល់អ្នក ដើរតាមគោលនយោបាយក្លែងក្លាយ យីហោបក្សក្លែងក្លាយ ជាច្រើននាក់ទៀតផង។
ជាដំណោះស្រាយទៅអនាគត បើសមាជិក សមាជិកាគណបក្សនេះអាចមានការពិចារណាដោយគតិបណ្ឌិតខ្លះធ្វើវិសោធនកម្មប្តូរយីហោ និង រើសមេដឹកនាំថ្មីប្រហែលជាគណបក្សមានផ្លូវសង្ឃឹមខ្លះ នោះប្រហែលអាចជាវិធីឧបកិច្ចរំដោះគ្រោះឧបទ្រុបចង្រៃ ហើយព្រលឹងវរជននឹងមិនបន្តចងអាពាធិទេ ព្រោះរដូវបោះបាយបិណ្ឌខិតកាន់តែជិតហើយ៕
អត្ថបទវិភាគ៖ កោះកេរ្តិ៍