(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ ជាសេនាធិការ រួមជាមួយផ្នែកឯកជន បានឯកភាពគ្នាដាក់ផែនការសំខាន់ៗ ៧ចំណុច ក្នុងការៀបចំក្រុងសៀមរាប ឲ្យក្លាយជាបេក្ខភាពចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨ មួយ ក្នុងចំណោមក្រុងដទៃទៀតរបស់កម្ពុជា។

ការដាក់ផែនការនេះធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍រដ្ឋ-ឯកជន ក្នុងវិស័យទេសចរណ៍ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីអាជ្ញាធរជាតិអប្សារា គ្រឹះស្ថានអង្គរ និងមន្ទីរជំនាញពាក់ព័ន្ធ នគរបាលទេសចរណ៍ ស្ថានកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប​ ប្រតិបត្តិករទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ យុវជន និងទេសចរជាតិ-អន្តរជាតិសរុបប្រមាណ ៣៥០នាក់។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដោយផ្សារភ្ជាប់នូវកម្មវិធីផ្សព្វផ្សាយការប្រទ្បងប្រណាំងបង្គន់សាធារណៈកម្ពុជា ចលនាប្រទ្បងប្រណាំងទីក្រុងស្អាតទេសចរណ៍អាស៊ាន និងយុទ្ធនាការកម្ពុជាស្អាត Cambodia Clean-Up សម្រាប់ខេត្តសៀមរាបផងដែរ។

ខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដែលទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍មកកម្សាន្ត។ ជាក់ស្តែង ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ ខេត្តសៀមរាបទទួលបានទេសចរសរុប ៣,៧៨៣,៧២៤​នាក់ កើនទ្បើង ១១.៩៤% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២,៣៦៧,៦៩៦នាក់ កើនទ្បើង ១១.៩៧% និងភ្ញៀវទេសចរអន្តរជាតិចំនួន ១,៤១៦,០២៨នាក់ កើនទ្បើង ១១.៩៩%។

ក្នុងឱកាសនោះដែរ លោក ថោង ខុន បានឯកភាពដាក់ចេញកម្មវិធីការងារចាត់តាំងអនុវត្ត ដើម្បីបេក្ខភាពខេត្តសៀមរាប ជាបេក្ខភាពចលនាប្រទ្បងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០១៨ មានដូចខាងក្រោម៖

១៖ បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អដល់ភ្ញៀវទេសចរ។

២៖ ​បន្តពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមគោលដៅទេសចរណ៍សំខាន់ ដោយទប់ស្កាត់ឲ្យបាននូវការប្រើប្រាស់ដីចំណីផ្លូវសម្រាប់ធ្វើអាជីវកម្ម ការចតម៉ូតូ រ៉ឺម៉ក រថយន្ត គ្មានសណ្តាប់ធ្នាប់ និងបន្តរៀបចំឲ្យមានផ្លូវដើរសម្រាប់ទេសចរឲ្យបានច្រើន ពិសេសពង្រឹងសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្រ្ទីត ក្នុងនោះលោក ឃឹម ប៊ុនសុង បានដាក់ចេញនូវឱសានវាទត្រឹមដើមខែតុលា ឆ្នាំ២០១៧ ​ឲ្យអាជីវកម្មទាំងអស់ដែលបំពានយកដីចំណីផ្លូវ ត្រូវរុះរើជាបន្ទាន់ និងដាច់ខាត និងទប់ស្កាត់ឲ្យបាននូវការរំខានដោយសំឡេងដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាជីវកម្មដទៃទៀតដោយចុះធ្វើការណែនាំដល់ទីតាំងផ្ទាល់ ក្នុងនោះរដ្ឋបាលខេត្តសៀមរាបនឹងចាត់វិធានការច្បាប់ ចំពោះម្ចាស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដែលបន្តមិនគោរពតាមការណែនាំអប់រំកិច្ចសន្យា ដោយអាចឈានដល់ការបិទអាជីវកម្មតែម្តង។

៣៖ ​រៀបចំយុទ្ធសាស្រ្ត និងផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងសំណល់រឹង ពិសេសយន្តការប្រមូលសំរាមក្នុងតំបន់ទីប្រជុំជន ​ផ្សារ និងតំបន់ដែលមានការឆ្លងកាត់ញឹកញាប់ និងបន្តគាំទ្រការពារ និងការគ្រប់គ្រងបរិស្ថាន និងសំរាមនៅតំបន់ចុងគ្នាស និងភ្ជាប់តំបន់ទន្លេសាប។

៤៖ ​បន្តពង្រឹង និងពង្រីកការសាងសង់បង្គន់សាធារណៈឲ្យបានគ្រប់គ្រាន់ ពិសេសតាមគោលដៅទេសចរណ៍សំខាន់ៗ​ ក្នុងខេត្តសៀមរាប យ៉ាងហោចឲ្យបានបង្គន់សាធារណៈកម្ពុជា ៨-១០កន្លែងទៀត ឲ្យស្របតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា និងស្តង់ដាបង្គន់សាធារណៈអាស៊ាន ដោយជ្រើសទីតាំងឲ្យបានស្របនឹងចំនួនទេសចរ ដែលរួមជាមួយនឹងមជ្ឈមណ្ឌលពត៌មានទេសចរណ៍ ស្ថានីយចំណតរថយន្ត ឬមជ្ឈមណ្ឌលពាណិជកម្ម ឬនៅដាច់ដោយឡែក។

៥៖ ​ពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងនោះទប់ស្កាត់ក្មេងលក់ដូររំខានដល់ភ្ញៀវទេសចរដែលអាជ្ញាធរជាតិអប្សរា និងបន្តសហការជាមួយផ្នែកពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច និងអតីតយុវជន និងអង្គការនានា ដើម្បីរៀបចំ និងដាក់ចេញនូវវិធានការអប់រំ និងវិធានការរដ្ឋបាលជំនួសដោយការផ្តល់ការអប់រំដល់ក្មេងៗ និងមុខរបរជំនួសសម្រាប់ឱពុកម្តាយក្មេងៗនោះ។ បន្តគាំទ្រការអភិវឌ្ឍសហគមទេសចរណ៍នៅតំបន់បន្ទាយស្រី ដោយតម្រូវឲ្យមានការសហការគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់អជ្ញាធរអប្សារា និងកិច្ចសហការជាមួយស្ថាប័នជំនាញ ពិសេសមន្ទីទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីកសិកម្ម មន្ទីរធនធានទឹក។ល។

៦៖ ​ដើម្បីគាំទ្រលើការដោះស្រាយបញ្ហាប្រឈមនានា ដែលលើកទ្បើងដោយវិស័យឯកជនពាក់ព័ន្ធ និងសម្រាប់អនាម័យបរិស្ថាននៅក្រុងសៀមរាប អង្គប្រជុំបានឯកភាព និងគាំទ្រយុទ្ធនាការកម្ពុជាស្អាត Cambodia Clean-Up ដោយព្រមព្រៀងបង្កើតក្រុមការងារអចិន្រ្តៃយ៍រួមទាំងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន ភ្ញៀវទេសចរ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចាត់តាំងអភិវឌ្ឍឲ្យមានជាកម្មវិធីជាប្រចាំរៀងរាល់ចុងសប្តាហ៍។

៧៖ ​ដើម្បីគាំទ្របេក្ខភាពសៀមរាបក្នុងចលនាប្រទ្បងប្រណាំងទីក្រុងស្អាត រដ្ឋបាលថ្នាក់ក្រោមជាតិបន្តគិតគូរ និងរៀបចំឲ្យមានបង្គន់សាធារណៈស្របតាមស្តង់ដារ កន្លែងហាត់ប្រាណ សួនច្បារ តំបន់បៃតង សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចំណតរថយន្ត ផ្លូវថ្មើរជើង និងពង្រឹងយន្តការគ្រប់គ្រងការប្រមូលសំរាមក្នុងក្រុងសៀមរាបឲ្យកាន់តែមានប្រសិទ្ធភាព។

លោក ថោង ខុន បានគូសបញ្ជាក់ថា ទន្ទឹមនឹងការគិតគូរដោយការពង្រឹងការគ្រប់គ្រងក្នុងក្រុងសៀមរាប និងតំបន់អង្គរឲ្យស្អាត ​និងបៃតង ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យបានច្រើនថែមទៀត ពិសេសសហគមទេសចរណ៍ដែលមានសក្កានុពលនៅតំបន់ជុំវិញខេត្តសៀមរាប ក្នុងនោះមានសហគមជ្រាវ សហគមកំពង់ភ្លុក និងសហគមបន្ទាយស្រី សហគមន៍ទេសចរណ៍ចុងឃ្នាសជាដើម និងគោលដៅអេកូទេសរណ៍ព្រែលទាល់ ភ្នំគូលែន ដើម្បីបង្កើតជាផលិតផលទេសចរណ៍ថ្មីផ្តល់ជូនភ្ញៀវទេសចរ និងតាមរយៈសហគមទេសចរណ៍ និងគោលដៅទេសចរណ៍ថ្មីៗទាំងនោះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក និងចូលរួមដល់កិច្ចការពារ អភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព៕