(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ត្រីនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តចុះចល័តត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរយានជំនិះ បញ្ច្រាស់ទិស ការឈប់ ការចតល្មើសមាត្រា២៣ នៅតាមបណ្តាផ្លូវសំខាន់ៗ មួយចំនួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដោយសារនៅឆមាសទី១នេះ សង្កេតឃើញថា អាត្រាគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់នោះ ដើម្បីកាត់បន្ថយការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧តទៅ លោកនឹងដឹកនាំកម្លាំងចំនួន៨០នាក់ ជាមួយនឹងរថយន្តចំនួន ១០គ្រឿង ម៉ូត១០គ្រឿង ដើម្បីចុះចល័តត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរយានជំនិះ បញ្ច្រាស់ទិស ការឈប់ ការចតល្មើសមាត្រា២៣ នៅតាមបណ្តាផ្លូវសំខាន់ៗ មួយចំនួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯកសង្ឃឹមថា តាមរយៈការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជាចំណែកធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះក្នុងកម្រិតអប្បរមាពីមួយថ្ងៃទៅមួយថ្ងៃ ផ្តល់ការយល់ ដឹងអំពី សុវត្ថភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថភាពចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ផ្លូវគោក និងទប់ស្កាត់ ការប្រព្រឹត្តបទល្មើសដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។
លោកក៏សូមអំពាវនាវបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអោយបានល្អ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត៕