(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាក របស់ក្រុមគ្រួសារសពបុរសក្រីក្រម្នាក់ គ្មានលុយដឹកសពសាច់ញាតិទៅស្រុកកំណើតនោះ គណបក្សប្រជាជនកម្ពុជា ខណ្ឌទួលគោក សម្រេចចេញថ្លៃដឹកសពពីរាជធានីភ្នំពេញ ទៅស្រុកកំណើត ឯខេត្តកំពង់ចាម។
សូមជម្រាបថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅមុខចំណុចសាលាតិចណូ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ លូយ សុខផាត ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិត្រពាំងងាំង ឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តកំពង់ចាម។
ប្អូនប្រុសបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានហៅរថយន្តឈ្មួល ដើម្បីជិះចេញពីខេត្តកំពង់ចាម ក្នុងគោលបំណងយកបងប្រុសរបស់គាត់ (អ្នកស្លាប់) ទៅព្យាបាលនៅឯមន្ទីរពេទ្យព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឃ) ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៉ី ដល់មុខចំណុចសាលាតិចណូ រថយន្តឈ្មួលក៏បានដាក់ពួកគាត់ចុះ ដោយសារតែឃើញស្ថានភាពមិនសូវស្រួល។ ក្រោយពីដាក់ពួកគាត់ចុះពីលើរថយន្តរួចមក រថយន្តឈ្មួលក៏បានបើកចេញទៅបាត់។ ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះខាងលើបានធ្វើទុកយ៉ាងខ្លាំង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងពិនិត្យមើលរួច បានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកុមារជាតិ ដឹកសពខាងលើយកទៅដាក់ដំកល់ទុកនៅមន្ទីរពេទ្យរុស្សី ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕