(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានស្នើឲ្យ​​ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ពិចារណាក្នុងការស្នើឲ្យ អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាតុលាការ បើកការស៊ើបអង្កេតទៅលើប្រាក់ ដែលប្រមូលបានរបស់គណៈកម្មការមុន ដែលមានលោក ប៊ុត ប៉ុនតិញ និងលោក ប៉ា ងួនទៀង។

ប្រធានគណបក្សយុវជនកម្ពុជា រូបនេះអះអាងថា ការស្នើឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតនេះ ដើម្បីជាការផ្តល់យុត្តិធម៌ជូន​ដល់ សពលោកបណ្ឌិត កែម ឡី ក៏ជាបងប្អូនប្រជាពលរដ្ឋ ដែលបានចូលបុណ្យចូលរួមកសាងនាពេលកន្លង ហើយជាពិសេសសម្រាប់ការផ្តល់យុត្តិធម៌ដ៏ធំធេងដល់ ម្តាយចាស់ជរាលោកបណ្ឌិត កែម ឡី និងបងប្អូនរបស់លោកបណ្ឌិតផងដែរ។

លោក ពេជ្រ ស្រស់ ក៏បានឲ្យដឹងថា យុទ្ធនាការតាមបណ្តាខេត្ត លោក​សង្ឃឹមយ៉ាងខ្លាំង ចំពោះការចូលរួមបរិច្ចាគ របស់បងប្អូនដែលជាអ្នក កែម ឡី និយម ពីព្រោះលោកបណ្ឌិត កែម ឡី ត្រូវបានក្រុមគណបក្សនយោបាយមួយចំនួន បានចាត់ទុកលោកបណ្ឌិត ជាអ្នកស្នេហាជាតិ ជាវីរៈបុរស ប៉ុន្តែអ្វីដែលជាការគិតនោះ គឺផ្ទុយស្រឡះពីភាព ជាក់ស្តែងខ្លាំងណាស់ ពោលមានតំបន់មួយចំនួន មិនដែលស្គាល់លោកបណ្ឌិត កែម ឡី ផង ហើយនៅតាមតំបន់ មួយចំនួនទៀត គឺមានការរើសអើងខ្លាំងណាស់។

យ៉ាងណាមិញ លោកបញ្ជាក់ថា អ្នកដែលបានទៅដង្ហែរសពរបស់លោកបណ្ឌិត កែម ឡី កាលពីកន្លងមក គឺទៅដង្ហែរផ្អើលតាមក្រុម ឬអាចនិយាយបានថា ផ្អើលតាមបក្សប្រឆាំងផ្តាច់មុខនៅកម្ពុជាតែប៉ុណ្ណោះ គឺពួកគាត់មិនបានទៅដោយចិត្តគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី នោះទេ បើសិនជាពួកគាត់មិនផ្អើលតាមបក្សប្រឆាំងផ្តាច់មុខ នៅកម្ពុជាទេនោះ ម្ល៉េះចេតិយលោកបណ្ឌិត កែម ឡី អាចសាងសង់រួចរាល់ហើយ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏បានប្រគល់​ថវិកា ចំនួន​៣,០២០,០០០រៀល​ ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាង​ចេតិយ ជូនសព​លោកបណ្ឌិត កែម ឡីនោះ ​ជូនក្រុមគ្រួសារលោកបណ្ឌិតរួចរាល់ហើយ នៅឯស្រុកកំណើត ​ខេត្តតាកែវ។

នៅក្នុងសេចក្តីថ្លែងការណ៍លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ​ក្នុងយុទ្ធនាការនេះ គណបក្សយុវជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួន សរុបជាង២៣០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរស្នាក់នៅ និងហូបចុក នៅពេលចុះយុទ្ធនាការ ប៉ុន្ដែពួកយើងសប្បាយចិត្តក្នុងការងារជួយរកថវិកា ដើម្បីកសាងចេតិយជូន សពលោកបណ្ឌិត កែម ឡី ខុសពីគណៈកម្មការមុន មិនហ៊ានពុះពារឧបសគ្គដើម្បីការងារ បានតែអួតក្អេងក្អាងតែប៉ុណ្ណោះ ធាតុពិតគ្មានបានការឡើយ។

ជាមួយនឹងការទទួលថវិកានេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលមានលោកស្រី ភោគ សេ ជាម្ដាយ និងលោក ​កែម រិទ្ធិសិត ដែលជាប្អូនប្រុសនោះ បានសម្ដែងនូវក្ដីអបអរ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបើកយុទ្ធនាការរ៉ៃអង្គាសរយៈពេល៣០ថ្ងៃកន្លងមកនេះ៕