(ភ្នំពេញ)៖ ផែនការសម្ងាត់ដែលគណបក្សសង្គ្រោះជាតិ បានឃុបឃិតគ្នាជាមួយអង្គការ និងមូលនិធិរបស់សហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរបបដឹកនាំនៅកម្ពុជា ដូចដែលពួកគេធ្លាប់បានធ្វើដោយជោគជ័យនៅប្រទេសតំបន់អារ៉ាប់នោះ ត្រូវបានវាយបំបែកតាមរយៈការលេចធ្លាយនូវឯកសារសម្ងាត់ ភស្តុតាង ទំនាក់ទំនងបុគ្គលរវាងក្រុមចារកម្មអាមេរិក និងកូនចៅរបស់មេដឹកនាំបក្សប្រឆាំង និងគ្រោងការយុទ្ធសាស្ត្រផ្សេងទៀត។
ឯកសារភស្តុតាងទាំងនោះបង្ហាញថា បក្សប្រឆាំងបានអនុវត្តតាមចៅហ្វាយនាយអាមេរិករបស់ខ្លួន ដើម្បីនាំកម្ពុជាទៅក្នុងភាពវឹកវរអសន្តិសុខក្នុង បដិវត្តន៍ពណ៌ក្រោយ ពីបរាជ័យជាច្រើនលើកច្រើនសារក្នុងការផ្លាស់ប្តូរមេដឹកនាំ និងផ្តួលគណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោត។
ទោះបីជាបក្សសង្គ្រោះជាតិព្យាយាមក្នុងការដោះសារ ខិតខំប្រឹងធ្វើជាជនរងគ្រោះ និងទាញថាជាការមួលបង្កាច់ ឬលាបពណ៌ ភស្តុតាងស៊ីសង្វាក់គ្នាជាច្រើន បានបង្ហាញថា បក្សនេះកំពុងទទួលយកមនោគមន៍វិទ្យា ជំនួយបច្ចេកទេស និងអាចដល់ជំនួយថវិកាទៀតក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីបម្រើមហិច្ឆតាបរទេស គ្រប់គ្រងប្រទេសកម្ពុជាក្រោយការបោះឆ្នោតឆ្នាំ ២០១៨។
ចាប់តាំងពីឆ្នាំ២០១១មក ចាប់តាំងពីការរៀបចំច្របាច់បញ្ចូលគ្នារវាងបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្សរបស់ កឹម សុខា ជាគណបក្សតែមួយគឺសង្គ្រោះជាតិ នាពេលបច្ចុប្បន្នគឺជាស្នាដៃរបស់អង្គការ និងមូលនិធិរបស់សហរដ្ឋអាមេរិកជាអ្នកគាំទ្រ និងនៅពីក្រោយខ្នងទាំងអស់ ហើយធ្វើអ្វីៗក្រោមខ្សែញាក់របស់អាមេរិក។
ទាំងគោលនយោបាយ ទាំងយុទ្ធសាស្ត្រឃោសនាបោះឆ្នោត ទំនាក់ទំនងសាធារណៈ ការគ្រប់គ្រងព័ត៌មានរបស់គណបក្សសង្គ្រោះជាតិគឺសុទ្ធតែត្រូវបានជួយរៀបចំ ផ្តល់បច្ចេកទេសពីអង្គការ និងមូលនិធិរបស់អាមេរិកដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) មូលនិធិជាតិដើម្បី ប្រជាធិបតេយ្យ (NED) អង្គការ CANVAS ដែលគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍ និងមូលនិធិ SOROS ជាដើម។
អង្គការទាំងនេះបានរៀបចំមេរៀន និងយុទ្ធសាស្ត្រពិសេសដោយឡែកខុសពីការបង្រៀនដល់បក្សដទៃ សម្រាប់បង្រៀនដល់សកម្មជន និងមន្ត្រីបក្សប្រឆាំងដើម្បីយក ជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា រហូតដល់ប្រាប់កលល្បិចដល់បក្សប្រឆាំងប្រកាសថា ឈ្នះការបោះឆ្នោតមុនការបោះឆ្នោត ហើយញុះញង់ពលរដ្ឋឱ្យ ចុះតាមផ្លូវតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត និងចោទថាបក្សប្រជាជនកម្ពុជាបន្លំសន្លឹកឆ្នោតជាដើម ដើម្បីងាយស្រួលពួកគេជ្រៀតជ្រែក និងលូកកាន់តែជ្រៅចូលផ្ទៃក្នុងរបស់កម្ពុជា។
គណបក្សសង្គ្រោះជាតិក៏កំពុងតែលង់់ក្នុងយុទ្ធសាស្ត្ររបស់អាមេរិក អនុវត្តនូវគោលនយោបាយបរទេសទាំងងងឹតងងុលដើម្បីបំពេញមហិច្ឆតា យកកម្ពុជាដាក់ក្រោមអាណានិគមបែបថ្មីរបស់មហាអំណាចអាមេរិក។ អាមេរិកដែលតែងតាំងខ្លួនជាបងធំពិភពលោក និងជាមាតាប្រជាធិបតេយ្យពិភពលោក តែការអនុវត្តរបស់ខ្លួនផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែងតែអនុវត្តនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសមួយ ឬប្តូរមេដឹកនាំប្រទេសដែលមិនស្ថិតក្រោមរណបខ្លួន។ នយោបាយប្តូររបប ឬមេដឹកនាំបរទេសនេះត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសបោះបង់ចោល។ ប៉ុន្តែស្ថាប័នអង្គការនិងមូលនិធិរបស់អាមេរិកមួយចំនួននៅតែអនុវត្តគោលនយោបាយចាស់ គំរិល និងប្រឆាំងនឹងអ្វីដែលប្រធានាធិបតីខ្លួនបានប្រកាស។
គណបក្សសង្គ្រោះជាតិ និងអង្គការនិងមូលនិធិរបស់សហរដ្ឋអាមេរិកបានរៀបចំផែនការជាមួយគ្នាយ៉ាងប្រទាក់ក្រឡា ដើម្បីត្រៀមធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដោយប្រើបាតដៃរបស់បក្សប្រឆាំងដើម្បីកកូរកកាយ បង្កចលាចលក្នុងបំណងបម្រើមហិច្ឆតានយោបាយរបស់ចៅហ្វាយនាយរបស់ខ្លួន។ អង្គការ និងមូលនិធិរបស់ អាមេរិមទាំងនេះបានជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈ ការបោះឆ្នោត ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈបក្សប្រឆាំងដើរតួនាទី ធ្វើជាអ្នកជាតិនិយម អ្នកស្នេហាជាតិ និងគិតគូរពីជាតិនិងប្រជាជនដើម្បីបន្លំ បំភ្លៃប្រជាជនកម្ពុជាថាខ្លួនជាអ្នកស្រឡាញ់ជាតិពិតប្រាកដ។ ប៉ុន្តែតាមពិតគឺជាឆាកល្ខោននយោបាយយុទ្ធសាស្ត្ររបស់អាមេរិកលើបក្សប្រឆាំងប៉ុណ្ណោះ។
តើកម្ពុជាជារដ្ឋអធិបតេយ្យមួយមានសិទ្ធិក្នុងការអនុវត្តច្បាប់របស់ខ្លួនទេដើម្បីការពារថែរក្សាសន្តិភាពនិងការអភិវឌ្ឍដែលមានទេ?
តើកម្ពុជាមានសិទ្ធិក្នុងការការពារអធិបតេយ្យភាពខ្លួន មិនឱ្យមានការជ្រៀតជ្រែកពីបរទេសទេ?
នៅក្នុងបរិបទអន្តរជាតិ សហរដ្ឋអាមេរិកខ្លួនឯងបានប្រកាន់ជំហរការពារអធិបតេយ្យខ្លួនមិនឱ្យមានការជ្រៀតជ្រែកពីបរទេស ជាពិសេសពីប្រទេសរុស្ស៊ី នៅក្នុងកិច្ចការបោះឆ្នោតរបស់ខ្លួន។ កម្ពុជាក៏មានសិទ្ធិពេញលេញក្នុងការអនុវត្តច្បាប់ និងទប់ទល់ការជ្រៀតជ្រែកកិច្ចការផ្ទៃនៅក្នុងកម្ពុជាដែរ។ នៅក្នុងបរិបទអន្តរជាតិដដែល ប្រទេសរុស្ស៊ីនិងប្រទេសមួយចំនួនទៀតបានការពារមិនឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស ខ្លួនតាមរយៈភ្នាក់ងារបរទេសក្នុងប្រទេសខ្លួនហើយក៏បានបណ្តេញអង្គការមួយចំនួនចេញពីប្រទេសដោយសុខចិត្តឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ររបស់ខ្លួនថាជាប្រទេសមិនប្រជាធិបតេយ្យជាជាង ទុកឱ្យអង្គការក្រោមឥទ្ធិពល និងរបៀបវារៈនយោបាយទាំងនោះបង្កាត់ភ្លើងវឹកវរនៅក្នុងប្រទេសខ្លួន។
ក្នុងករណីនេះ គេអាចយល់ថា ប្រទេសមហាអំណាចសហរដ្ឋអាមេរិកនិងរុស្ស៊ី ខិតខំក្នុងការទប់ស្កាត់ ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួនរៀងៗខ្លួន ហើយថាការជ្រៀតជ្រែកក្នុងកិច្ចការនយោបាយផ្ទៃក្នុងខ្លួន ពិតជាមិនអាចទទួលយកបានឡើយសម្រាប់ប្រទេសអធិបតេយ្យមួយ។ កម្ពុជាក៏ដូចគ្នាដែរគឺមិនអាច ទទួលយកបានឡើយ នឹងមិនបណ្តោយឱ្យក្រុមបក្ស ឬបរទេសណាមួយបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ដែលប្រទេសនេះរកមកបានដោយពិបាក ហែលឆ្លងកាត់ឈាមនិងទឹកភ្នែក ស្លាប់បាត់បង់ជីវិតមនុស្ស រាប់លាននាក់ រងការបំផ្លិចបំផ្លាញជាគំនរផេះផង់នោះទេ។
ដំបូងមើលទៅឃើញថា ក្រុមអង្គការនិងមូលនិធិអាមេរិកទាំងនេះជួយប្រជាជនកម្ពុជា តែតាមពិតអាមេរិកបានប្រើបក្សប្រឆាំងធ្វើជាឧបករណ៍ដើម្បីយកកម្ពុជា ដាក់ក្រោមអណានិគមសម័យទំនើបរបស់ខ្លួនប៉ុណ្ណោះ។ បក្សសង្គ្រោះជាតិកំពុងស្ថិតនៅក្រោមឥទ្ធិពលអាមេរិក និងអនុវត្តនយោបាយគ្រប់គ្រងនិយមរបស់អាមេរិក និងគ្មានចេតនាជួយរាស្ត្រពិតប្រាកដឡើយ មានគំនិតបរទេសនិយម។
បើបក្សប្រឆាំងអាចឡើងគ្រប់គ្រងអំណាចបាន ដូចលើកកម្ពុជាទាំងមូលដាក់លើជើងពានជូនឱ្យអាមេរិកគ្រប់គ្រងដូច្នេះដែរ។ តើឯណាទៅបូរណភាពដែនដី និងអធិបតេយ្យភាពជាតិខ្មែរ? ខ្មែរដូចបក្សសង្គ្រោះជាតិលើកតម្កើងទង់ជាតិអាមេរិក ប៉ុន្តែអាមេរិកមិនលើកតម្កើងទង់ជាតិខ្មែរឡើយ ហើយបណ្តាំប្រវត្តិសាស្ត្រ បានប្រាប់ខ្មែរគ្រប់រូបហើយថា អាមេរិកជួយរបបសាធារណរដ្ឋខ្មែរ លន់ នល់ នៅពេលត្រូវការកម្លាំងជួយខ្លួនក្នុងសង្គ្រាមនៅឥណ្ឌូចិន ប៉ុន្តែមេដឹកនាំនៃរបបនេះ ត្រូវបានអាមេរិកបោះចោលដូចសំរាម ពេលគ្មានតម្លៃសម្រាប់ពួកគេហើយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលធ្លាប់ជាកូនចឹងអាមេរិក ជឿជាក់លើអាមេរិក បានត្រឹមតែបង្ហាញវិប្បដិសារីថា ខ្លួនមានកំហុសដែលជឿលើអាមេរិកប៉ុណ្ណោះ។ ដូច្នេះយើងជាខ្មែរត្រូវនៅរួបរួមជាមួយអ្នកជាតិនិយមពិតប្រាកដ ហើយមិនត្រូវការអ្នកបរទេសនិយមដូចជាគណបក្ស និងមេដឹកនាំបក្សសង្គ្រោះជាតិកំពុងបម្រើផលប្រយោជន៍បរទេសឡើយ។ យើងទាំងអស់គ្នាជ្រោងទង់ជាតិខ្មែរ!៕
ដោយ៖ ចៅចាក់ស្មុក