(ភ្នំពេញ)៖ អគ្គនាយករដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីខ្លួនបានចេញលិខិត ស្តីពីការកំណត់ពន្ធឡើងវិញ ចំពោះកាសែត The Cambodia Daily ដែលបានគេចវេសការបង់ពន្ធរយៈពេល១០ឆ្នាំ ជំពាក់ប្រាក់ពន្ធរដ្ឋាភិបាលប្រមាណ៦លានដុល្លារនោះ តំណាងកាសែតនេះ បានធ្វើការតវ៉ាចំនួន២ដង និងថែមទាំងបានចូលពិភាក្សា ដោយផ្ទាល់អំពីការកំណត់ពន្ធនេះ ប៉ុន្តែតំណាងកាសែតនេះ ខ្លួនឯងស្ទើរតែមិនមានពាក្យអ្វីត្រូវហាស្តី ឬហាមាត់និយាយមិនរួចផងចំពោះទឡ្ហីករណ៍ នៃការកំណត់ពន្ធឡើងវិញនេះ។
យោងតាមលិខិតបំភ្លឺបន្ទាប់មួយ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ នាល្ងាចថ្ងៃទី២៩ ខែសីហាម្សិលមិញ បានសង្កត់ធ្ងន់ថា សូម្បីតែតំណាងកាសែត The Cambodia Daily ខ្លួនឯងស្ទើរតែមិនមានពាក្យអ្វីត្រូវហាស្តី ឬហាមាត់និយាយមិនរួចផង ចំពោះទឡ្ហីករណ៏នៃការកំណត់ពន្ធឡើងវិញនេះ ប៉ុន្តែបែរជាខិតខំបង្វែរស្ថានការណ៍ នៃការមិនគោរពការតព្វកិច្ចបង់ពន្ធរបស់ខ្លួន ទៅជាបញ្ហានយោបាយ ហើយស្នើឱ្យរដ្ឋាភិបាល នៃប្រទេសផ្សេងទៀត ជួយអន្តរាគមន៍លើរឿងនេះទៅវិញ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមជាថ្មីម្តងទៀតថា «ប្រសិនបើកាសែតនេះ នៅតែមិនព្រមបង់ពន្ធ ខ្លួនគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់នោះទេ ព្រោះថាអគ្គនាយកដ្ឋានពន្ធដារ គឺជាអង្គភាពដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ នូវបទប្បញ្ញត្តិច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានចំណាយពេលវេលារាប់ឆ្នាំ ក្នុងការស៊ើបអង្កេតប្រមូលផ្តុំព័ត៌មាន ពាក់ព័ន្ធនឹងកាសែត The Cambodia Dailyសម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់ពន្ធឡើងវិញនេះ ហើយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ គឺគ្រាន់តែជាកាលបរិច្ឆេទ នៃការសម្រេចចេញលទ្ធផល នៃការកំណត់ពន្ធតែប៉ុណ្ណោះ»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ គឺសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃឱសានវាទចុងក្រោយ ដែលអគ្គនាយករដ្ឋានពន្ធដារ កំណត់ឲ្យកាសែត Cambodia Daily តវ៉ាអំពីការកំណត់ពន្ធ ដែលបានជំពាក់រដ្ឋរយៈពេល១០ឆ្នាំ ចំនួនប្រហែល៦លានដុល្លារអាមេរិក។
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ គឺជាថ្ងៃគម្រប់១ខែ ដែលអគ្គនាយករដ្ឋានពន្ធដារ ទុកពេលឲ្យ កាសែត Cambodia Daily ធ្វើការតវ៉ាអំពីបញ្ហាជំពាក់ពន្ធ។ ចាប់ពីថ្ងៃទី០៤ ខែកញ្ញាតទៅ អគ្គនាយដ្ឋានពន្ធដារនឹងចេញលិខិតផ្លូវការមួយទៀត បញ្ជាក់ថា កាសែត Cambodia Daily ជំពាក់បំណុលពន្ធ ហើយពន្ធដារនឹងចាប់ផ្តើមអនុវត្តន៍ការរឹបអូសពន្ធនេះ។
បើតាមការបញ្ជាក់របស់ លោក គង់ វិបុល អគ្គនាយកពន្ធដារ នាពេលកន្លងមក ធ្លាប់បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាសែតនេះមិនបង់ពន្ធជូនរដ្ឋទេនោះ។
លោក គង់ វិបុល បញ្ជាក់ទៀតថា «ចំពោះការអនុវត្តន៍ការរឹបអូសពន្ធនេះ នឹងត្រូវធ្វើតាមច្បាប់សារពើពន្ធ ដោយមានការព្យួរអាជ្ញាប័ណ្ណ បង្កកគណនីក្រុមហ៊ុន ផ្អាកការនាំចេញនាំចូល ហើយឈានដល់ការបិទកាសែតទាំងស្រុងតែម្តង ប្រសិនបើកាសែតនេះ មិនបង់ពន្ធជូនរដ្ឋទេនោះ»។
សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតមួយ ស្តីពីការកំណត់ពន្ធឡើងវិញ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ ផ្ញើជូននាយកសហគ្រាស៖ គឺ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. (កាសែត Cambodia Daily) អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោក ត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមាន ក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល»។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែល ជាង៦លានដុល្លារសហរដ្ឋអាមេរិក៕